ជាតិ
រថយន្ត
សង្គមជាតិ
កម្មវិធីប្រណាំងស៊ីក្លូនឹងធ្វើនៅថ្ងៃទី២៦ខែឧសភាខាងមុខដើម្បីលើកកម្ពស់អ្នកធាក់ស៊ីក្លូ
× ភ្នំពេញ៖ ដើម្បីលើកកម្ពស់អ្នកធាក់ស៊ីក្លូ និងមុខរបរធាក់ស៊ីក្លូ ក៏ជាការរួមចំណែកផ្សព្វផ្សាយដល់ភ្ញៀវក្នុងស្រុក និងក្រៅប្រទេសផង សមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ បានសហការជាមួយទីភ្នាក់ងារទេសចរណ៍កម្ពុជា រៀបចំកម្មវិធីប្រណាំងស៊ីក្លូក្រោមប្រធានបទ “អភិរក្សស៊ីក្លូដើម្បីទេសចរណ៍” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៩ខាងមុខ។
លោក អ៊ឹម សម្បត្តិ ប្រធានសមាគអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ បានប្រាប់សារព័ត៌មានថ្មីៗថា កម្មវិធីប្រណាំងស៊ីក្លូនេះ នឹងជាឱកាសដ៏ល្អមួយក្នុងការបង្ហាញពីគុណភាពស៊ីក្លូ ក្នុងការរួមចំណែកលើវិស័យទេសចរណ៍ទាំងភ្ញៀវក្នុងស្រុក និងក្រៅប្រទេសផងដែរ។
កម្មវិធីប្រណាំងស៊ីក្លូដែលនឹងធ្វើនៅកោះពេជ្រនាពេលខាងមុខនេះ មានរយៈចម្ងាយ ៩០០ម៉ែត្រ។ បេក្ខជនប្រកួតត្រូវបានជ្រើសរើសតែអ្នកដែលមានសុខភាពល្អ ដោយមិនមានជំងឺ ឬមានវ័យចាស់ពេក។ សម្រាប់ស៊ីក្លូវិញ ត្រូវតែមានគុណភាព។ សម្រាប់ការប្រណាំងនេះ មានស៊ីក្លូចូលរួមចំនួន៦៩គូ។
បេក្ខជនជ័យលាភីលេខ១និងទទួលបានរង្វាន់លើកទឹកចិត្ត រួមទាំងប្រាក់រង្វាន់ ១០០ដុល្លារ។ សម្រាប់ជ័យលាភីលេខ២ទទួលបានរង្វាន់លើកទឹកចិត្ត និងប្រាក់រង្វាន់៨០ដុល្លារ និងជ័យលាភីលេខ៣ទទួលបានរង្វាន់លើកទឹកចិត្ត និងប្រាក់រង្វាន់៦០ដុល្លារ។ រីឯអ្នកដែលមិនទទួលបានចំណាច់ថ្នាក់ក៏ទទួលបានប្រាក់លើកទឹកចិត្ត ១០ម៉ឺនរៀលដែរ។
សូមបញ្ជាក់ថាកម្ពុជាធ្លាប់មានកម្មវិធីប្រកួតប្រណាំងស៊ីក្លូម្ដងនៅឆ្នាំ១៩៩៥ ក្រោយបែកសង្គ្រាម។ ឆ្នាំ២០១៩នេះ ជាការប្រកួតប្រណាំងស៊ីក្លូលើកទី២។ លោក អ៊ឹម សម្បត្តិ ប្រធានសមាគអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ នៅមិនទាន់អាចកំណត់បានថា ការប្រកួតស៊ីក្លូលើកទី៣អាចនឹងមានឬក៏អត់នោះទេ។ តែលោកថាបើសិនជាធ្វើ អាចរំលងប្រហែល២ទៅ៣ឆ្នាំក្រោយ៕
Tag:
ស៊ីក្លូ
ប្រណាំងស៊ីក្លូ
សមាគមស៊ីក្លូ
ទីភ្នាក់ងារទេសចរណ៍កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com