ជាតិ
សេដ្ឋកិច្ច
ក្រសួងទេសចរណ៍ រំពឹង​ទទួលបាន​ភ្ញៀវទេសចរ​ជប៉ុន​ជាង ២៣ ម៉ឺន​នាក់ ក្នុង​ឆ្នាំ​២០១៩
05, May 2019 , 5:30 pm        
រូបភាព
​កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​ជប៉ុន​ជាង ២៣​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០១៩​នេះ ក្រោយ​មានការ​គាំទ្រ​ជាថ្មី​ពី​រដ្ឋាភិបាល​ជប៉ុន​។ រដ្ឋមន្ត្រីការបរទេស​ជប៉ុន បាន​ប្ដេជ្ញា​ថា​នឹង​ជំរុញ​លំហូរ​ទេសចរ និង​វិនិយោគិន​ជប៉ុន មកកាន់​ប្រទេស​កម្ពុជា​បន្ថែមទៀត​។

 
​លោក kenji Yamada អនុរដ្ឋមន្ត្រី​នៃ​ក្រសួងការបរទេស​ជប៉ុន បាន​ថ្លែង​ក្នុង​កម្មវិធី​ពិព័រណ៍​កម្ពុជា​ឆ្នាំ​២០១៩ នៅ​ទីក្រុង​តូ​ក្យូ កាលពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​ឱកាស​វិនិយោគ​ដ៏​ទាក់ទាញ​ប្រកបដោយ​សក្តានុពល និង​សំបូរ​ដោយ​កម្លាំង​ពលកម្ម​វ័យក្មេង​។ ដោយសារតែ​ប្រទេស​ទាំងពីរ មាន​កិច្ចសហប្រតិបត្តិការ​ដ៏​យូរលង់​ហើយ​នោះ រដ្ឋាភិបាល​ជប៉ុន ប្ដេជ្ញា​ថា​នឹង​ជំរុញ​លំហូរ​ទេសចរ និង​វិនិយោគិន​ជប៉ុន​មក​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែច្រើន​ថែមទៀត​។ 
 
​ជាមួយគ្នានេះ​លោក Masahiro Imamura ប្រធាន​សម្ព័ន្ធ​មិត្តភាព​សភា​ជប៉ុន​-​កម្ពុជា បាន​និយាយថា ជើង​ហោះ​ត្រង់​រវាង​តូ​ក្យូ -​ភ្នំពេញ មានដំណើរ​ការល្អ ដែល​បាន​ចូលរួមចំណែក​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ជប៉ុន -​កម្ពុជា កាន់តែ​ខ្លាំងក្លា​ថែមទៀត​។ 
 
​លោក​បាន​និយាយថា​៖«​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ដ៏​ក្រៀមក្រំ ហើយ​ទទួល​ការអភិវឌ្ឍ​រឹងមាំ​នាពេល​បច្ចុប្បន្ន ហើយ​ប្រទេស​ជប៉ុន​បាននិងកំពុង​ជំរុញ​នូវ​ការបង្កើត​ឱកាស​មួយ​សម្រាប់​ជនជាតិ​បរទេស​ដើម្បី​រៀន សូត្រ​ឬក៏​ធ្វើការ ហើយ​យើង​មាន​សេចក្តី​រីករាយ​ណាស់​ប្រសិនបើ​ជនជាតិខ្មែរ មក​រៀន ឬ​មក​ធ្វើការ បានទទួល​ចំណេះដឹង ក៏ដូចជា​បទពិសោធន៍​ពី​ប្រទេស​ជប៉ុន ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ ហើយ​ប្រើប្រាស់​សម្រាប់​ជា​ប្រយោជន៍​ដល់​កម្ពុជា​»​។​
 
​ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៩ នេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង ១,២ លាន​នាក់ ក្នុងនោះ​ទេសចរ​ជប៉ុន​មាន​ជិត​៤ ម៉ឺន​នាក់ ក្នុង​កំណើន ៣,១ ភាគរយ​។ ទេសចរ​ជប៉ុន​ស្ថិតក្នុង​ចំណោម​ប្រភព​ទីផ្សារ​ទេសចរណ៍​ធំៗ​ទាំង​១០​របស់​កម្ពុជា​។ កាលពី​ឆ្នាំ​២០១៨​កន្លងទៅនេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង ៦.២​លាន​នាក់ ក្នុង​កំណើន ១០.៧ ភាគរយ ក្នុងនោះ​ទេសចរ​ជប៉ុន​មាន​ចំនួន​ជាង ២១​ម៉ឺន​នាក់ ក្នុង​កំណើន ៣,៥ ភាគរយ​។​
 
​ក្រសួងទេសចរណ៍ និង​អ្នកពាក់ព័ន្ធ​បានរៀបចំ​មហោស្រព​កម្ពុ​ជា ឆ្នាំ​២០១៩ (Cambodia Festival 2019) លើក​ទី​៥ នៅ​ប្រទេស​ជប៉ុន ដើម្បី​ផ្សព្វផ្សាយ និង​លើកកម្ពស់​សិល្បៈ វប្បធម៌ វិស័យ​ទេសចរណ៍ និង​មុខមាត់​កម្ពុជា ព្រមទាំង​សំដៅ​ជំរុញ​ផ្សព្វផ្សាយ​សក្កា​នុព​ល​ទេសចរណ៍​កម្ពុជា​លើ​ទីផ្សារ​ជប៉ុន ក៏ដូចជា​ការពង្រឹង​ចំណងមិត្តភាព​កម្ពុជា​-​ជប៉ុន​ផងដែរ​៕

Tag:
 ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com