ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរអាន! អាហារដែលល្អសម្រាប់សុខភាព “ខួរក្បាល” របស់កុមារ
× ការផ្ដល់ឲ្យកូនរបស់លោកអ្នកនូវអាហារត្រឹមត្រូវកំឡុងពេលពួកគេស្ថិតក្នុងដំណាក់កាលធំធាត់ឡើងនោះ គឺសំខាន់ខ្លាំងណាស់សម្រាប់សុខភាពរាងកាយទាំងមូល ជាពិសេសភាពឆ្លាតវៃនៃខួរក្បាល។ ថាតើអាហារអ្វីខ្លះទៅដែលល្អបំផុតសម្រាប់សុខភាពខួរក្បាលកុមារ?
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីអាហារដែលឪពុកម្ដាយគួរឲ្យកូនទទួលទាន ដើម្បីអាចឲ្យខួរក្បាលរបស់កុមារទទួលបានសារធាតុចិញ្ចឹមត្រឹមត្រូវក្នុងការដំណើរការមុខងារ ៖
១. យ៉ាអួរ Greek ៖ មានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អដែលចាំបាច់សម្រាប់សុខភាពខួរក្បាល។ លើសពីនេះទៅទៀត យ៉ាអួរ greek ក៏មានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូម, ប្រូបាយអូទិក ក៏ដូចជាបាក់តេរីល្អៗជួយសម្រួលដល់ដំណើរការនៃការរំលាយអាហារផងដែរ។ អ្នកក៏អាចបន្ថែមសូកូឡាខ្មៅខ្លះលើយ៉ាអួរអោយកូនទទួលទាន ដោយសូកូឡាខ្មៅដែលផ្សំឡើងពីកាកាវ ៧០ភាគរយ មានផ្ទុកសារធាតុ polyphenols ដែលខួរក្បាលត្រូវការ។
២. ស៊ុត ៖ ជាអាហារដ៏មានសុខភាពល្អ ដោយផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ដែលខួរក្បាល រួមទាំងរាងកាយទាំងមូលត្រូវការ។ លើសពីនេះទៅទៀត ស៊ុត ជាប្រភពដ៏ប្រសើរនៃសារធាតុ choline ដែលសំខាន់ជួយការអភិវឌ្ឍខួរក្បាលរបស់កុមារគួរឲ្យ កត់សម្គាល់។
៣. អាហារផ្សេងទៀតដែលល្អសម្រាប់សុខភាពខួរក្បាលកុមារនោះ គឺបន្លែបៃតង។ បន្លែងបៃតងជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមចាំបាច់ រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយដល់ការលូតលាស់នៃកោសិកាខួរក្បាល។
៤. ទឹកដោះគោគ្មានជាតិខ្លាញ់ ក៏ប្រសើរសម្រាប់សុខភាព និងការអភិវឌ្ឍនៃខួរក្បាលកុមារផងដែរ ដោយវាមានផ្ទុកសម្បូរទៅដោយវីតាមីន D, កាល់ស្យូម, ប្រូតេអ៊ីន និងផូស្វ័រ។
៥. កុមារក៏គួរទទួលទាននូវអាហារដែលជាប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែរ ដើម្បីរក្សាបាននូវសុខភាពខួរក្បាលល្អប្រសើរ។ អាស៊ីតខ្លាញ់អូមេហ្កា ៣ សំខាន់ណាស់សម្រាប់ការវិវឌ្ឍន៍ខួរក្បាល និងភ្នែករបស់កុមារ។ ហើយត្រីសម្បូរខ្លាញ់ គឺជាប្រភពដ៏ល្អបំផុតនៃអាស៊ីតខ្លាញ់ប្រភេទនេះ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com