ជាតិ
សង្គមជាតិ
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បំពាក់ឧបករណ៍ស្រូបសំណើមពីបរិយាកាស សម្រាប់ទុកឲ្យពលរដ្ឋប្រើប្រាស់រដូវក្តៅ សកម្មភាពក្រុមការងាររបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគីរី កំពុងតែដំឡើងឧបករណ៍ស្រូបយកសំណើមជាតិទឹកពីបរិយាកាស
× ភ្នំពេញ៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បំពាក់ឧបករណ៍សម្រាប់ស្រូបយកទឹកសន្សើមពីបរិយាកាស ដើម្បីទុកឲ្យពលរដ្ឋប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនៅគ្រារដូវក្តៅ ។ ឧបករណ៍នេះ ត្រូវបានបំពាក់នៅដែនជម្រកសត្វព្រៃស្រែពក ដែលជាកន្លែងសម្បូរទៅដោយធនធានធម្មជាតិជីវៈចម្រុះ និងផូស៊ីល។ នេះបើផ្អែកតាមក្រសួងបរិស្ថានដែលបានចេញផ្សាយនៅថ្ងៃទី០៥ ខែមេសា ។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរីបានអះអាងថា ឧបករណ៍នេះ គឺជាការប្រើបច្ចេកវិទ្យាថ្មីសន្លាង សម្រាប់ស្រូបយកសំណើមជាតិទឹកពីបរិយាកាស ដើម្បីស្តុកទុកទឹកឲ្យមន្ត្រីឧទ្យានុរក្សប្រើប្រាស់។ លោក កែវ សុភគ៌ បានបញ្ជាក់ទៀតថា ឧបករណ៍នេះជាជំនួយឧបត្ថម្ភគាំទ្រដោយអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF)។ បើតាមលោក កែវ សុភគ៌ ឧបករណ៍នេះអាចស្រូបទឹកប្រមាណ២០លីត្រក្នុងមួយថ្ងៃ។
សកម្មភាពក្រុមការងាររបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគីរី កំពុងតែដំឡើងឧបករណ៍ស្រូបយកសំណើមជាតិទឹកពីបរិយាកាស
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរីរូបនេះ បានសហការជាមួយអង្គការដៃគូ WWF នឹងត្រៀមដឹកទឹកដោយប្រើស៊ីទែន យកទៅបង្ហូរចូលទៅក្នុងថ្លុកត្រពាំងទឹកច្រប់មួយចំនួននៅក្នុងព្រៃនៃដែនជម្រកសត្វព្រៃស្រែពក ដែលជាទីសម្រាប់សត្វព្រៃចូលចិត្តមកផឹកទឹកជាប្រចាំផងដែរ៕
Tag:
បរិស្ថាន
ទឹក
អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com