រថយន្ត
អន្តរជាតិ
ប្រេងសាំង​នៅ​បារាំង​កាន់តែ​ឡើងថ្លៃ​លើកដំបូង បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​
06, May 2019 , 8:39 pm        
រូបភាព
ដោយ: ធីតា
​តម្លៃ​ប្រេងសាំង​នៅ​ប្រទេស​បារាំង បាន​ឡើងថ្លៃ​ខ្ពស់ បើ​គិត​ចាប់តាំងពី​ខែមេសា ឆ្នាំ​២០១៣​មក​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងបរិស្ថាន​បារាំង ដែល​ក្នុងនោះ​មាន​ការឡើង​ខ្ពស់បំផុត​នៅ​ខែតុលា ឆ្នាំ​២០១៨ មុនពេល​មាន​ចលនា​បាតុកម្ម​របស់​ក្រុម​អាវកាក់​ពណ៌​លឿង​។​

 
AFP បាន​ផ្សាយ​ឲ្យ​ដឹងថា ប្រេងឥន្ធនៈ​ដែល​លក់​នៅតាម​បណ្តា​ស្ថានីយ៍ មាន​ប្រេងសាំង​៨០​ភាគរយ ដោយ​តម្លៃ ១. ៤៨១៨​អឺរ៉ូ (១.៦៦​ដុល្លារ​អាមេរិក​) ក្នុង​១​លីត្រ ដោយ​កើន ១,៤៧​សេន​។ ប្រេងសាំង​ប្រភេទ Sans-plomb 95 កើនឡើង​ជាងគេ​នា​រយៈពេល​ចុងក្រោយ​នេះ​។ 
 
​ប្រមាណ​៥​ខែ​មកហើយ​ដែល​ក្រុម​ចលនា​អាវកាក់​លឿង​នៅ​បារាំង ធ្វើបាតុកម្ម​ប្រឆាំងនឹង​គោលនយោបាយ​សង្គមកិច្ច ពន្ធដា របស់​រដ្ឋាភិបាល​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ហើយ​ស្របពេល​ជាមួយគ្នានេះ តម្លៃ​ប្រេងសាំង​មានការ​ឡើងជា​លំដាប់ ដោយសារតែ​កត្តា​អន្តរជាតិ ដូចជា អត្រា​ដូរ​លុយ​អឺរ៉ូ​-​ដុល្លារ កម្រិត​នៃ​ស្តុក​ផលិត​ប្រេង និង​តម្រូវការ​ច្រើន ក៏ដូចជា​គោលការណ៍​ត​ម្លើ​ង​ពន្ធ​ផ្សេងៗ​។​
 
​បើ​គិត​ចាប់តាំងពី​ដើមឆ្នាំ​២០១៩​មក ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន ជាពិសេស​ឆ​ន្ទះ​របស់​បណ្តា​ប្រទេស​នាំ​ប្រេង​ចេញ​របស់​អង្គការ OPEC និង​សម្ព័ន្ធមិត្ត​នៅមានកម្រិត ក៏ដូចជា​វិបត្តិ​នៅ​ប្រទេស​ជាច្រើន ដូចជា​វ៉េ​ណេ​ស៊ុយ​អេ​ឡា អ៊ីរ៉ង់ និង​លី​ប៊ី ជាដើម​។​
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​បរិស្ថាន​បារាំង លោក Francois de Rugy បានលើកឡើង​ពី​យន្តការ​ពន្ធ ជាពិសេស​គោលដៅ​ទប់ស្កាត់​ការឡើង​ចុះ​នៃ​តម្លៃ​ប្រេង​។  លោក​ជឿថា អ្វីៗ​នឹង​មិនមាន​ស្ថានភាព​អាក្រក់​ដូច​កាលពី​ឆ្នាំ​២០០០​នោះឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com