បេឡា​ជាតិ​៖ កម្មករនិយោជិត ២០០​នាក់ បាន​បាត់​បង់ជីវិត​ដោយសារ​ការងារ ក្នុង​ឆ្នាំ​២០១៨
ជាតិ
បេឡា​ជាតិ​៖ កម្មករនិយោជិត ២០០​នាក់ បាន​បាត់​បង់ជីវិត​ដោយសារ​ការងារ ក្នុង​ឆ្នាំ​២០១៨
07, May 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ កម្មករនិយោជិត​២០០​នាក់ បាន​ស្លាប់បាត់​បង់ជីវិត ខណៈ​អ្នករងរបួស​៣៤,៦០៨ នាក់ នៃ​ហានិភ័យ​ការងារ នៅក្នុង​ឆ្នាំ​២០១៨ ដែលមាន​ការថយចុះ​ចំនួន ១៩.៤៥ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ដែលមាន​រងគ្រោះ ៤៧,៤៩៦ នាក់​។ នេះ​បើតាម​របាយការណ៍​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ប្រចាំឆ្នាំ​២០១៨​។​

 
​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ដែល​ទទួលបាន​របាយ​ការណ៍​ហានិភ័យ​ការងារ​ពី​បណ្ដា​សហគ្រាស គ្រឹះស្ថាន ទូទាំងប្រទេស បាន​បង្ហាញថា ក្នុង​ឆ្នាំ​២០១៨ មាន​កម្មករ​រងគ្រោះ​ដោយសារ​ហានិភ័យ​ការងារ​ចំនួន ៣៤,៨០៨ នាក់ ក្នុងនោះ​កម្មករ​គ្រោះថ្នាក់​នៅ​កន្លែងធ្វើការ​ចំនួន ២៥,២០៦​នាក់ ,​គ្រោះថ្នាក់​ចរាចរណ៍​ពេលធ្វើ​ដំណើរ​ចំនួន ៩,៥៣០​នាក់ និង​ផ្សេងៗ​ចំនួន ៧២​នាក់ ហើយ​ចំពោះ​ជំងឺ​វិជ្ជាជីវៈ​មិនមាន​នោះទេ​។ របាយការណ៍​ប​.​ស​.​ស ដដែល បាន​បន្ថែមថា កម្មករ​រងគ្រោះ​ដោយសារ​ហានិភ័យ​ការងារ​នោះ មាន​អ្នក​បាត់បង់​ជីវិត​ចំនួន ២០០​នាក់​, រងរបួស​ធ្ងន់​ចំនួន ២,៧១១ នាក់​, និង​របួសស្រាល ៣១,៨៩៧ នាក់​។​
 
​បើតាម ប​.​ស​.​ស តួលេខ​ស្លាប់ និង​ការចំណាយ​សំណង​ហានិភ័យ​ការងារ​ក្នុង​ឆ្នាំ​២០១៨ បាន​ថយចុះ​ចំនួន ១៩.៤៥ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ដែលមាន​អ្នកស្លាប់​២២២​នាក់ ក្នុងចំណោម​អ្នករងគ្រោះថ្នាក់​៤៧,៤៩៦ នាក់​។  
 
​ក្រៅពី​ករណី​គ្រោះថ្នាក់​ការងារ​នោះ ករណី​ដួលសន្លប់​របស់​កម្មករ​និយោជិត ក៏មាន​ការថយចុះ​ចំនួន ៥៤.៥៥ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ មាន​ចំនួន​២២ សហគ្រាស និង​គ្រឹះស្ថាន ខណៈ​ឆ្នាំ​២០១៨​មាន​ត្រឹម ១០​សហគ្រាស -​គ្រឹះស្ថាន​ប៉ុណ្ណោះ​។ នេះ​ជាការ​បញ្ជាក់​របស់​ប​.​ស​.​ស​។​
 
​លោក ហេង សុផាន់​ណា​រិ​ទ្ធ ប្រធានការិយាល័យ​គោលនយោបាយ នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បាន​និយាយថា មូលហេតុ​ចម្បងៗ​ដែល​បណ្តាល​ឲ្យ​មាន​ករណី​សន្លប់​កើតមានឡើង រួមមាន​ដូចជា​បញ្ហា​ចិត្តសាស្ត្រ​សង្គម​, បញ្ហា​គីមី​, បញ្ហា​រូបសាស្ត្រ​, បញ្ហា​ធ្វើការ​ងារ​លើស​ម៉ោង ,​បញ្ហា​ជីវសាស្ត្រ ,​បញ្ហា​វិទ្យាសាស្ត្រ​រៀបចំ​ការងារ និង​បញ្ហា​មេកានិច​ជាដើម​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ហេង សុផាន់​ណា​រិ​ទ្ធ បាន​និយាយ​ដូច្នេះ​ថា​៖«​ក្រុមការងារ​កំពុង​បង្កើន​ការផ្សព្វផ្សាយ​អប់រំ​បន្ថែមទៀត ដល់​កម្មករនិយោជិត​នៅតាម​បណ្តា​សហគ្រាស គ្រឹះស្ថាន​នានា ឲ្យ​មានការ​យល់ដឹង​ខ្ពស់​បន្ថែមទៀត​ពាក់​ព​ន្ធ័​និង​ស្ថានភាព​ប្រឈម​នេះ ដើម្បី​កម្មករនិយោជិត​ទទួលបាន​នូវ​សុខភាព​ដ៏​ល្អប្រសើរ ក្នុងការ​ជំរុញ​ដល់​ការលើកកម្ពស់​ជីវភាព​រស់នៅ​ដោយផ្ទាល់ ក៏ដូចជា​រួមចំណែក​លើ​ក​កម្ពស់​វិស័យសេដ្ឋកិច្ច​កម្ពុជា​»​។​
 
​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (​ស៊ី​ខៅ​ឌូ​) បាន​លើកឡើងថា ករណី​គ្រោះថ្នាក់​ការងារ និង​ករណី​ស្លាប់ មានការ​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ លោក​ថា មូល​ហេតុដែល​កាត់បន្ថយ​គ្រោះថ្នាក់​នេះ ដោយសារ​រោងចក្រ​ដែល​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​អង្គការ ILO មាន​ភាពល្អប្រសើ​ច្រើនជាង​មុន ខណៈ​ក្រុមហ៊ុន​ដែល​មិនបាន​ចុះបញ្ជី​ត្រឹមត្រូវ ឬ​ក្រុមហ៊ុន​ម៉ៅការ​មួយចំនួន នៅតែ​មិន​គោរព​ទៅតាម​លក្ខខណ្ឌ​ការងារ​នោះឡើយ ទើប​ធ្វើ​ឲ្យ​ករណី​គ្រោះថ្នាក់​នៅតែ​បន្ត​កើតមាន​លើក​ម្មករ​។ 
 
​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​រូបនេះ បាន​និយាយថា​៖«​ខ្ញុំ​បាន​មើលឃើញថា​ក្រុមហ៊ុន​ប្រមាណ​៦០០​ក្រុមហ៊ុន ដែល​ធ្វើការ​ជាមួយ​អង្គការ ILO ឃើញថា​ក្រុ​ហ៊ុន​ទាំងនោះ​មាន​ភាពល្អ​សើរ​ជាង​មុន ។​យើង​អាច​និយាយថា កាល​មុន​អាច​ថា​ល្អប្រសើ​ប្រមាណ ៣០ ឬ​៤០ ភាគរយ ប៉ុន្តែ​ឥឡូវ​អាច​ថា​ល្អ​ម្រ​មាណ ៦០ ឬ​៧០ ភាគរយ​។ ប៉ុន្តែ​ក្រុមហ៊ុន​ដែល​ម៉ៅ​ការបន្ត ក្រុមហ៊ុន​គ្នាន​ការចុះបញ្ជី និង​ក្រុមហ៊ុន​ដែល​មិនបាន​ត្រួតពិនិត្យ​ច្បាស់លាស​នៅតែមាន​លក្ខខណ្ឌ​ការងារ​អាក្រក់​ដ៏​ដែល​»​។ 
 
​បើតាម​លោក អាត់ ធន់ បញ្ហា​ចម្បង​ដែល​បណ្ដាល​ឲ្យ​កម្មករនិយោជិត​នៅតែ​បន្ត​ជួប​ហានិភ័យ​ក្នុង​ម៉ោង​ការងា គឺមាន​កត្តា​ចំនួន​២ ទី​១ កម្មករនិយោជិត​ទទួលបាន​ប្រាក់ខែ​តិច ដែល​ជំរុញ​ឲ្យ​ពួកគាត់​ប្រឹង​ធ្វើការ​បន្ថែម​ម៉ោង​លើស​កម្លាំង ដែល​បណ្ដាល​ឲ្យ​សុខភាព​កម្មករ​ចុះខ្សោយ និង​ទី​២ រោងចក្រ​សហគ្រាស​មួយចំនួន នៅតែ​មិន​គោរ​តាម​ស្ដង់ដា​បច្ចេកទេស និង​ប្រព័ន្ធ​សុ​វត្តិភាព ដែល​បណ្ដាល​ឲ្យ​កម្មករ​ដួលសន្លប់ និង​ជួប​បញ្ហា​សុខភាព​។ 
 
​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឆ្នាំ​២០១៩-២០២៣ «​ការអភិវឌ្ឍ​លក្ខខណ្ឌ​ការងារ និង​សុខដុម​នីយកម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​» ដែល​ផ្តល់នូវ​កាលា​នុ​វត្ត​ជា​យុទ្ធសាស្ត្រ ដើម្បី​ពង្រឹង​លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ​។ ជាពិសេស​ការរៀបចំ​ច្បាប់​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ ដែល​ជំរុញ និង​លើកទឹកចិត្ត​ដល់​សហគ្រាស គ្រឹះស្ថាន​អនុវត្តតាម​បទដ្ឋាន​ការងារ​ស្នូល​សុវត្ថិភាព និង​សុខភាព​ការងារ​។ 
 
​បច្ចុប្បន្ន​សហគ្រាស និង​គ្រឹះស្ថាន​កាត់ដេរ​សរុប មាន​ចំនួន ១១៣៩៧ សហគ្រាស ខណៈ​កម្មករ​រោងចក្រ​កាត់ដេរ​មាន​ប្រមាណ ៧៦៣ ៨២០ នាក់​។ នេះ​បើតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​ការងារ​កាលពី​ឆ្នាំ ២០១៨​។ 
 
​របាយការណ៍​របស់​អង្គការ ILO អន្តរជាតិ បាន​បង្ហាញថា កម្មករនិយោជិត​ចំនួន ២,៧៨ លាន​នាក់ បាន​បាត់​បង់ជីវិត​ដោយសារតែ​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ​ជា​រៀងរាល់ឆ្នាំ​លើ​ពិភពលោក​។ ក្នុងនោះ​មាន​កម្មករនិយោជិត​ប្រមាណ ២,៤ លាន​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​វិជ្ជាជីវៈ និង​កម្មករនិយោជិត​ប្រមាណ ៣៧៤ លាន​នាក់ បាន​រងគ្រោះថ្នាក់​ក្នុងការ​បំពេញការងារ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​ស្លាប់​។ នេះ​បើតាម​ការប៉ាន់ប្រមាណរ​បស់​អង្គការ ILO អន្តរជាតិ ៕
 
​ពាក្យ​គន្លឹះ​៖
 
​ជំងឺ​វិជ្ជាជីវៈ សំដៅ​ជំងឺ​ដែល​កើតចេញពី​ការបំពេញ​ការងារ​។ ឧទាហរណ៍ កម្មករ​រោងចក្រ ទទួលរង ឬ​ស្រូប​សារជាតិ​ពុល​ដែល​ចេញពី​ក្រណាត់ ឬ​ឧស្ម័ន​ពុល​នៅក្នុង​រោងចក្រ​ជាដើម រួមមាន​ផ្សេងៗ​ទៀត​។​

Tag:
 បេឡា​ជាតិ​
  កម្មករ​
  ILO
  សហជីព​
© រក្សាសិទ្ធិដោយ thmeythmey.com