ជាតិ
សេដ្ឋកិច្ច
EBA ជះឥទ្ធិពល​ប្រហែល ៦០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ដល់​ការនាំចេញ​របស់​កម្ពុជា ករណី​ព្យួរ​មែន​
06, May 2019 , 10:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប្រសិន​មានការ​ព្យួរ​ការអនុគ្រោះ​ពន្ធ EBA ការនាំចេញ​របស់​កម្ពុ​ជា​អាច​ធ្លាក់ចុះ​ដែល​គិត​ជា​ទឹកប្រាក់​ក្នុង​រង្វង់​៦០០​លា​នុដ​ល្លារ​ក្នុង​មួយឆ្នាំ​។ ការធ្លាក់ចុះ​នៃ​ការនាំចេញ​នេះ គឺ​គិត​លើ​ផលិតផល​សំខាន់ៗ​ដែល​រួមមាន សម្លៀកបំពាក់ ស្បែកជើង និង​អង្ករ​។ នេះ​បើតាម​របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ចកម្ពុជា​ដែល​ចេញផ្សាយ​ដោយ​ធនាគារពិភពលោក​។​


 
​ករណី EBA នឹង​ក្លាយជា​បញ្ហា​ប្រឈម​សេដ្ឋកិច្ច​មួយ​របស់​កម្ពុ​ជា បើសិនណា​សភាព​អឺរ៉ុប​សម្រេច​ព្យួរ​មែន​នោះ​។ ទោះ​មិនទាន់មាន​ការសម្រេច​ព្យួរ ឬ​មិន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​អ្វីៗ​ទាំង​លើកលែងតែ​អាវុធ​នេះ ដែល​ត្រូវ​រង់ចាំ​រហូតដល់​ក្នុង​រង្វង់​ខែសីហា ​ឆ្នាំ​២០២០ តែ​ធនាគារពិភពលោក (World Bank) បាន​គណនា​ពី​ទំហំ​ប៉ះពាល់​ ដល់​ការនាំចេញ​របស់​កម្ពុជា​ ទៅកាន់​ទីផ្សារ​មួយ​នេះ​ ក្នុងករណី​មានការ​ព្យួរ​មែន​។ 
 
​ករណី​មានការ​ព្យួរ​ការអនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា នោះ​ការនាំចេញ​នឹង​អាច​ធ្លាក់ចុះ ដែល​គិត​ជា​ទឹកប្រាក់​ចន្លោះ​ប្រមាណ ៥១៣​លាន​ដុល្លារ ទៅ ៦៥៤​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ការ​គណនា​នេះ ​ដោយ​ផ្អែក​តួ​លេខនៃនាំ​ចេញទៅ EU ឆ្នាំ​២០១៨ ទំហំ ៤៣៤០​លាន​ដុល្លារ នៃ​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង និង​អង្ករ ដោយ​មិន​គិត​ផលិតផល​កង់​។ គួរ​បញ្ជាក់ថា គ្រាន់តែ​សម្លៀកបំពាក់ កាន់​ទំហំ​ដល់​ទៅ ៨០​ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅ EU ។​
 
​លោក លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់​ធនាគារពិភពលោក បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​របាយការណ៍​ខាងលើ​ដូច្នេះ​ថា​៖«​ប្រសិន​យើង​បាត់បង់ EBA យើង​នឹងត្រូវ​បង់​ពន្ធគយ​ប្រហែល ១២​ភាគរយ ហើយ​បើ​អ្នក​នាំចូល​ប​ញ្ចូ​ន​តម្លៃ​ពន្ធ (​យក​តម្លៃ​ពន្ធ​បញ្ចូល​លើ​ថ្លៃ​ផលិតផល​) ទៅ​អ្នកប្រើប្រាស់ ដូចនេះ​តម្លៃ​ផលិត​របស់​យើង​ នឹង​ឡើង​១២​ភាគរយ ដែល​ផលិតផល​យើង​លក់​ថ្លៃ​ជាងគេ ហើយ​ការបាត់បង់​ប្រហែល ៦០០​លាន​ដុល្លារ ដោយសារ​ការទិញ​ធ្លាក់ចុះ​»​។​
 
​របាយការណ៍​ធនាគារ​ពិភព​ បាន​ជំរុញ​ឲ្យ​កម្ពុជា​បន្ត​កាត់បន្ថយ​ថ្លៃដើម​ផលិត និង​សម្រួល​ដល់​ការធ្វើ​ធុរកិច្ច ដើម្បី​ទាក់ទាញ​វិនិយោគ និង​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​វិស័យ​ឯកជន និង​ដើម្បី​ទប់​ទល់នឹង​បញ្ហា​ប្រឈម​សេដ្ឋកិច្ច​ដូចជា​ករណី EBA ជាដើម​។ 
 
​របាយការណ៍​នេះ ​ក៏បាន​លើកឡើង​ពី​វិធានការ​ថ្មីៗ​របស់​រដ្ឋាភិបាល ដូចជា​ដក​អង្គភាព​កាំកុងត្រូល​ពី​ច្រកព្រំដែន លុប​ភ្នាក់ងារ​កាំសាប លុប​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ផលិតផល (CO) លើកលែងតែ​ប្រទេស​នាំចូល​នោះ​តម្រូវ និង​ការបញ្ចុះ​កម្រៃ​សេវា​នៅ​កំពង់ផែ ជាដើម​។​
 
​មិនមាន​ការ​គណនា​ណា​មួយ​ ចេញពី​ធនាគារពិភពលោក​នៅឡើយ​ទេ បើ​ទោះ​ប្រមុខ​រដ្ឋាភិបាល​អះអាងថា​ វិស័យ​ឯកជន​ចំណេញ​ប្រមាណ ៤០០​លាន​ដុល្លារ​ ពី​វិធាន​ការសម្រួល​ពាណិជ្ជកម្ម​ខាងលើនេះ​។ ទោះ​មិនអាច​បញ្ជាក់បាន​ពី​ទំហំ​នៃ​ការ​កាត់កង រវាង​បន្ទុក​ពន្ធ​របស់​EU និង​ការបញ្ចុះ​ថ្លៃដើម​ក្នុងស្រុក តែ​លោក លី សូ​ដេ​ត លើកឡើងថា ​វិធានការ​ខាងលើនេះ ​នឹង​ជួយ​បន្ធូរ​ប​ន្ធ​យ​ឥទ្ធិពល EBA បាន​ខ្លះ បើ​មាន​ករណី​ព្យួរ​មែន​នោះ​។ «​វិធានការ​ទាំងនោះ​ល្អ​ដែរ ខ្ញុំ​គិតថា​នឹង​សម្រួល​ឲ្យ​ថ្លៃដើម​ឲ្យ​ធ្លាក់ចុះ ហើយ​ករណី​ព្យួរ EBA នោះ​ នឹងមិន​ឥទ្ធិពល​ពេញ​នោះទេ អ៊ីចឹង​បើ​មាន​ឥទ្ធិពល​ខាត​មិន​ដល់ ៦០០​លាន​ដុល្លារ​ទេ គឺ​ខាត​តិចជាង​នេះ​»​។  លោក លី សូ​ដេ​ត ថ្លែង​បែបនេះ​៕
 

Tag:
 EBA
© រក្សាសិទ្ធិដោយ thmeythmey.com