ខ្សែការពារ Vincent Kompany ស៊ុតបាល់ពីចម្ងាយយ៉ាងអស្ចារ្យដើម្បីបំប៉ោងសំណាញ់ទី Leicester City ជួយ Manchester City យកបានជ័យជម្នះក្នុងលទ្ធផល ១-០ និងជួយក្រុមឡើងទៅឈរកំពូលតារាង Premier League វិញ។
ការប្រកួតសប្តាហ៍ទី៣៧នៅទឹកដី Etihad នៅថ្ងៃទី៦ ខែឧសភា ខ្សែការពារសញ្ជាតិប៊ែលហ្ស៊ិក វ័យ៣៣ឆ្នាំបានក្លាយជាវីរបុរសក្នុងការនាំក្រុមរបស់លោក Pep Guardiola ទទួលបាន៣ពិន្ទុបន្ថែមដោយនាំមុខ Liverpool ចំនួន១ពិន្ទុវិញ។
ជ័យជម្នះ ១-០ របស់មេឃខៀវលើក្រុម Leicester ដែលសម្រេចទីបាននៅនាទី៧០ ដោយការស៊ុតពីចម្ងាយរបស់ Kompany បានធ្វើឲ្យគូប្រជែង Liverpool ខកចិត្តមិនស្ទើរឡើយ។ ហង្សក្រហមរំពឹងថា Leicester ជាក្រុមចុងក្រោយដែលអាចរារាំង Man City បានដើម្បីពួកគេនៅរក្សាកំពូលតារាងក៏ដូចជាមានភាគរយខ្ពស់ដើម្បីប្រជែងពានលីគកំពូលអង់គ្លេសរដូវកាលនេះ។
ម្ចាស់ការពារតំណែងជើងឯករកបាន៩៥ពិន្ទុពីការប្រកួត៣៧លើក នាំមុខ Liverpool ដែលមាន៩៤ពិន្ទុ។ ក្រុមទាំងពីរនៅសល់១ប្រកួតចុងក្រោយដើម្បីកាត់សេចក្តីថាក្រុមណានឹងក្លាយជាម្ចាស់ពាន Premier League រដូវកាល ២០១៨-១៩នេះ។ ការប្រកួតបិទរដូវកាល Man City ទទួលទៅផ្ទះ Brighton & Hove Albion ស្របពេលដែល Liverpool ត្រូវទទួលភ្ញៀវ Wolverhampton Wanderers ដែលជាក្រុមមិនអាចមើលស្រាលបាន៕