កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Barca សោកស្តាយ​ដែល Liverpool គ្មាន Salah តែ​ព្រមាន​កូនក្រុម​ឲ្យ​ប្រយ័ត្ន​បំផុត​
07, May 2019 , 3:18 pm        
រូបភាព
​ក្រុម Barcelona បង្ហាញ​ការសោកស្តាយ​បំផុត​ដែល Mohamed Salah មិនអាច​បង្ហាញខ្លួន​ឲ្យ Liverpool សម្រាប់​ជំនួប​ជើង​ទី​២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន UEFA Champions League​។​


 
​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ហ្ស៊ី​ប​វ័យ​២៦​ឆ្នាំ​រូបនេះ​បាន​រង​បួស​ក្បាល​បន្ទាប់ពី​ប៉ះទង្គិច​គ្នា​ជាមួយ​អ្នកចាំទី Martin Dubravka ក្នុងការ​ប្រកួត​ដែល Liverpool យកឈ្នះ Newcastle United ៣-២ នៃ​លី​គ​កំពូល​អង់គ្លេស​ចុង​សប្តាហ៍​កន្លងទៅ​។​
 
​ដោយសារ​ស្ថានភាព​របួស​មិនទាន់​ធូរស្រាល អ្នកចាត់ការ​ទូទៅ Liverpool លោក Jurgen Klopp បានប្រកាស​ក្នុង​សន្និសីទកាសែត​ថា Salah មិនអាច​ចូល​លេង​បានទេ​ក្នុងជំនួប​ប្រកួត​ដ៏​សំខាន់​សម្រាប់ Liverpool ទល់នឹង Barca ជើង​ទី​២ នៅ​ទឹកដី Anfield យប់​ថ្ងៃទី​៧ ខែឧសភា វេលា​ម៉ោង​២:០០​អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​]​។​


 
​អវត្តមាន​របស់ Salah បានធ្វើ​ឲ្យ​ក្រុម​ហង្ស​ក្រហម​ខកចិត្ត​យ៉ាងខ្លាំង​ខណៈ​ពួកគេ​ត្រូវធ្វើ​ការងារ​ធ្ងន់​នៅ​ជើង​ទី​២​នេះ ព្រោះ​ចាញ់​ដល់​ទៅ ៣-០ កាលពី​ជើង​ទី​១​នៅ​ទឹកដី Nou Camp​។ ធ្ងន់ធ្ងរ​ជាងនេះទៅទៀត​នោះ​ក្រុម​របស់លោក Klopp ក៏​គ្មាន​ខ្សែប្រយុទ្ធ Roberto Firmino ដែរ​ដោយសារ​បញ្ហា​របួស​សាច់ដុំ​។ 
 
Salah ជា​តួអង្គ​សំខាន់​ក្នុង​នាំ Liverpool ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​កំពូល​អឺរ៉ុប​កាលពី​រដូវ​កាល​មុន ក៏ដូចជា​រដូវ​កាល​នេះដែរ​រាប់ទាំង​ការ​ប្រជែង​ពាន​លី​គ​កំពូល​អង់គ្លេស​ផង​។​



​ឆ្លើយតប​នឹង​ព័ត៌មាន​នេះ ខាង​ភាគី Barca បានបង្ហាញ​ការសោកស្តាយ និង​ជូ​នពរ​ឲ្យ​អតីត​សមាជិក​ក្រុម Chelsea និង Roma រូបនេះ​ឆាប់​ជាសះស្បើយ​ដើម្បី​ជួយ​ក្រុម​តទល់​ជាមួយ​ពួកគេ​សម្រាប់​ការប្រកួត​ដ៏​សំខាន់​នេះ​។ «​ការប្រកួត​នេះ​គឺ​សម្រាប់​កីឡាករ​លំដាប់​ពិភពលោក​។ ឆាប់​ជាណា​!»​។​
 
​ផ្ទុយ​ពីនេះ​វិញ ក្រុម​អ្នកមាន​បុណ្យ​ដែល​លើកឡើងថា​អវត្តមាន​របស់ Salah គឺជា​កំហុស​មួយ​សម្រាប់ Liverpool ក៏ដោយ ប៉ុ​ន្ត​ពួកគេ​បាន​ព្រមាន​ក្រុម​ថា​មិនអាច​ធ្វេសប្រហែស​ជាមួយ​គូប្រជែង​ដ៏​មាន​ឥទ្ធិ​ផល​និង​ជា​ម្ចាស់ផ្ទះ​ផង​បាន​នោះទេ​៕
 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com