ជាតិ
ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ៖ពលរដ្ឋគួរប្រើប្រាស់វចនានុក្រម ជួន ណាត ជាគោល មុននឹងសរសេរ ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ លោក ហ៊ាន សុខុម
× ភ្នំពេញ៖ ដើម្បីប្រើប្រាស់ពាក្យពេចន៍ ឬការសរសេរឲ្យបានត្រឹមត្រូវនោះ និស្សិត បញ្ញវ័ន្ត និងពលរដ្ឋទាំងអស់ គប្បីមើល ឬប្រើប្រាស់ពាក្យក្នុងវចនានុក្រមសម្ដេចសង្ឃ ជួន ណាត ជាគោល សម្រាប់សំណេររបស់ខ្លួន។ នេះជាការលើកឡើងរបស់ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ លោក ហ៊ាន សុខុម ។
លោក ហ៊ាន សុខុម បាននិយាយថា ការប្រើប្រាស់ពាក្យតាមវចនានុក្រម សម្ដេច ជួន ណាត នោះវាជួយរក្សាភាពត្រឹមត្រូវរបស់អក្សរ និងភាសាខ្មែរ ដើម្បីកុំឲ្យបាត់បង់ ពោលគឺចៀសវាងការសរសេរពាក្យពេចន៍ តាមការស្ដាប់សំនៀង ឬតាមតែអំពើចិត្តនោះឡើយ (សរសេរឲ្យតែបាន ដោយខ្វះការយកចិត្តទុកដាក់)។
សូមស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោកបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ដូចតទៅ៖
លោក ហ៊ាន សុខុម ទទួលស្គាល់ថា មានពាក្យមួយចំនួន ក៏គ្មាននៅក្នុងវចនានុក្រមរបស់សម្ដេចសង្ឃ ជួន ណាត ដែរ។ ប៉ុន្តែបញ្ហានេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានរៀបចំចងក្រង និងអនុម័តសម្រេចឲ្យប្រើប្រាស់ពាក្យមួយចំនួនមកហើយ។ បើតាមប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែររូបនេះ ស្ថាប័នលោកបានសម្រេចដាក់ឲ្យប្រើប្រាស់ពាក្យដែលបង្កើតឡើងថ្មីនោះ បានប្រហែល២៥០០ពាក្យហើយ ចាប់តាំងពីឆ្នាំ២០០៧មក។
ពាក្យទាំងនោះ ភាគច្រើនសុទ្ធតែជាពាក្យបច្ចេកទេស មានទាំងនៅក្នុងផ្នែកសុខាភិបាល វប្បធម៌ ភូមិវិទ្យា គីមីវិទ្យា រូបវិទ្យា និងពាក្យក្នុងវិទ្យាសាស្ត្រនយោបាយ និងការទូត ដែលមានជាភាសាខ្មែរ អង់គ្លេស បារាំងជាដើម។ នេះជាការបញ្ជាក់របស់លោក ហ៊ាន សុខុម ដែលបានបន្ថែមថាពាក្យទាំងនេះ គឺបង្កើតឡើងដើម្បីបំពេញតម្រូវការបច្ចុប្បន្នភាពសង្គម៕
Tag:
ក្រុមប្រឹក្សាជាតិភាសាខ្មែរ
សទ្ទានុក្រម
ជួន ណាត
© រក្សាសិទ្ធិដោយ thmeythmey.com