កីឡាជាតិ
ជាតិ
កីឡាករ​៨​ប្រទេស​ចូលរួម​ប្រណាំង​យានយន្ត​ឆ្លង​ឧបសគ្គ ដើម្បី​ផ្សព្វផ្សាយ និង​ការពារ​ធនធានធម្មជាតិ​ព្រៃ​ឡង់​
08, May 2019 , 8:59 am        
រូបភាព
ដោយ:
​ក្រសួងបរិស្ថាន​សហកា​រ​ជាមួយ​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា រៀបចំ​ការប្រកួតប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ ខ្មែរ​រ៉ា​លី​រ៉េដ​ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ ដើម្បី​ផ្សព្វផ្សាយ​និង​ការពារ​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​នៅ​តំបន់​នោះ​។ ព្រឹត្តិការណ៍​ដែល​ធ្វើឡើង​ក្រោម​ប្រធានបទ​«​រួមគ្នា​ថែរក្សា​បរិស្ថាន​និង​ធនធានធម្មជាតិ​»​នេះ ក៏​ដើម្បី​បណ្តុះ​ស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​ស្រលាញ់​បរិស្ថាន​និង​ធនធានធម្មជាតិ​ផងដែរ​។ ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ចន្លោះ​ពីថ្ងៃ​ទី​១៧-២០ ខែឧសភា ដោយ​ឆ្លងកាត់​ខេត្ត​ក្រុម​ចំនួន​៣​។   

 
​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន រំពឹង​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​«​ខ្មែរ​រ៉ា​លី​រ៉េដ​» ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ ជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ព្រៃឈើ និង​ជីវៈចម្រុះ​ដ៏​សម្បូរបែប​ក្នុង​តំបន់​ព្រៃ​ឡង់ ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​ភ្ញៀវ​បរទេស​ស្គាល់​កាន់តែច្បាស់​។ លោក​ជឿជាក់ថា ព្រឹត្តិការណ៍​នេះ​នឹង​ក្លាយជា​ចលករ​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​នៅ​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​នេះ​។​


 
​រដ្ឋលេខាធិការ​រូបនេះ ក៏​រំពឹង​ផងដែរ​ថា ព្រឹត្តិការណ៍​នេះ នឹង​ជួយ​ផ្លាស់ប្តូរ​ទម្លាប់​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​នោះ ពី​ការចូល​កាប់​ព្រៃឈើ និង​បរបាញ់​សត្វ ក្លាយជា​អ្នក​ទាញ​ផលប្រយោជន៍​ពី​ធនធាន​ជាតិ​ធម្មជាតិ​ទាំងនេះ តាមរយៈ​បង្កើត​មុខរបរ​ដែល​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​។ បន្ថែម​លើ​នេះ វា​នឹង​ជួយ​អប់រំ ក៏ដូចជា​បណ្តុះ​ស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​ស្រលាញ់​និង​ការពារ​បរិស្ថាន​និង​ធនធាន​ជីវចម្រុះ​កាន់តែខ្លាំង​ថែមទៀត​។  


 
«​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ នឹងចូលរួម​ផ្សព្វផ្សាយ​ពី​សក្តានុពល នៃ​ដែនជម្រកសត្វព្រៃ​ឡង់ ដែល​សម្បូរ​ដោយ​ព្រៃឈើ និង​ជីវៈចម្រុះ​ដល់​សាធារណជន ក៏ដូចជា​បណ្តុះ​ស្មារតី​ស្រឡាញ់​បរិស្ថាន និង​ធនធានធម្មជាតិ​ដល់​ប្រជាពលរដ្ឋ ហើយ​យើងទាំងអស់គ្នា​ចូលរួម​ថែរក្សា​បរិស្ថាន និង​អភិរក្ស​ធនធានធម្មជាតិ​ឱ្យបាន​គង់វង្ស​»​។ លោក នេត្រ ភក្ត្រា ថ្លែង​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​៨ ខែឧសភា នៅ​ទីស្នាក់ការ NOCC​។ 


 
​សម្រាប់​លោក នេត្រ ភក្ត្រា ការផ្សព្វផ្សាយ​ពី​សក្តានុពល​ដែនជម្រកសត្វព្រៃ​ឡង់ និង​ការអប់រំ​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​ស្រលាញ់​បរិស្ថាន​និង​ធនធានធម្មជាតិ ធ្វើឡើង​តាមរយៈ​ការបិត​ពាក្យស្លោក​នៅលើ​យានយន្ត និង​ដងផ្លូវ ការចូលរួម​របស់​កីឡាករ និង​ការ​ផ្ស​ព​ផ្សាយ​របស់​បណ្តាញសារព័ត៌មាន និង​ការចុះទៅ​អប់រំ​ផ្ទាល់​របស់​មន្ត្រី​បរិស្ថាន​។ 


 
«​យើង​គ្រាន់តែ​ជិះឡាន ម៉ូតូ តើ​យើង​អាច​បញ្ជ្រាប​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​ដោយ​របៀប​ណា​? ទី​១​នៅ​យានយន្ត​យើង​មាន​បិត​ទិស​ស្លោក​រួមគ្នា​ទាំងអស់គ្នា​ក្នុងការ​ថែរក្សា​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​របស់​យើង​។ ជាមួយគ្នានេះ មន្ត្រី​ឧទ្យាន​នុ​រក្ស​របស់​យើង ក៏​ជម្រាប​ដល់​ប្រជាពលរដ្ឋ ហើយ​ការផ្សព្វផ្សាយ​ពី​រូបភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏​ចូលរួមចំណែក​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក នេត្រ ភក្ត្រា​។   


 
​បើតាម​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ខាងលើ ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ ក្រោម​ប្រធានបទ​«​រួមគ្នា​ការពារ​បរិស្ថាន​និង​ធនធានធម្មជាតិ​»​នេះ មិន​ត្រឹមតែ​ធ្វើឡើង​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ឡង់​ប៉ុណ្ណោះ​ទេ កីឡាករ​កីឡាការិនី​ត្រូវ​ឆ្លងកាត់​តំបន់​ដែន​ជម្រក​សត្វ​មួយចំនួនទៀត​រួមមាន​ដែនជម្រកសត្វព្រៃ​បឹង​ពែ និង​ដែនជម្រកសត្វព្រៃ​ព្រៃ​ព្រះ​រកា និង​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន និង​តំបន់​អភិរក្ស​ជាច្រើន​ទៀត​។​


សកម្មភាពប្រកួតប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គកាលពីឆ្នាំ២០១៨
 
​ព្រៃ​ឡង់​ជា​ដែនជម្រកសត្វព្រៃ​ដ៏​សំខាន់​របស់​កម្ពុជា ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ​៤៣១,៦៨៣​ហិកតា​ដោយ​លាតសន្ធឹង​លើ​ខេត្ត​ចំនួន​៤​រួមមាន​ក្រចេះ ស្ទឹងត្រែង កំពង់ធំ និង​ព្រះវិហារ​។ ប៉ុន្តែ​ការប្រកួត​លើក​នេះ ឆ្លងកាត់​ខេត្ត​ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់​តែ​ពីរ​នោះ គឺ​ខេត្តកំពង់ធំ និង​ព្រះវិហារ​។  
 
​លោក ហូ សិទ្ធិគុណ អនុប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​បាន​បញ្ជាក់ថា ការប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ឡង់ រៀបចំ​ចន្លោះ​ពីថ្ងៃ​ទី​១៧-២០ ខែឧសភា ឆ្នាំ​២០១៩ ដោយ​ឆ្លងកាត់​ខេត្ត​ចំនួន​៣​រួមមាន​កំពង់ធំ ព្រះវិហារ និង​ខេត្តសៀមរាប ដែលមាន​ចម្ងាយ​ជាង​៦០០​គីឡូម៉ែត្រ​។ ការប្រកួត​នេះ​មាន​កីឡាករ​ចំនួន​៦៤​នាក់​មកពី​៨​ប្រទេស​ចូលរួម រួម​កម្ពុជា ថៃ អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ វែ​ល ស្គ​ត់លែ​ន បារាំង និង​ហូរ​ឡង់ ដោយមាន​រថយន្ត​និង​ម៉ូតូ​ចំនួន​៤១(​រថយន្ត​២១)​គ្រឿង​ចូលរួម​៕ 
 

Tag:
 ​ប្រណាំង​យានយន្ត​
  ហូ សិទ្ធិគុណ​
  នេត្រ ភក្ត្រា​
© រក្សាសិទ្ធិដោយ thmeythmey.com