រថយន្ត
អន្តរជាតិ
ថៃ គ្រោងយកគំរូតាមជប៉ុន ដោយអនុវត្ត «ប្រព័ន្ធកាត់ពិន្ទុ» លើបណ្ណបើកបរ ប្រភពរូប៖ pattayamail.com
× ដើម្បីធានាសុវត្ថិភាពអ្នកថ្មើរជើង និងពង្រឹងវិន័យអ្នកបើកបរ រដ្ឋាភិបាលថៃ គ្រោងយកគំរូតាមជប៉ុន ដោយអនុវត្ត «ប្រព័ន្ធកាត់ពិន្ទុ» លើបណ្ណបើកបរ។ ប្រព័ន្ធនេះ នឹងត្រូវដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ថៃថ្មី ដែលមានស្ថានទម្ងន់ទោសចាប់ពីការពិន័យជាសាច់ប្រាក់ ដល់ការជាប់ពន្ធនាគារ។
ក្រសួងដឹកជញ្ជូនថៃ បានចាប់ផ្តើមធ្វើការជាមួយភាគីជប៉ុន ដើម្បីស្វែងយល់ពីប្រព័ន្ធកាត់ពិន្ទុបណ្ណបើកបរ ។ អំឡុងពេលធ្វើការជាមួយគ្នានេះ អាជ្ញាធរជប៉ុនបានចែករំលែកចំណេះដឹងអំពីជោគជ័យរបស់ខ្លួន ក្នុងការប្រើប្រាស់ប្រព័ន្ធកាត់ពិន្ទុ (Point-deduction System) លើបណ្ណបើកបរ ដើម្បីពង្រឹងវិន័យក្នុងចំណោមអ្នកបើកបរ ជាជនជាតិជប៉ុន។ នេះបើតាមការបញ្ជាក់របស់ Chirute Visalachitra លេខាធិការអចិន្ត្រៃយ៍រងនៃក្រសួងដឹកជញ្ជូនថៃ នៅថ្ងៃទី៧ ខែឧសភា។
បើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ មន្ត្រីថៃរូបនេះ គូសបញ្ជាក់ទៀតថា ប្រព័ន្ធដ៏តឹងរ៉ឹងនេះ នឹងត្រូវដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវគោកថ្មី ដែលច្របាច់បញ្ចូលគ្នារវាងច្បាប់យានយន្តឆ្នាំ១៩៧៩ ជាមួយនឹងច្បាប់ដឹកជញ្ជូនផ្លូវគោកឆ្នាំ១៩៧៩។ បច្ចុប្បន្ននេះ សេចក្តីព្រាងច្បាប់នេះ ឈានដល់ដំណាក់កាលចុងក្រោយនៃការតាក់តែងហើយ។
យ៉ាងណាមិញ លោក Chirute មិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទនៃការចូលជាធរមានរបស់សេចក្តីព្រាងច្បាប់នេះនៅឡើយទេ។ ការណ៍ដែលពុំទាន់បញ្ចេញពីពេលវេលាច្បាស់លាស់បែបនេះ មន្ត្រីថៃរូបនេះ បកស្រាយថា សេចក្តីព្រាងច្បាប់នេះ ត្រូវការទិន្នន័យពីតួលេខអ្នកបើកបរដែលកាន់បណ្ណបើកបរពីបណ្តាភ្នាក់ងារពាក់ព័ន្ធថៃ។
បើតាមប្រភពព័ត៌មានដដែល ប្រព័ន្ធកាត់ពិន្ទុចរាចរណ៍របស់ជប៉ុននេះ បង្កើតឡើងអមដោយទោសទណ្ឌធ្ងន់ធ្ងរលើអ្នកល្មើសច្បាប់ ហើយផ្តោតចម្បងលើកិច្ចការពារសុវត្ថិភាពរបស់អ្នកថ្មើរជើង។
យោងតាមសេចក្តីព្រាងច្បាប់ថ្មីស្តីពីចរាចរណ៍របស់ថៃ ករណីបំពានភ្លើងចរាចរណ៍ហាមឃាត់ នឹងត្រូវកាត់ពីរពិន្ទុ និងពិន័យជាលុយពី ១៨០០បាតទៅ ៣២០០បាត។ មួយវិញទៀត ករណីមិនបានឈប់ ឬបន្ថយល្បឿន ដើម្បីអនុញ្ញាតឲ្យអ្នកថ្មើរជើងដើរឆ្លងកាត់ទេផ្លូវទេនោះ នឹងត្រូវពិន័យ ៤០០០បាត។
អ្វីដែលធ្ងន់ធ្ងរនោះ បណ្ណបើកបរ នឹងត្រូវព្យួររយៈពេល១៨០ថ្ងៃ ប្រសិនបើពិន្ទុលើសពី៦ឡើងទៅ ត្រូវបានកាត់បន្ថយក្នុងរយៈពេល៣ឆ្នាំ។ ចំណែក អ្នកបើកបរខណៈមានផ្ទុកជាតិស្រវឹង អាចរងការកាត់ពិន្ទុ ៣៥ អាចជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ និងពិន័យលុយដល់ ៣០ម៉ឺនបាត ក៏ដូចជាព្យួរបណ្ណបើកបររយៈពេល៥ឆ្នាំ។ ទន្ទឹមនឹងគ្នានេះ អ្នកដំណើរក្នុងយានយន្ត និងម្ចាស់យានយន្ត (ទោះជាមិនមែនជាអ្នកបើកបរក្តី) ដែលពាក់ព័ន្ធនឹងករណីបើកបរខណៈមានផ្ទុកជាតិស្រវឹង ក៏នឹងទទួលខុសត្រូវដូចគ្នាផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com