ជាតិ
កន្ធាយ​ក្បាល​កង្កែប​មួយ​ក្បាល បាន​រួច​ផុតពី​ចង្កូម​មច្ចុរាជ​
08, May 2019 , 7:19 pm        
រូបភាព
​អ្នកនេសាទ​បាន​លក់ក​ន្ធា​យ​ក្បាល​កង្កែប​នេះ​ទៅ​ភោជនីយដ្ឋាន​មួយ​។ ប៉ុន្តែ​ម្ចាស់​ភោជនីយដ្ឋាន​ស្គាល់​ច្បាស់​ថា វា​ជា​ប្រភេទ​សត្វ​កម្រ ហើយ​គាត់​ក៏បាន​យក​វា​ទៅ​ប្រគល់ឱ្យ​មជ្ឈមណ្ឌល​អភិរក្ស​អណ្តើក កន្ធាយ​ទន្លេមេគង្គ​។ ប៉ុន្មាន​ខែក្រោយ​មក មជ្ឈមណ្ឌល​ក៏បាន​ធ្វើ​ពិធី​លែង​វា​ត្រឡប់​ទៅក្នុង​ធម្មជាតិ​វិញ​។ រូបភាព​៖  Stefan Lovgren/National geographic
​អ្នកនេសាទ​បាន​លក់ក​ន្ធា​យ​ក្បាល​កង្កែប​នេះ​ទៅ​ភោជនីយដ្ឋាន​មួយ​។ ប៉ុន្តែ​ម្ចាស់​ភោជនីយដ្ឋាន​ស្គាល់​ច្បាស់​ថា វា​ជា​ប្រភេទ​សត្វ​កម្រ ហើយ​គាត់​ក៏បាន​យក​វា​ទៅ​ប្រគល់ឱ្យ​មជ្ឈមណ្ឌល​អភិរក្ស​អណ្តើក កន្ធាយ​ទន្លេមេគង្គ​។ ប៉ុន្មាន​ខែក្រោយ​មក មជ្ឈមណ្ឌល​ក៏បាន​ធ្វើ​ពិធី​លែង​វា​ត្រឡប់​ទៅក្នុង​ធម្មជាតិ​វិញ​។ រូបភាព​៖ Stefan Lovgren/National geographic
ដោយ:
​កោះ​ទ្រង់ ប្រទេស​កម្ពុជា​៖ កាលពី​ចុង​ឆ្នាំទៅ​ម៉ិ​ញ ម្ចាស់​ភោជនីយដ្ឋាន​ដ៏​ពេញនិយម​មួយកន្លែង នៅ​ក្រុង​ក្រចេះ ដែល​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា ត្រូវបាន​អ្នកនេសាទ​ម្នាក់​ដែល​ចាប់បាន​សត្វ​កន្ធាយ​ក្បាល​កង្កែប ឬ​សត្វ​ល្មេច មួយ​ក្បាល ទៅ​ជួប ដោយ​សង្ឃឹមថា និង​អាច​លក់​វា​ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន​នេះ​។


 
​ពេលខ្លះ ម្ចាស់​ភោជនីយដ្ឋាន​បាន​ទិញ​សត្វ​អណ្តើក ឬ​កន្ធាយ​ក្បាល​កង្កែប យកទៅ​ធ្វើ​ម្ហូប​ដើម្បី​បម្រើ​អតិថិជន​តាម​សំណើ​ពិសេស​ផងដែរ​។ ប៉ុន្តែ​កន្ធាយ​ក្បាល​កង្កែប ឬ​ល្មេច ដែល​អ្នកនេសាទ​បាន​យកទៅលក់​ឲ្យ​គាត់​នាពេលនេះ​មិន​ដូចគ្នា​ទេ​។ វា​ជា​កន្ធាយ​ក្បាល​កង្កែប ឬ​ល្មេច​ដ៏​ធំ មាន​ទំ​ទម្ងន់ ១៦.៧ គីឡូក្រាម​។ ក្បាល​ធំ​ទូលាយ និង​ភ្នែក​របស់​វា​ខិត​ទៅជិត​ចុង​ក្រ​មុះ ដែលមាន​លក្ខណៈ​ស្រដៀង​នឹង​សត្វ​កង្កែប​។ ម្ចាស់​ហាង​មានការ​សង្ស័យថា វា​គឺជា​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ ដែល​គាត់​ធ្លាប់​ត្រូវបាន​គេ​ប្រាប់​ឲ្យ​ដឹង​អំពី​វា​។ គិត​មួយសន្ទុះ គាត់​ក៏​យល់ព្រម​ទិញ​កន្ធាយ​ក្បាល​កង្កែប ឬ​ល្មេច​នោះ​ក្នុងតម្លៃ ៧៥​ដុល្លា ក្នុង​គោលបំណង​មិនមែន​ដើម្បី​យកទៅ​ចម្អិន​ធ្វើ​ម្ហូប​ទេ ប៉ុន្តែ​ដើម្បី​សង្គ្រោះ​ជីវិត​របស់​វា​។​
 
​ដោយ​យ៉ាង​ដូច្នេះហើយ ទើបបានជា​កន្ធាយ​ក្បាល​កង្កែប ឬ​ល្មេច​មួយ​ក្បាល​នេះ ត្រូវបាន​ទៅដល់​មជ្ឈមណ្ឌល​អភិរ​ក្ស​អណ្តើក កន្ធាយ​ទន្លេមេគង្គ ដែល​ស្ថិតនៅ​ក្នុងស្រុក​សំបូរ ប្រហែល ៣២​គីឡូម៉ែត្រ​នា​ភាគ​ខាងជើង​។ នៅពេល​កូនប្រុស​របស់​ម្ចាស់​ភោជនីយដ្ឋាន បាន​យក​វា​ទៅ​ប្រគល់​ឲ្យ​ទៅ​លោក ប្រាន់ ស៊ីណា​ល់ ជា​អ្នកគ្រប់គ្រង​មជ្ឈមណ្ឌល ភ្លាមៗ​នោះ គាត់​បាន​ស្គាល់​ច្បាស់​ថា​វា​គឺជា​កន្ធាយ​ក្បាល​កង្កែប ឬ​ល្មេច ជា​ប្រភេទ​សត្វ​ដ៏​កម្រ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​វា​អាច​លូតលាស់​ទំហំ​ប៉ុន​សា​ឡុង​តូច​មួយ និង​អាច​រស់​នៅបាន​ច្រើនជាង​មួយ​សតវត្ស​។ លោក ប្រាន់ ស៊ីណា​ល់ ក៏​អាច​ប្រាប់​បាន​ថា វា​ជា​កន្ធាយ​ក្បាល​កង្កែប ឬ​ល្មេច​ញី​ដែល​ដល់​វ័យ​បន្ត​ពូជ​ផងដែរ​។ ការបាត់បង់​វា គឺជា​សោកនាដកម្ម​មួយ​។​
 
​ប្រាន់ ស៊ីណា​ល់ បាន​ថែរក្សា​ល្មេច​នេះ នៅក្នុង​មជ្ឈមណ្ឌល​អស់​រយៈពេល​បី​ខែ​។  បន្ទាប់មក នៅ​ព្រឹក​ថ្ងៃ​សុក្រ កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ គាត់ រួមទាំង​ប្រជាជន​ជាច្រើន​នាក់ ព្រមទាំង​មន្ត្រី​មូលដ្ឋាន អ្នកភូមិ និង​សិស្សានុសិស្ស​ផងដែរ បាន​ប្រមូល​ផ្តុំគ្នា​នៅលើ​វាល​ខ្សាច់​ដ៏​ធំ​មួយ នៅលើ​កោះ​ទ្រង់ ដែល​ស្ថិតនៅ​កណ្តាលទន្លេ​មេគង្គ ក្បែរ​កន្លែង​ដែល​សត្វ​កន្ធាយ​ក្បាល​កង្កែប ឬ​ល្មេច​មួយ​ក្បាល​នេះ​ត្រូវបាន​ចាប់​ដោយ​អ្នកនេសាទ ដើម្បីឱ្យ​វា​ត្រឡប់​ទៅក្នុង​ទន្លេ​វិញ​។ បន្ទាប់ពី​ព្រះសង្ឃ​ពីរ​អង្គ​បាន​ប្រោះព្រុំ​រួចរាល់​ហើយ កន្ធាយ​ក្បាល​កង្កែប ឬ​ល្មេច ត្រូវបាន​គេ​យកទៅដាក់​នៅលើ​ដី​។ វា​បានចាប់ផ្តើម​កាយ​ចូលទៅក្នុង​ដីខ្សាច់​ដើម្បី​លាក់ខ្លួន​។ ការ​ទុក​វា​ចោល​នៅ​ទីនោះ វា​មិនមែនជា​គំនិតល្អ​ទេ វា​នឹង​ត្រូវបាន​គេ​ចាប់​ម្តងទៀត ដូច្នេះ គេ​ត្រូវយក​វា​ទៅ​លែង​ក្នុង​ទឹក​។ នៅពេលដែល​វា​ហែល​ចេញទៅ​ឆ្ងាយ សិស្សានុសិស្ស​បាន​ស្រែក​អបអរសាទរ​។​
 
​ល្មេច ដែល​គេ​ស្គាល់​វា​ថា «​កន្ធាយ​ក្បាល​កង្កែប​» ត្រូវបាន​រកឃើញថា រស់នៅ​សាយភាយ​ចាប់ពី​ភាគ​ខាងលិច​ប្រទេស​បង់​ក្លា​ដេ​ស នៅ​ភាគ​ខាងកើត​ប្រទេស​ហ្វីលីពីន ប៉ុន្តែ​មានតែ​ក្នុង​រង្វង់ ៤៨​គីឡូម៉ែត្រ​ក្នុង​ទន្លេមេគង្គ នៅ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ កន្ធាយ​ក្បាល​កង្កែប ឬ​ល្មេច នៅទីនេះ​ធ្លាប់មាន​ច្រើនណាស់ ប៉ុន្តែ​រាប់​ទសវត្សរ៍​កន្លងមក មនុស្ស​បាន​ប្រមូល​ស៊ុត​របស់​វា​ធ្វើជា អាហារ បណ្តាលឱ្យ​ដ់ងស៊ីតេ​របស់​ពួកវា​ធ្លាក់ចុះ​យ៉ាងខ្លាំង ពួកវា​ត្រូវបាន​គេ​គិតថា បាន​បាត់បង់​ទាំងស្រុង​ហើយ​។ តែ​នៅក្នុង​ឆ្នាំ ២០០៧ ប៉ុណ្ណោះ​ដែល​វា​ត្រូវបាន​រកឃើញ​ឡើងវិញ​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​នៅ​ឆ្នាំ​នោះ រដ្ឋបាល​ជលផល​ប្រចាំ​តំបន់ បាន​ចូលរួម​ជាមួយ​ក្រុម​អភិរក្ស​មួយចំនួន ដើម្បី​បង្កើត​កម្មវិធី​មួយ ដើម្បី​រកឱ្យឃើញ​នូវ​អម្បូរ​កន្ធាយ​ក្បាល​កង្កែប ឬ​ល្មេច​នៅ​ប្រទេស​កម្ពុជា ដែល​ផ្តោតទៅលើ​ការការពារ​ការ​បង្កាត់​ពូជ​។ សម្បុក​ពង​បី​ដែល​រកឃើញ​ក្នុង​ឆ្នាំ ២០០៧ បាន​បង្កើតកូន​កន្ធាយ​ក្បាល​កង្កែប ឬ​ល្មេច បាន​ប្រហែល ១០០ ក្បាល ដែល​អ្នក​អភិរក្ស​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា រហូតដល់​វ័យ​ធំ​ល្មម ដែល​ពួកវា​អាច​វិលត្រឡប់​ទៅក្នុង​ទន្លេ​វិញ​បាន​។ ចាប់តាំងពី​ពេលនោះ​មក ចំនួន​សម្បុក​ពង​ដែល​បាន​រកឃើញ បាន​កើន​ឡើងជា​រៀងរាល់ឆ្នាំ បើតាម​ការប៉ាន់ប្រមាណ​របស់ លោក ស៊ីណា​ល់ ថា មានកូន​កន្ធាយ​ក្បាល​កង្កែប ឬ​ល្មេច ច្រើនជាង ៨០០០ ក្បាល ត្រូវបាន​គេ​បញ្ជូនទៅ​លែង​ក្នុង​ទន្លេមេគង្គ​។ ទន្ទឹមនឹង​នេះដែរ លោក​បាន​និយាយថា ចំនួន​កន្ធាយ​ក្បាល​កង្កែប ឬ​ល្មេច​ពេញវ័យ មិនត្រូវ​បាន​គេ​ដឹង​ទេ ប៉ុន្តែ​ប្រហែល​នៅតែ​ទាប​នៅឡើយ​។ គាត់​បាន​បន្តទៀតថា​៖ «​នេះ​ជា​មូលហេតុ​ដែល​វា​សំខាន់​ណាស់ ដើម្បី​សង្គ្រោះ​វា​»​។​
 
​ការ​ធ្វើទុក្ខបុកម្នេញ​
 
​កន្ធាយ សត្វ​អណ្តើក ពពួកសត្វ​ដែលមាន​ស្នូក​ដូច​អណ្តើក មាន​វត្តមាន​នៅលើ​ផែនដី​អស់​រយៈពេល​ជាង ២០០ លាន​ឆ្នាំ​មកហើយ ប៉ុន្តែ​បច្ចុប្បន្ននេះ ប្រភេទ​ខ្លះ វា​ស្ថិតនៅ​ក្នុងចំណោម​ប្រភេទ​ដែល​ជិត​ផុត​ពូ​ជត​នៅលើ​ភពផែនដី​។ យោងតាម​អង្គការ​អភិរក្ស​សត្វព្រៃ បានឱ្យដឹងថា ក្នុងចំណោម​អណ្តើ​កជាង ៣០០ ប្រភេទ ស្ទើរតែ​ពាក់កណ្តាល​ត្រូវបាន​រង​ការគំរាមកំហែង​ជិត​ផុត​ពូជ​។ ស្ថានភាព​បែបនេះ អាចជា​គ្រោះថ្នាក់​បំផុត សម្រាប់​ក្នុង​ទ្វីបអាស៊ី ដែលមាន​ចំនួន ៨៩ ប្រភេទ ដែល​ត្រូវបាន​គេ​យកចិត្តទុកដាក់​ខ្ពស់បំផុត​ជាងគេ នៅ​គ្រប់​ទីកន្លែង​ទាំងអស់​នៅក្នុង​ពិភពលោក​។ 
 
​ដង់ស៊ីតេ​កន្ធាយ​ក្បាល​កង្កែប ឬ​ល្មេច នៅ​តំបន់​អាស៊ី គឺមាន​ភាព​ងាយ​រងគ្រោះ​ណាស់ ទី​ដែលជា​ញឹកញាប់ ពួកវា​ត្រូវបាន​គេ​ចាប់យក​ទៅធ្វើជា​ម្ហូប​យ៉ាង​ឆ្ងាញ់​ពិសារ​។ នៅក្នុង​ខែ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន បាន​រាយការណ៍​ថា កន្ធាយ​ក្បាល​កង្កែប ឬ​ល្មេច ដែល​គេ​ស្គាល់​ថា ល្មេច​ញី​ទន្លេ​យ៉ាង​ហ្សេ Yangtze បាន​ស្លាប់​ក្នុងពេល​យ៉ាងខ្លី បន្ទាប់ពី​មានការ​ប៉ុនប៉ង​បង្កាត់​ពូជ​វា ដែលជា​ការបរាជ័យ​ដ៏​ធ្ងន់ធ្ងរ ចំពោះ​ប្រភេទ​ដែល​ជិត​ផុត​ពូជ​នេះ​។​
 
​គ្រប់​ប្រភេទ​សត្វ​អណ្តើក កន្ធាយ​ក្បាល​កង្កែប ឬ​ល្មេច ទាំងអស់ ពួកវា​ឡើងលើ​វាល​ខ្សាច់​នៅ​ច្រាំងទន្លេ ដើម្បី​ធ្វើ​សម្បុក​ពង ដែល​ធ្វើឱ្យ​ស៊ុត និង​កូន​ដែល​ទើបនឹង​ញាស់​របស់​ពួកវា ងាយ​រងគ្រោះ ពី​សំណាក់​សត្វ​ដែល​ស៊ីសាច់​ជា​អាហារ​នៅក្នុង​ធម្មជាតិ និង​ការដើរ​ប្រមូល​ស៊ុត​ពី​សំណាក់​មនុស្ស​។ ទាំង​ប្រភេទ​អណ្តើក​ទឹកសាប និង​ទឹកសមុទ្រ ដែន​ជម្រក និង​សម្បុក​របស់​ពួកវា​មានការ​ថយចុះ​យ៉ាងខ្លាំង ដោយសារតែ​សកម្មភាព​របស់​មនុស្ស ដែល​បង្ខំ​ពួកវា​ឱ្យ​ប្រមូលផ្តុំ​នៅ​ជិត​ឆ្នេរសមុទ្រ និង​វាល​ខ្សាច់​មាត់ទន្លេ ដែល​រិត​តែ​បង្កើន​ផលប៉ះពាល់​លើ​ពួកវា​។​
 
​លោក អាន់​ឌ្រូ វ៉​ល​ដល (Andrew Walde) មកពី​សម្ព័ន្ធ​រណប​ស​ត្វ​ព្រៃ ដែលជា​ក្រុម​តស៊ូ​មតិ​មួយ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Charleston រដ្ឋ South Carolina បាន​និយាយថា អណ្តើក​ទឹកសាប​មាន​ព្រំដែន​ផ្លូវ​ទឹកតូច​ជាង​អណ្តើក​សមុទ្រ ដែល​អាចបង្កើត​សម្ពាធ​ថែមទៀត ពី​ការបាត់បង់​ទីជម្រក និង​ការបន្ត​ការចាប់​ធ្វើជា​អាហារ​។ លោក​បាន​បន្តទៀតថា​៖«​សត្វ​អណ្តើក​សមុទ្រ បាន​បំបែក​ចេញពី​សម្បុក​ពង​ទៅជា​ក្នុង​មហាសមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​មួយ ប៉ុន្តែ​អណ្តើក​ទឹកសាប ត្រូវបាន​ជាប់​នៅក្នុង​ស្រះ​ទឹក បឹង ស្រះ ទន្លេ និង​អាចជា​គោលដៅ​នៃ​ការចាប់យក​ធ្វើជា​អាហារ​ជា​ឱសថ​បុរាណ ឬ​ការធ្វើ​ពាណិជ្ជកម្ម​សត្វ​ចិញ្ចឹម​» ។​
 
​ប​ច្ចុ​បុ្ប​ន្ន​នេះ ស៊ីណា​ល់ បាន​និយាយថា ការគំរាមកំហែង​ថ្មី​ចំពោះ​អណ្តើ​កបាន​លេចឡើង​៖ គឺ​ការប្រែប្រួល​អាកាសធាតុ​។ ការបង្ក​កំណើត​កើតឡើង​ក្នុង​រដូវប្រាំង ហើយ​អណ្តើ​កញី​នឹង​ទម្លាក់​ស៊ុត​របស់​ពួកវា​ក្នុង​រយៈពេល ៣ ទៅ ៤ ថ្ងៃ​ក្នុង​ថ្ងៃ​ដែលមាន​ព្រះ​ច័ន្ទ​ពេញបូណ៌មី ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​នោះ​។ ស៊ីណា​ល់ និយាយថា «​លក្ខខណ្ឌ​ចាំបាច់​ត្រូវតែ​តាម​លក្ខណៈ​ធម្មជាតិ​»​។ «​ប៉ុន្តែ ការប្រែប្រួល​នៃ​អាកាសធាតុ វា​អាច​ក្តៅ​ពេក ឬ​មាន​ភ្លៀង​ច្រើនពេក ដែល​វា​អាច​រំខាន​ដល់​វដ្ត​ពង​រប​ស់វា​»​។ 
 
​ដោយ​គ្មាន​ស្នូក​រឹង​ដើម្បី​ការពារ​ខ្លួន កន្ធាយ​ក្បាល​កង្កែប បាន​ចំណាយ​ច្រើនជាង ៩៥ ភាគរយ​នៃ​ជីវិត​របស់​វា ស្ទើរតែ​គ្មាន​ចលនា​ក្នុង​ទឹក និង​ក្រោម​ដីខ្សាច់ ដោយ​គ្រាន់​តែមាន​ចំណាយពេល​ពីរដង​ក្នុង​មួយថ្ងៃ ដើម្បី​ដង្ហើម​។ នេះ​វា​អាច​បណ្តាលមកពី​ជីវិត​ដី​ស្ងប់ស្ងៀម ប៉ុន្តែ វា​អាច​ហក់​ខាំ​បាន​យ៉ាង​លឿន​ដូចជា​ពស់​ចឹក​យ៉ាង​ដូច្នោះ​ដែរ ដោយ​គ្រាន់តែ​បញ្ចេញ​ក្បាល​ចេញពី​ក្នុង​ខ្សាច់ ដូច​សត្វ​បង្គួ​យ​បាញ់​អណ្តាត​របស់​វា​ដើម្បី​ចាប់​បង្គារ ឬ​ត្រី​។​
 
​ក្លាយ​ពី​អ្នក​ប្រ​ម៉ាញ់ ទៅជា​អ្នក​អភិរក្ស​
 
​ក្រោយពី​កន្ធាយ​ក្បាល​កង្កែប ឬ​ល្មេច ត្រូវបាន​រកឃើញ​ឡើងវិញ​នៅ​ឆ្នាំ ២០០៧ រដ្ឋបាល​ជលផល​កម្ពុ​ជា បាន​សហការ​ជាមួយ​អង្គការ​មិន​រក​ប្រាក់ចំណេញ​អន្តរជាតិ និង​មូលនិធិ​សត្វព្រៃ ពិភពលោក ដើម្បី​ចាប់ផ្តើម​កម្មវិធី​ការពារ​សម្បុក​ពង ដែល​ដឹកនាំ​ដោយ​សហគមន៍​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក អង្គការ​អភិរក្ស​អន្តរជាតិ បាន​បង្កើត​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​អណ្តើក កន្ធាយ​ទន្លេមេគង្គ នៅ​ស្រុក​សំបូរ ដែល​ស្ថិតនៅក្នុង​បរិវេណ​វត្ត​សសរ ១០០​។ វា​បាន​ក្លាយជា​កន្លែង​ចាប់ផ្តើម​ដំបូង​សម្រាប់​សត្វ​អណ្ដើក ដោយ​មានការ​បង្កាត់​ភ្ញាស់​ពង​ដែល​ប្រមូលយក​មកពី​ធម្មជាតិ តាម​បណ្តោយ​ទន្លេ យកមក​ទុក​រយៈពេល ១០​ខែ មុននឹង​យក​វា​ទៅ​លែង​ត្រឡប់​ចូលក្នុង​ធម្មជាតិ​វិញ​។​
 
​ជា​កន្លែង​មួយ​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ នៅ​ទី​នវ​ក៏បាន​គូ​រួប​ភាព​បង្ហាញ​ភ្ញៀវទេសចរ ដែល​ចង់​ស្វែង ដែល​ចង់​ស្វែងយល់​បន្ថែម អំពី​ប្រភេទ​សត្វ​អណ្តើក​ដែលមាន​ដើមកំណើត​នៅ​ប្រទេស​កម្ពុជា​ចំនួន ១៥​ប្រភេទ ដែល​ភាគច្រើន​ជិត​ផុត​ពូជ​។ នៅ​ថ្ងៃ​បន្ទាប់ពី​ការលែង​កន្ធាយ​ក្បាល​កង្កែប ស៊ី​ណាស់ បានផ្តល់​ជូន​ដំណើរ​ឱ្យ​គូស្នេហ៍ ស្វ៊ី​ស និង​បារាំង នូវ​ដំណើរ​កម្សាន្ត​មួយ​នៅក្នុង​មជ្ឈមណ្ឌល​។ ស៊ីណា​ល់ ដែលមាន​ឈ្មោះថា «​វិ​រៈ​បុរស​អភិរក្ស​ទន្លេមេគង្គ​» ដែលជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម និង​ឧបត្ថម្ភ​ថវិកា​ដោយ​ទីភ្នាក់ងារ USAID ប្រតិបត្តិ​គម្រោង​ដោយ «​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​» និយាយថា «​ប្រសិនបើ​ប្រជាជន​យល់ដឹង​ច្រើន​អំពី​អណ្តើក និង​កន្ធាយ​ក្បាល​កង្កែប​ទាំងនេះ​ពួកគេ​អាចជួយ​យើង​ដើម្បី​ការពារ​ពួកគេ​»​។ 
 
​ទន្ទឹមនឹង​នេះដែរ​បណ្តា​ញ «​អ្នក​អភិរក្ស​កន្ធាយ​ក្បាល​កង្កែប​» ដែលមាន​ប្រាក់ខែ ដើម្បី​ដើរល្បាត​តាម​វាល​ខ្សាច់​មាត់ទន្លេ​មេគង្គ កន្លែង​កន្ធាយ​ក្បាល​កង្កែប​ទម្លាក់​ស៊ុត​របស់​ពួកវា​។ ក្នុងចំណោម​អ្នក​អភិរក្ស​ទាំង ៦​ក្រុម ក៏មាន​អតីត​អ្នកប្រមាញ់​ពង​កន្ធាយ​ក្បាល​កង្កែប ដែលជា​អ្នកបើកបរ​ទូក​ល្បាត គង់ ធា​រី ផងដែរ​។ គាត់​បាន​ធ្វើជា​ដៃគូ​ជាមួយនឹង​ម្តាយមីង​របស់គាត់ អ្នកស្រី ចាន់នី​ន អាយុ ៦០ ឆ្នាំ​ដែលជា​អ្នក​ល្បាត​ពង​កន្ធាយ​ក្បាល​កង្កែប​តាំងពី​ឆ្នាំ ២០១០ មកម្ល៉េះ ។ គាត់​ចងចាំ​ពី​ការដើរ​ប្រមូល​ស៊ុត​ជាមួយ​ម្តាយ​របស់គាត់ ក្នុងនាម​ជា​ក្មេងស្រី​ម្នាក់ គាត់​រំភើប​យ៉ាងខ្លាំង​ប្រសិនបើ​ពួកគេ​រកឃើញ​សម្បុក​កន្ធាយ​ក្បាល​កង្កែប​។ គាត់​បាន​និយាយថា «​ឥឡូវ​ខ្ញុំ​ការពារ​ស៊ុត​ជាជាង​ដាក់​វា​នៅក្នុង​ឆ្នាំង​ស្ងោរ​ដើម្បី​បរិភោគ​» ។​
 
​បើ​នៅពេលដែល​ពួកគេ​ជួបនឹង​អ្នកនេសាទ​ដែល​កំពុង​ប្រមូល​ពង​កន្ធាយ​ក្បាល​កង្កែប លោក ធា​រី​បាន​និយាយថា លោក​នឹង​ព្យាយាម​ពន្យល់​ពួកគេ អំពី​សារៈសំខាន់​នៃ​ការថែរក្សា​ការពារ​សម្បុក​ពង​ទាំងនោះ​។ ជួនកាល​គាត់​បាន​សុំ​ប្តូរ​ពងអណ្តើក​ជាមួយ​ពងមាន់​ឬ​ពង​ទា​ជាមួយ​អ្នកដើរ​ប្រមូល​ស៊ុត​ទ​ផង​ក៏មាន​។ លោក​ធា​រី​ថ្លែងថា​៖ «​វា​ជា​យុទ្ធសាស្ត្រ​មួយ​ដែលមាន​ប្រសិទ្ធិភាព​បំផុត​»​។ លោក​បាន​បន្ថែមថា «​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ គឺ​ត្រូវ​ប្រាកដថា សម្បុក​កន្ធាយ​ក្បាល​កង្កែប​មិនត្រូវ​បាន​រកឃើញ​ដោយ​អ្នក​ប្រ​ម៉ាញ់​ឡើយ​»​។​
 
​នៅ​រសៀល​ថ្ងៃ​សៅរ៍ ក្រុម​ល្បាត ម្តាយមីង និង​ក្មួយប្រុស បានធ្វើ​ដំណើរ​តាម​ទូក​ទៅ​កោះ​មួយ​។ ភ្លាមៗ​នោះ ពួកគេ​បានឃើញ​ដានជើង​កន្ធាយ​ក្បាល​កង្កែប​នៅលើ​វាល​ខ្សាច់​។ ដើរ​ដោយ​ជើង​ទទេ ទាំងពីរ​ម្តាយមីង និង​ក្មួយ​បានធ្វើ​ដំណើរ​ឡើងលើ​ច្រាំងទន្លេ​ដ៏​ក្តៅគគុក ហើយ​ចាប់ផ្តើម​រុក ខ្សាច់​ដោយ​កំណាត់ឈើ​ខ្លី​មួយ មិនយូរប៉ុន្មាន ពួកគេ​ក៏​រកឃើញ​អ្វីដែល​ពួកគេ​កំពុង​ស្វែងរក ប្រហែល​ជម្រៅ​២០​សង់ទីម៉ែត្រ​ចុះក្រោម​គឺ​សម្បុក​ស៊ុត​កន្ធាយ​ក្បាល​កង្កែប​ជាច្រើន​។​
 
​លោក​ធា​រី បាន​និយាយថា «​វា​អាច​ទម្លាក់​ពង​កាលពី​យប់មិញ​» ។ មុននឹង​បំពេញ​ខ្សាច់​ចូល​នៅក្នុង​សម្បុក​វា​វិញ ម្តាយមីង​របស់គាត់ បាន​លុប​ដានជើង​វា​ចេញ​យ៉ាង​ប្រុងប្រយ័ត្ន បាច់​ពី​មាត់ទឹក​រប​ហូត​ដល់​សម្បុក​ពង ។​
 
​ប្រសិនបើ​អ្វីៗ​ទាំងអស់​ដំណើរការ​បានល្អ ស៊ុត​ទាំងនេះ​អាច​នឹង​ញាស់​ក្នុង​រយៈពេល ៥៥ ទៅ ៦០ ថ្ងៃក្រោយ​។​
 
​ប្រែ​សម្រួល​ពី www.nationalgeographic.com
 
 

© រក្សាសិទ្ធិដោយ thmeythmey.com