ជាតិ
Human Right Watch ស្នើ​ឲ្យ​រដ្ឋាភិបាល​ឈប់​ប្រើ​តុលាការ​ធ្វើទុក្ខ​អតីតមន្ត្រី​CNRP តែ​រដ្ឋាភិបាល ថា ជាស​ម្តី​ញុះញង់​
08, May 2019 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​(Human Right Watch) ស្នើ​ឲ្យ​រដ្ឋាភិបាល​ឈប់​ប្រើប្រាស់​ប្រព័ន្ធតុលាការ​រំលោភបំពាន​លើ​អតីតមន្ត្រី​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ទម្លាក់ចោល​ការចោទប្រកាន់​លើ​ពួកគេ ។ រដ្ឋាភិបាល ចាត់ទុក​ការលើកឡើង​នេះ គ្រាន់តែ​ជាស​ម្តី​បំផុសបំផុល​ញុះញង់​ឲ្យ​សាធារណជន យល់ច្រឡំ​មកលើ​រដ្ឋាភិបាល​ប៉ុណ្ណោះ​។ អតីតមន្ត្រី​មូលដ្ឋាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្តបាត់ដំបង ជាង​២០​នាក់ ត្រូវបាន​តុលាការ​កោះហៅ​សាកសួរ​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ការបញ្ចេញមតិ ប្រឆាំង និង​បំពាន​សាលដីកា​តុលាការ​កំពូល ដែល​ចេញ​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

 
​លោក Brad Adam ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​រិះគន់ថា រដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​រំលោភបំពាន​មកលើ​អតីតមន្ត្រី​គណបក្សប្រឆាំង​ជាច្រើនរូប តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធតុលាការ ដើម្បី​គំរាមកំហែង​លើ​ពួកគេ ក្រោយពី​គណបក្សប្រឆាំង​ដ៏​ធំ​មួយ ត្រូវបាន​រំលាយ​ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ​។ អម​ជាមួយ​ការរិះគន់​នេះ លោក Brad Adam ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ចប់​យុទ្ធនាការ​នយោបាយ​រំលោភបំពាន​លើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ទម្លាក់ចោល​បទចោទប្រកាន់​នានា​លើ​មន្ត្រី​អតីត​បក្សប្រឆាំង​នេះ​។​
 
​សេចក្តី​ថ្លែង​ការ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​បាន​ស្រង់​សម្ដី​លោក Brad Adam យ៉ាង​ដូច្នេះ​ថា​៖«​ការធ្វើ​ទុក​បុក​ម្នេញ​របស់លោក ហ៊ុន សែន ទៅលើ​ក្រុម​គណបក្សប្រឆាំង គឺ​បង្ហាញថា គាត់​កំពុង​អនុវត្ត​ម្ដង​ហើយ​ម្ដងទៀត នូវ​វិធី​ដែល​គាត់​យកទៅ​ប្រើប្រាស់​បង្ក្រាប​ទៅលើ​សំឡេង​អ្នក​រិះគន់ និង​ឯករាជ្យ ដែល​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​»​។​
 
​ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​រូបនេះ ក៏​រំឭក​ប្រាប់​រដ្ឋាភិបាល​អំពី​ចំណាត់ការ​របស់​សហភាព​អឺរ៉ុប និង​រដ្ឋាភិបាល​ប្រទេស​ផ្សេងទៀត ដែល​កំពុង​បន្ត​នីតិវិធី​ពិនិត្យ​ឡើង​នូវ​អត្ថប្រយោជន៍​នៃ​ការផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ និង​វិធានការ​នានា​លើ​កម្ពុជា ដោយសារ​ទង្វើ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា ដែល​បាន​ធ្វើទុក្ខបុកម្នេញ​ក្រុម​បក្សប្រឆាំង​នេះ​ផងដែរ​។​
 
​អ្នកនាំពាក្យ​រដ្ឋាភិបាល ច្រានចោល​ការលើកឡើង​របស់លោក Brad Adam នេះ​។ លោក ផៃ ស៊ី​ផាន ចាត់ទុក​ការលើកឡើង​នេះ គ្រាន់តែ​ជាស​ម្តី​បំផុសបំផុល​ញុះញង់​ឲ្យ​សាធារណជន យល់ច្រឡំ​មកលើ​រដ្ឋាភិបាល​ប៉ុណ្ណោះ​។ បើតាម​លោក ផៃ ស៊ី​ផាន ការកោះហៅ​របស់​តុលាការ ដោយសារ​មន្ត្រី​អតីត​បក្សប្រឆាំង ស្ថិតនៅក្រោម​ការសង្ស័យ ដូច្នេះ​គ្មានអ្វី​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ឡើយ​។​
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​តុលាការ​មានការ​សង្ស័យ​លើ​ក្រុម​អតីតមន្ត្រី​បក្សប្រឆាំង ដូច្នេះ​ទើបបានជា​តុលាការ​កោះហៅ​សាកសួរ​ពួកគេ ហើយ​ពួកគេ​ត្រូវ​ចូលទៅ​ដោះ​បន្ទុក តាមរយៈ​មេធាវី​គឺជា​រឿង​ល្អ​បំផុត​។ វា​មិនមែនជា​រឿង​នយោបាយ​ទេ វា​គឺ​អាស្រ័យ​លើ​តុលា​ការដែល​សង្ស័យ​លើ​ពួកគេ​ទាំងនោះ​។ ដូច្នេះ​(Human Right Watch) កុំ​មានគំនិត​ប្រើប្រាស់​រឿងនេះ ទាញ​ចូល​ក្នុងទិសដៅ​នយោបាយ​»​។​
 
​លោក គឺ ប៊ុណ្ណា​រ៉ា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង បានចេញ​ដីកា​ជា​បន្តបន្ទាប់ កោះហៅ​អតីត​សកម្មជន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​២០​រូប នៅ​ខេត្តបាត់ដំបង ឱ្យចូល​បំភ្លឺ​នៅ​តំណាង​អយ្យការ​ខេត្តបាត់ដំបង នៅ​ខែឧសភា​នេះ ពាក់ព័ន្ធ​នឹង​ករណី​ប្រឆាំង និង​បំពាន​សាលដីកា​តុលាការ​កំពូល ដែល​ចេញ​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​
 
​អតីត​សកម្មជន​ទាំងនោះ រួមមាន ឈ្មោះ លោក សម វង្ស​តា​រ៉ា អតីត​ជំទប់​ទី​២ នៃ​សង្កាត់​អូរ​ម៉ា​ល់​, លោក តន់ សាម៉ន អតីត​ចៅសង្កាត់​វត្ត​គរ​, លោក រឿន កែប អតីត ចៅសង្កាត់​ក្តុល​ដូនទាវ , លោក សាំង ប៊ុន​ម៉ៅ ជំទប់​ទី​២ សង្កាត់​ស្វាយប៉ោ , លោក ផាន់ រ៉េត អតីត​ជំទប់​ទី​១​សង្កាត់​ក្តុល​ដូនទាវ ,​កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូ​ហ្សេ​ត អតីត​ចៅសង្កាត់​អូ​ចារ​, អតីត​ចៅសង្កាត់ ទូល តា​ឯក​, លោក ម៉ក់ រ៉ា និង​លោក ឃួន ចំរើន អតីត​ចៅសង្កាត់ ចំការ​សំរោង ក្រុង​បាត់ដំបង និង​អតីត​សមាជិក​ក្រុមប្រឹក្សា ខេត្តបាត់ដំបង​, លោក ឌឹ​ម សា រឿន ជាដើម​។ 
 
​ទាក់ទង​បញ្ហា​នេះ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ប្រចាំ​ខេត្តបាត់ដំបង ដែល​បាន​តាមដាន​បញ្ហា​នេះ យល់ឃើញថា ការកោះហៅ​របស់​តុលាការ​នេះ មិនមែនជា​អនុវត្ត​ច្បាប់ ប៉ុន្តែ​អាចជា​ការគំរាមកំហែង​ការបញ្ចេញ​ទៅវិញ​។ មូលហេតុ​ដែល​លោក យិន ម៉េង​លី លើកឡើង​បែបនេះ ដោយសារ​លោក​បាន​ចូល​ស្ដាប់​ការសាកសួរ​របស់​តុលាការ ហើយ​កត់សម្គាល់​ឃើញថា តុលាការ​បាន​សាកសួរ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ភាគច្រើន​ពាក់ព័ន្ធ​នឹង​សកម្មភាព​មួយចំនួន ទាក់ទង​នឹង​ការលក់​-​ទិញ​នំ​បញ្ចុក  និង​អង្គុយ​ញាំ​នំ​បញ្ចុក​ជួបគ្នា ដែល​ហាក់ដូចជា​គ្មានអ្វី​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​ឡើយ​។​
 
​មន្ត្រី​សម្របសម្រួល​អង្គការ​អា​ដ​ហុក​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​យល់ថា រឿងនេះ​វា​មិនមែនជា​ការអនុវត្ត​ច្បាប់ ប៉ុន្តែ​ខ្ញុំ​យល់ថា វា​ជា​យុទ្ធនាការ​បង្ក្រាប​សំឡេង​បញ្ចេញមតិ​របស់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាចជា​ការគំរាមកំហែង​ពួកគេ​ឲ្យ​បញ្ឈប់​សកម្មភាព បញ្ឈប់​ការផ្ញើ​សារ​សំឡេង បញ្ចេញមតិ​ឆ្លើយឆ្លង​ប៉ុណ្ណោះ​»​។​
​បន្ថែម​ពីនេះ​លោក យិន ម៉េង​លី យល់ឃើញថា ការអនុវត្ត​នីតិវិធី​របស់​តុលាការ​នៅពេលនេះ វា​មិនមែន​ធ្វើ​ឲ្យ​ក្រុម​អ្នកប្រឆាំង​ថមថយ​សំឡេង​នោះទេ ប៉ុន្តែ​វា​កាន់តែ​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ខឹង​ប្រព័ន្ធតុលាការ ស្របពេល​ស្ថានភាព​នយោបាយ​ស្ងប់ស្ងាត់​នេះ​។​
 
​កាលពី​ចុងខែ​មករា ឆ្នាំ​២០១៨ អាជ្ញាធរខេត្ត​បាត់ដំបង បាន​ចុះ​បិទ​ហាង​លក់​នំ​បញ្ចុក​មួយ​របស់​កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊ិ​ត អតីត​ចៅសង្កាត់​អូរ​ចា នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​ការសង្ស័យថា ហាង​លក់​នំ​បញ្ចុក​របស់​នាង​មាន​អ្នក​«​ប្រកាស​គាំទ្រ​ចលនា​ឧទ្ទាម ចេញ​ចូ​ល‍​» បរិភោគ និង​អង្គុយ​ពិភាក្សាគ្នា​លើ​គំនិត​អវិជ្ជមាន​ប្រឆាំង​រដ្ឋាភិបាល​។ ក្រោយពី​អាជ្ញាធរ​ចុះ​បិទ​ហាង​នោះមក មន្ត្រី និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចេញ​-​ចូល​ហាង​នំ​បញ្ចុក​របស់​កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊ិ​ត ស្ថិតនៅក្រោម​ការសង្ស័យ​របស់​តុលាការ ក្នុងការ​អនុវត្ត​នីតិ​វិធី​ផ្លូវច្បាប់​នេះ​។​
 
​ជុំវិញ​ករណី​ខាងលើនេះ សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊ិ​ត អតីត​ចៅសង្កាត់​អូរ​ចា នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​សុំ​ការឆ្លើយតប​ចំពោះ​នីតិវិធី​បានទេ ខណៈដែល​សកម្មជន​ពីររូប​ទៀត គឺ​លោក ថោង សា​រឿង និង​លោក ខាន់ ប៊ុន​ផេង សុំ​មិន​អត្ថាធិប្បាយ​អ្វី​ឡើយ ដោយហេតុ​ផល​ថា សុំ​ទុកពេល​ឲ្យ​មេធាវី​ខ្លួន ជួយ​ដោះស្រាយ​រឿងនេះ​តាមផ្លូវ​ច្បាប់ ជំនួស​ការផ្ដល់​សម្តី​តាមរយៈ​ព័ត៌មាន​៕ 

Tag:
 Human Right Watch
  Brad Adam
© រក្សាសិទ្ធិដោយ thmeythmey.com