ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងចាត់វិធានការផ្លូវច្បាប់លើបុគ្គលិកពេទ្យដែលទារលុយក្រៅផ្លូវការពីអ្នកជំងឺ លោកម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងជំនួបជាមួយលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ កាលពិថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ (រូបភាពពីហ្វេសប៊ុក៖ Special Rapporteur Cambodia)
× ភ្នំពេញ៖ ក្រសួងសុខាភិបាល នឹងចាត់វិធានការផ្លូវច្បាប់ ក្នុងករណីរកឃើញថាមានពេទ្យ ឬបុគ្គលិកសុខាភិបាល ដែលបានទារលុយក្រៅផ្លូវការ ពីប្រជាពលរដ្ឋ។ នេះជាការគូសបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រាប់អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ នាជំនួបផ្លូវការមួយកាលពីថ្ងៃទី៧ ខែឧសភាកន្លងទៅ។ ក្រៅពីព្រមានដូច្នេះ ក្រសួងសុខាភិបាលក៏បានលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋ រាយការណ៍ទៅថ្នាក់ដឹកនាំមន្ទីរពេទ្យ មណ្ឌលសុខភាព និងក្រសួងសុខាភិបាល ប្រសិនបើជួបករណីនេះ នៅពេលដែលទៅរកសេវាព្យាបាល នៅតាមមន្ទីរពេទ្យនានាក្នុងប្រទេសកម្ពុជា។
អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា នាជំនួបនោះ អ្នកស្រី រ៉ូណា ស្មីត បានសម្ដែងការព្រួយបារម្ភ ពីភាពខ្វះចន្លោះ នៃការអនុវត្តការងារ របស់មន្ត្រីសុខាភិបាល។ បើតាមអ្នកនាំពាក្យដដែល អ្នកស្រី ស្មីត បានលើកពីករណីមានមន្ត្រីសុខាភិបាលខ្លះបានយកលុយពីប្រជាពលរដ្ឋក្រីក្រដែលបានទៅសម្រាកព្យាបាលជំងឺទៅកាន់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងជំនួបផ្លូវការកាលពីថ្ងៃទី៧ ខែឧសភានោះ។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្ហាញអ្នកស្រី ស្មីត ថា គោលនយោបាយចំនួន៣ ដែលក្រសួងសុខាភិបាលបានដាក់ចេញ ដើម្បីឆ្លើយតបនឹងករណីនេះ។ ទីមួយ ប្រជាបលរដ្ឋក្រីក្រ អាចប្រើប្រាសប័ណ្ណ ប ស ស។ ទី២ ប្រជាពលរដ្ឋក្រីក្រ អាចប្រើប្រាស់មូលនិធិសមធម៌ (ប័ណ្ណក្រីក្រ) និងទី៣ ប្រជាពលរដ្ឋ ដែលមានលទ្ធភាពបង់សេវា គឺបង់ទៅតាមតារាងតម្លៃដែលបានក្រសួងបានកំណត់ជាក់លាក់ នៅតាមន្ទីរពេទ្យ និងមណ្ឌលសុខភាព។
ក្នុងករណីមានការរាយការណ៍ថា មានមន្ត្រីខិលខូចបានទារលុយពីអ្នកជំងឺក្រៅផ្លូវការ ក្រសួងសុខាភិបាល នឹងចាត់ទៅតាមច្បាប់។ អ្នកជំងឺអាចរាយការណ៍ពីករណីទាំងនេះទៅថា្នក់ដឹកនាំមន្ទីរពេទ្យ មណ្ឌលសុខភាព។ បន្ថែមលើនេះប្រជាពលរដ្ឋក៏អាចផ្ញើសារមកកាន់ទំព័រហ្វេសប៊ុក របស់ក្រសួងសុខាភិបាល ឬទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន បានដែរ ។ ក្រោយទទួលបានព័ត៌មាន ក្រសួងនឹងចាត់វិធានការភ្លាម។
ក្រសួងក៏បានតាមដាននៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ព្រមទាំងបានចាត់វិធានការ លើអ្នកប្រព្រឹត្តនាពេលកន្លងមកផងដែរ ប៉ុន្តែក្នុងចំនួនតិចប៉ុណ្ណោះ (១០០នាក់ មាន១ ឬ២ នាក់ទេដែលខិលខូច)។ នេះជាការបញ្ជាក់បន្ថែម របស់អ្នកនាំពាក្យក្រសួងសុខាភិបាល។ អ្នកស្រី ឱ វណ្ណឌីន បញ្ជាក់ថា៖«ប្រសិនបើមានមន្ត្រីដែលគាត់ខិលខូច ទៅកេះដើម្បីយកលុយថែម អ្នកឯងត្រូវឲ្យលុយប៉ុណ្ណេះ ដើម្បីទទួលបានសេវាលឿន ឲ្យប៉ុណ្ណេះមកដើម្បីបានសេវានេះ ឬនោះ។ ប្រសិនបើមានព័ត៌មានច្បាស់លាស់ ក្រសួងមិនប្រងើយកន្តើយនោះទេ ក្រសួងនឹងចាត់វិធានការជាបន្ទាន់»។
អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ បានកោតសរសើរ នូវគោលនយោបាយ របស់ក្រសួងសុខាភិបាល ដែលបានពង្រឹងការផ្តល់សេវាសុខភាពនៅតាមមូលដ្ឋាន តាមរយៈការសាងសងមន្ទីពេទ្យ មណ្ឌលសុខភាព ព្រមទាំងការពង្រឹងសមត្ថភាពមន្ត្រីសុខាពិបាល។ លើពីនេះការព្យាបាលអ្នកញៀនគ្រឿងញៀន។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យ៕
Tag:
សុខាភិបាល
ពេទ្យ
ម៉ម ប៊ុនហេង
ឱ វណ្ណឌីន
© រក្សាសិទ្ធិដោយ thmeythmey.com