កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Ajax ឬ Spurs ដែលត្រូវទៅជួប Liverpool នៅវគ្គផ្តាច់ព្រ័ត្រ?
× ក្រុម Tottenham Hotspurs នឹងធ្វើដំណើរទៅទឹកដី Ajax ដើម្បីតទល់គ្នាក្នុងជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League នៅកីឡដ្ឋាន Johan Cruyff Arena ដែលជាការប្រកួតកាត់សេចក្តីយកមួយក្រុមទៅជួប Liverpool នៅវគ្គផ្តាច់ព្រ័ត្រ។
Ajax បានយកឈ្នះ Spurs នៅជើងទី១ដោយលទ្ធផល ១-០ នៅទឹកដី Tottenham Hotspurs។ ជ័យជម្នះ១គ្រាប់ក្រៅដីនេះបានធ្វើឲ្យក្រុមពីហូឡង់មានប្រៀបជាងក្រុមមាន់ខ្នាយមាសពីអង់គ្លេសសម្រាប់ជំនួបជើងទី២នេះ។
សម្រាប់សមាសភាពកីឡាកររបស់ក្រុមលោក Mauricio Pochettino សម្រាប់ជំនួបសំខាន់នៅរាត្រីថ្ងៃទី៨ ខែឧសភា វេលាម៉ោង ២:០០នាទីអាធ្រាត្រនេះ មានដូចជាខ្សែបម្រើ Erik Lamela ខ្សែការពារ Serge Aurier និង Jan Vertonghen ដែលរបួសកាលពីប្រកួតមុនសុទ្ធតែអាចចូលលេងវិញបាន ខណៈខ្សែការ Davinson Sanchez អវត្តមាននៅយប់នេះ។
ខ្សែប្រយុទ្ធ Harry Kane (របួសកជើង) និងខ្សែបម្រើ Harry Winks (ក្រលៀន) មិនអាចូលលេងបានឡើយ។ យ៉ាងណា Spurs នៅមានខ្សែបម្រើឆ្មើម Christian Eriksen, Dele Alli រួមទាំងខ្សែប្រយុទ្ធឆ្នើម Heung-min Son ដែលអវត្តមាននៅជើងទី១ សុទ្ធតែជាក្តីសង្ឃឹមសម្រាប់ក្រុមលោក Pochettino ដើម្បីឈានទៅកាន់វគ្គទៅវគ្គផ្តាច់ព្រ័ត្រ។
ដោយឡែកក្រុម Ajax ពួកគេមិនមានកីឡាករសំខាន់របួសឡើយសម្រាប់តតាំងជាមួយ Spurs ដ្បិតពួកគេមានពេលសម្រាកនិងហ្វឹកហាត់ពេញលេញព្រោះគ្មានភារកិច្ចប្រកួតក្នុងលីគ។
Ajax និង Spurs ត្រូវសម្រេចយកមួយក្រុមដើម្បីទៅដណ្តើមពានកំពូលអឺរ៉ុបរដូវកាល ២០១៨-១៩ ជាមួយ Liverpool ដែលបានទម្លាក់ Barcelona ដោយលទ្ធផលទាំងពីរជើង ៤-៣។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ៕
Tag:
បាល់ទាត់
UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com