ONE Championship
កីឡាជាតិ
ជាតិ
សំ ថា​រ័ត្ន ជា​កីឡាការិនី​ខ្មែរ​ម្នាក់​គត់​ដែល​បាន​ហាត់​ជាមួយ​ស្តេចប្រដាល់​អាស៊ី Manny Pacquiao
09, May 2019 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
​អត្ថបទ​៖ ស៊ី​ធី  
​សំ ថា​រ័ត្ន ជា​កីឡាការិនី​ម្នាក់​របស់​កម្ពុជា​ដែល​បាន​ហ្វឹកហាត់​ជាមួយ​កំពូល​អ្នក​ប្រដាល់​លំដាប់​ពិភពលោក Manny Pacquiao កាលពី​ខែមករា ឆ្នាំ​២០១៩ នៅ​រដ្ឋ Los Angeles សហរដ្ឋអាមេរិក ពោល​ពេល​គឺ​នៅ​គេហដ្ឋាន​របស់​ស្ដេច​ប្រដាល់​ហ្វីលីពីន​រូបនេះ​តែម្តង​។


​កីឡាការិនី​វ័យ ២៨ ឆ្នាំ​បាន​ថ្លែងថា​៖«​អារម្មណ៍​ពេល​ហ្នឹង ដូច​ឆ្កួត​អីចឹង ដូច​គិតថា​ថតកុន​បន្តិច ដូច​យល់សប្ដិ​បន្តិច​ម៉េច​ទេ តែ​ពេលវេលា​កាល​ហ្នឹង​។ កាល​ហ្នឹង​ខ្ញុំ​ទៅជា​មួយ​មិត្ត​ភ័ក្ដិ​ដើម្បី​ផ្សព្វផ្សាយ​ល្បុក្កតោ​ខ្មែរ នៅ Los Angeles ហើយ មិត្ត​ខ្ញុំ​ឈ្មោះ​រ៉ូ​ប៊ឺ​ត មាន​ទំនាក់​ទំនងជា​មួយក្រុម​ការងារ Manny Pacquiao»​។ 
 
​កីឡាការិនី​ដែល​ចូលរួម​សម្ដែង​រឿង​«​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» របស់​ផលិតករ Angelina Jolie រូបនេះ​រៀបរាប់​ទៀតថា មិត្ត​របស់ខ្លួន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុមការងារ Pac Man ទើប​ធ្វើ​ឲ្យ​រូបគេ​បាន​ចូលទៅ​កៀក ស្គាល់​ផ្ទះ ស្នាក់​នៅផ្ទះ​សេ្ដច​ប្រដាល់​ដដែល​នេះ​បាន​ប្រហែល​មួយ​ម៉ោង និង បាន​ហ្វឹកហាត់​ជាមួយ Pac Man ទៀតផង​ទោះ​រយៈពេល​ខ្លី​ក្ដី​។ 

រូ​ប៊ឺ​ត បាន​ប្រាប់​ក្រុមការងារ ស្ដេច​ប្រដាល់​ហ្វីលីពីន ថា មាន​ក្មេងស្រី​ម្នាក់​ហាត់​ក្បាច់គុន​ម្នាក់​មកពី​កម្ពុជា​ចង់​ជួប ហើយ ស្ដេច​ប្រដាល់​រូបនេះ​ក៏​យល់ព្រម​នា​គ្រានោះ​។ កីឡាការិនី​ដែល​ធ្លាប់​ប្រឡូក​នៅ​សង្វៀន ONE បញ្ជាក់​បែបនេះ​៖«​ខ្ញុំ​បាន​ហ្វឹកហាត់​កម្ដៅ​សាច់ដុំ ហាត់​យក​កម្លាំង​ស៊ុ​ហ្វ និង ហាត់​រត់​ជាមួយ​គាត់ Pac Man រួមទាំង​ហាត់​កាច់​ពោះ​នៅពេល​ព្រឹក​។ គាត់​អ្នកល្បី​អីចឹង មាន​ក្រុម​ការពារ​សន្តិសុខ​គាត់​តឹងរ៉ឹង​ណាស់ តែ​គាត់​ផ្ដល់​កិត្តិយស​ឲ្យ​ខ្ញុំ​ណាស់ដែរ ហើយ​ក្រុម​គាត់​បាន​ដេញ​ខ្ញុំ​ឲ្យ​ទៅ​រត់​ក្បែរ​គាត់ ទោះ​គេ​កៀស​អ្នកផ្សេង​ចេញ​ក៏ដោយ​។ អ្វីដែល​ខ្ញុំ​ចងចាំ​បំផុត គឺ គាត់​បង្ហាត់​ខ្ញុំ​ឲ្យ​វ៉ៃ​ខ្យល់​យ៉ាង​លឿន​សាហាវ​ណាស់ រួមទាំង​ការ​វៃ​ស្រមោល ហើយ​ការ​កាច់​ពោះ​វិញ​ឲ្យ​ខ្ញុំ​កាច់​ពោះ​ឡើង​លើស​កំណត់​...​ចង់​ក្អួត​»​។​
  
 
​ដ្បិត​មិនបាន​សន្ទនា​ច្រើន​ជាមួយ​ស្ដេច​ប្រដាល់​ហ្វីលីពីន កីឡាការិនី​រហស្សនាម​ថា «Little Frog» បាន​ណែនាំ​ខ្លួន​ដែរ​ថា ៖«​ខ្ញុំ​ជា​អ្នក​ហាត់​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ ហើយ​មក​ទីនេះ​ដើម្បី​ផ្សព្វផ្សាយ​ក្បាច់គុន​នៅ​អាមេរិក​។ គាត់ [Pac Man] ឆ្លើយថា អូ Cambodia Good»​។ ទោះ​មិនបាន​ឆ្លើយឆ្លង​ច្រើន​ដោយសារ​មាន​អ្នកការពារ​សុវត្ថិភាព​ច្រើន និង មនុស្ស​កកកុញ​ផង​នោះ ប៉ុន្តែ សំ ថា​រ័ត្ន បង្ហើប​ថា​បាន​ប៉ុណ្ណឹង​ក៏​អស់ចិត្ត​ដែរ​។ 
 
​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយទៀត​នោះ​ពេល​កាច់​ពោះ​រកកល់​ចង់​ក្អួត​អមដោយ​ទឹកមុខ​របស់ សំ ថា​រ័ត្ន អស់កម្លាំង​ផង តែ Pac Man ក្រឡេក​ភ្នែក​មក​ប្រាប់ថា «Don't give up ; keep going» ដែល​ប្រែ​ថា​ភាសា​ខ្មែរ​ថា «​កុំ​បោះបង់ សូម​បន្តធ្វើ​វា​»​។ 
 
​កូនសិស្ស​របស់លោក​គ្រូ​តា សាន គឺ​ម​ស៊ាន បាន​សរសើរ​ចំពោះ​ទង្វើ​យកចិត្ត​ទុក​ពី​សំណាក់​ស្ដេច​ប្រដាល់​មកលើ​រូប​ខ្លួន ព្រោះ​ថាបើ​ប្រៀប​កម្រិត​គឺ ដូច​មេឃ​និង​ដី​។ កម្រិត​ស្ដេច​ប្រដាល់ Pac Man កប់​ពពក ប៉ុន្តែ​នៅតែ​ផ្ដល់​កិត្តិយស​ជួយ​ណែនាំ​ការបង្ហាត់​ទោះ​រយៈពេល​ខ្លី សួរនាំ​ខ្លួន​ក្នុងចំណោម​ហ្វូងមនុស្ស​ជាច្រើន និង ទទួលបាន​ការចុះហត្ថលេខា​លើ​ហ្គ​ង់​ទៀត​ផ​។ 
 
​គួរ​ដឹង​ដែរ​ថា​ស្ដេច​ប្រដាល់​ពិភពលោក និង​ជា សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន  Manny Pacquiao បានមក​ទស្សនកិច្ច​ផ្លូវការ​កាល​ចុងឆ្នាំ ២០១៦ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ពេល​អម​ទស្សនកិច្ច​ផ្លូវរដ្ឋ​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte  កាល​ពាក់​កណ្ដាលខែ ធ្នូ ឆ្នាំ ២០១៦​។ ក្នុងនាម​ស្ថាប័ន​កំពូល ឯកឧត្ដម ថោង ខុន ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា​បានទទួល Pac Man យ៉ាង​យកចិត្តទុកដាក់ ហើយ ស្ដេច​ប្រដាល់​នៅ​អាស៊ី​រូបនេះ​សន្យា​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ជាថ្មី​ម្ដងទៀត​ក្នុងនាម​ជា​គ្រូបង្វឹក និង​ជា​អ្នក​បង្ហាត់បង្ហាញ​ក្បាច់​ប្រដាល់​ដល់​កីឡាករ​កម្ពុជា​នៅ​ឆ្នាំ ២០១៧​។ ប៉ុន្តែ គម្រោងការ​នេះ​ត្រូវ​ស្ងប់ស្ងាត់​ទៅវិញ​រហូតដល់​ពេល​ដោយសារតែ​ភាព​មមាញឹក​៕ 
 

 

Tag:
 Manny Pacquiao
© រក្សាសិទ្ធិដោយ thmeythmey.com