កីឡាអន្តរជាតិ
អន្តរជាតិ
៣គ្រាប់វាយបកនាំ Spurs ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champions League Lucas Moura រកបានបីគ្រាប់វាយបកពីក្រោយនាំ Spurs ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ UCL។ រូបថត Tottenham
× ទីបំផុត Tottenham Hotspur ទទួលបានកៅអីវគ្គផ្តាច់ព្រ័ត្រ Champions League ដោយត្រូវប៉ះ Liverpool ក្រុមពីអង់គ្លេសដូចគ្នានៅក្រុងម៉ាឌ្រីត។ ខ្សែបម្រើស្លាបប្រេស៊ីល Lucas Moura ស៊ុតបាល់បញ្ចូលទី៣គ្រាប់ ដោយគ្រាប់ទីបីសម្រេចបានក្នុងនាទី៩៦ ដែលនាំឲ្យ Spurs មានប្រៀបលើចំនួនគ្រាប់បាល់ក្រៅដី (Away Goals) លើ Ajax។ ក្នុងការប្រកួតនេះ ម្ចាស់ផ្ទះ Ajax ដែលបានឈ្នះ ១-០ នៅក្រៅដី ក៏បាននាំមុខ ២-០ នៅតង់ទីមួយផងដែរ មុន Moura រកបានបីគ្រាប់ជាបន្តបន្ទាប់នៅតង់ទីពីរ។
ការប្រកួតដំណើរការបាន៥នាទី Matthijs de Ligt ប្រធានក្រុម Ajax ដែលមានវ័យ១៩ឆ្នាំ បានតែតបាល់បញ្ចូលទីនាំមុខ ១-០ ហើយកន្លះម៉ោងក្រោយមក Hakim Ziyech បន្ថែមបានមួយគ្រាប់ទៀត ដែលធ្វើឲ្យម្ចាស់ផ្ទះ Ajax មានទឹកមាត់លេបយ៉ាងខ្លាំង។
គ្រាប់បាល់វាយបកដំបូងរបស់ Tottenham Hotspur កើតឡើងនៅនាទី៥៥ដែលសម្រេចបានដោយ Lucas Moura ហើយ៤នាទីក្រោយមក គេបានបន្ថែមគ្រាប់ទីពីរ។ ទីបំផុត ខ្សែបម្រើស្លាបប្រេស៊ីលរូបនេះ បានក្លាយជាវីរបុរសប្រចាំការប្រកួត តាមរយៈការរកបានគ្រាប់ទីបី នៅនាទី ទី៦នៃពេលវេលាបន្ថែម (នាទី៩៦) ដែលជួយឲ្យមាន់ខ្នាយមាសឡើងទៅជួប Liverpool នៅវគ្គផ្តាច់ព្រ័ត្រ ជាមួយលទ្ធផលសរុបស្មើ ៣-៣ ដោយពួកគេមានប្រៀបលើចំនួនគ្រាប់បាល់បញ្ចូលទីនៅក្រៅដី៕
Tag:
Tottenham Hotspur
Champions League
© រក្សាសិទ្ធិដោយ thmeythmey.com