ទិញផ្ទះសម្រាប់រស់នៅ ជាការវិនិយោគដល់ល្អមួយសម្រាប់គ្រួសារ។ ទិញផ្ទះរស់នៅផង និងរកចំណូលផង គឺជាបរិបទដ៏ពេញនិយម សម្រាប់ជនជាតិខ្មែរ នៅពេលបច្ចុប្បន្ន។ មានលក្ខណៈមួយចំនួន ដែលអ្នកត្រូវតែពិចារណាឲ្យបានច្បាស់លាស់ នៅពេលទិញផ្ទះ។ ដោយឡែកប្រសិនបើអ្នកចង់ទិញផ្ទះ សម្រាប់ធ្វើអាជីវកម្ម ដើម្បីទទួលបានប្រាក់ចំណូលប្រចាំខែ អ្នកត្រូវតែកំណត់ពីគោលដៅរបស់អ្នក និងស្វែងយល់ពីលក្ខណៈពិសេស របស់អចលនទ្រព្យនោះជាមុនសិន។
ខាងក្រោមនេះ គឺជាចំណុចគន្លឹះមួយចំនួន ដែលអ្នកអាចពិចារណានៅ ពេលទិញផ្ទះអាជីវកម្ម។
ទី១ ទីតាំង
សម្រាប់ផ្ទះដែលធ្វើអាជីវកម្ម អ្នកគួជ្រើសរើសទីតាំងដែលងាយស្រួលរក និងងាយមើល ឃើញ។ ម្យ៉ាងទៀតអ្នកត្រូវតែមើលថា តើទីតាំងនោះស្ថិតនៅក្បែរស្ថាប័នអ្វីខ្លះ ដូចជា សាលារៀន សាកលវិទ្យាល័យ វត្តអារាម មន្ទីរពេទ្យ ផ្សារ ហាងទំនិញ និងកន្លែងសំខាន់ៗទៀត ព្រោះវាអាចធ្វើឲ្យអតិថិជនអ្នក មកពីស្ថាប័នផ្សេងៗចូលមកកន្លែងរបស់អ្នក។
មិនត្រឹមតែប៉ុណ្ណោះ អ្នកត្រូវមើលលើទីតាំងនោះថា មមាញឹកដែរឬទេ។ បើវាមមាញឹក អាចមានគុណសម្បត្តិ និងគុណវិបត្តិ សម្រាប់អាជីវកម្មលោកអ្នក។ អ្នកត្រូវរើសយកទីតាំងចំផ្លូវកែង ឬជាប់ផ្លូវធំ។ ប៉ុន្តែសូមចងចាំដែរថា បើសិនបើមានចរាចរណ៍ មមាញឹកខ្លាំងពេកនៅមុខកន្លែងរបស់អ្នកនោះ វាអាចប៉ះពាល់ដល់អាជីវកម្មអ្នក ប៉ុន្តែវាក៏អាស្រ័យលើប្រភេទមុខជំនួញរបស់អ្នកផងដែរ។
ទី១ គោលបំណងនៃអាជីវកម្ម
មុននឹងសម្រេចចិត្តទិញផ្ទះ អ្នកទិញផ្ទះត្រូវសួរខ្លួនឯងថា តើប្រភេទនៃអាជីវកម្មបែបណា ដែលអ្នកចង់ធ្វើ? ជាការលក់ទំនិញ ឬសេវាកម្ម? តើផ្ទះនោះ ជាកន្លែងដែលជួបជាមួយអតិថជន ឬសម្រាប់តែបុគ្គលិកធ្វើការ? តើអ្នកត្រូវការទំហំប៉ុនណា និងមានមនុស្សប៉ុន្មាននាក់ ធ្វើការនៅទីនោះ? ម្យ៉ាងវិញទៀត អ្នកត្រូវស្ពាល់អតិថិជនគោលដៅរបស់អ្នក។ បន្ទាប់ពីបានស្វែងយល់ចំណុចនេះ អ្នកអាចពិចារណាថា តើប្រភេទផ្ទះណា ដែលសាកសម សម្រាប់ការធ្វើអាជីវកម្មរបស់អ្នក។
ទី៣ ប្រភេទផ្ទះអាជីវកម្ម
អ្នកត្រូវមើលថា តើអាជីវកម្មរបស់អ្នក ត្រូវការរូបរាង ទំហំ ឬទីធ្លាយ៉ាងដូចម្ដេច? សម្រាប់អាជីវកម្មអ្នក? បើអាជីវកម្មរបស់អ្នកមានយីហោល្បី អ្នកអាចជ្រើសយកផ្ទះនោះត្រូវ ងាយស្រួលក្នុងការតុបតែងឲ្យមានភាពទាក់ទាញ។ តែបើអាជីវកម្មសាមញ្ញ អ្នកជ្រើសរើសផ្ទះធម្មតាក៏បានដែរ។ សម្រាប់ទំហំវិញ អ្នកត្រូវមើលថា តើមានទីធ្លាសម្រាប់ប្រើប្រាស់ឬទេ ជាពិសេសគឺកន្លែងចតរថយន្ដ។
ទី៤ តម្លៃ
អ្នកត្រូវកំណត់ពីផែនការថវិការបស់អ្នក ដើម្បីទិញផ្ទះនៅត្រឹមតម្លៃណាមួយ តាមលទ្ធភាព និងឲ្យត្រូវនឹងសក្ដានុពលអាជីវកម្មរបស់អ្នក។ ត្រង់ចំណុចនេះ អ្នកគួតែសិក្សាតម្លៃផ្ទះ នៅក្នុងទីផ្សារ ឲ្យបានច្បាស់លាស់ផងដែរ។
ទី៥ ហិរញ្ញវត្ថុ
ដំបូង អ្នកត្រូវដឹងថា តើអ្នកមានសាច់ប្រាក់ប៉ុន្មានក្នុងដៃ ហើយត្រូវពិចារណាថា តើត្រូវជ្រើសរើសយក ហិរញ្ញប្បទានដូចម្ដេច? អ្នកគួតែបង់ផ្តាច់ ឬបង់រំលស់? តើអ្នកមានប្រាក់គ្រប់គ្រាន់ សម្រាប់ទិញផ្ទះនោះទេ? បើមានគ្រប់តើអ្នកគួបង់ផ្ដាច់ ដើម្បីកុំឲ្យខាតការប្រាក់ ឬទុកសាច់ប្រាក់ខ្លះ សម្រាប់ធ្វើអាជីវកម្ម? បើសិនអ្នកជ្រើសរើសយកការបង់រំលស់ អ្នកត្រូវពិចារណាថា តើចំណូលអ្នកអាចបង់រំលស់បាន ហើយសល់ចំណូលសម្រាប់អាជីវកម្មដែរឬទេ? ម្យ៉ាងទៀត អ្នកក៏គួរពិចារណាក្នុងស្ថាប័នហិរញ្ញវត្ថុ ដែលអ្នកជ្រើសរើសផងដែរ ថាប្រសិនផ្ទះអាជីវកម្មនោះ ជាផ្ទះក្នុងបុរី តើអ្នកគួបង់តាមម្ចាស់បុរី ឬបង់ជាមួយធនាគារ៕