កីឡាជាតិ
ជាតិ
លោក ស៊ុំ វណ្ណា ដឹកនាំ​បង្វឹក​ភ្នំពេញ​ក្រោ​ន បន្ត​ពី​លោក Leonardo Vitorino
09, May 2019 , 7:19 pm        
រូបភាព
លោក ស៊ុំ វណ្ណា ត្រូវបានតែងតាំងឲ្យធ្វើជាគ្រូបង្វឹកក្លិបភ្នំពេញក្រោនបណ្តោះអាសន្ន ជំនួសលោក Leonardo Vitorino, រូបភាពពីក្លិបភ្នំពេញក្រោន
លោក ស៊ុំ វណ្ណា ត្រូវបានតែងតាំងឲ្យធ្វើជាគ្រូបង្វឹកក្លិបភ្នំពេញក្រោនបណ្តោះអាសន្ន ជំនួសលោក Leonardo Vitorino, រូបភាពពីក្លិបភ្នំពេញក្រោន
ដោយ:
​លោក ស៊ុំ វណ្ណា ដែល​ទើប​រៀន​ចប់​វគ្គ​គ្រូបង្វឹក AFC A-License ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​គ្រូបង្វឹក​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ជំនួស​គ្រូបង្វឹក​ប្រេ​ស៊ី​ល Leonardo Vitorino ដែល​ទើប​បញ្ចប់​កិច្ចសន្យា​ជាមួយ​ក្លិប​កាលពីពេល​ថ្មីៗ​។ ពាក់ព័ន្ធ​ការបញ្ចប់​កិច្ចសន្យា​ពាក់កណ្តាល​ទីនេះ លោក លី ហៀ​ង អគ្គលេខាធិការ​ក្លិប​បាន​បញ្ជាក់ថា គឺពាក់ព័ន្ធ​នឹង​លទ្ធផល​ប្រកួត​កន្លងមក​។​

 
​ក្រោយ​បញ្ចប់​កិច្ចសន្យា​ពាក់​កណ្តាលផ្លូវ​ជាមួយ​គ្រូបង្វឹក​ប្រេ​ស៊ី​ល Leonardo Vitorino ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​នស​ម្រេច​ដំឡើង​តួនាទី​លោក ស៊ុំ វណ្ណា ពី​គ្រូ​ជំនួយ​មកកាន់​តួនាទី​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន​។ លោក ស៊ុំ វណ្ណា អតីត​គ្រូបង្វឹក​ក្លិប​បាល់ទាត់​វេ​ស្ទើ​ន​ភ្នំពេញ ដែល​បាន​ដកខ្លួន​ចេញពី​លី​គ​កំពូល​កម្ពុជា​កាលពី​ចុងឆ្នាំ​២០១៨ ត្រូវបានតែងតាំង​ឲ្យ​ជា​គ្រូ​ជំនួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨​។ លោក​ទើប​បញ្ចប់​វគ្គ​សិក្សា​គ្រូបង្វឹក AFC A-License កាលពីពេល​ថ្មីៗ​។ 


 
​ការបញ្ចប់​កិច្ចសន្យា​ពាក់​កណ្តាលផ្លូវ​ជាមួយ​លោក Leonardo បានធ្វើ​ឲ្យ​ទស្ស​និក ពិសេស​អ្នកគាំទ្រ​កីឡាបាល់ទាត់​កម្ពុ​ជាមាន​ការងឿងឆ្ងល់​យ៉ាងខ្លាំង រហូត​មាន​អ្នកខ្លះ​វាយតម្លៃថា អាច​បណ្តាលមកពី​បញ្ហា​សុខភាព​ជំងឺ​សម្ពាធ​បេះដូង និង​ពាក់ព័ន្ធ​លទ្ធផល​ប្រកួត​ជាដើម​។​
 
​ដើម្បី​បញ្ចប់​ចម្ងល់​ទាំងនេះ  លោក លី ហៀ​ង អគ្គលេខាធិការ​ក្លិប​ភ្នំពេញ​ក្រោ​ន​បាន​បកស្រាយ​ថា ការបញ្ចប់​កិច្ចសន្យា​ជាមួយ​លោក Leonardo គឺ​បណ្តាលមកពី​មាន​សម្ពាធ​លទ្ធផល​ប្រកួត និង​ការពិភាក្សា​រវាង​ក្លិប​ជាមួយ​គ្រូបង្វឹក​រូបនេះ​កន្លងមក​។​«​យើង​ឃើញ​មាន​សម្ពាធ​ខ្លាំង​ទាក់ទង​ទៅនឹង​លទ្ធផល ហើយ​នេះ​ជា​អ្វីដែល​យើង​បានគិត ហើយ​បញ្ហា​នេះ​វា​មិនមែនជា​រឿង​ងាយស្រួល​នោះទេ អ៊ីចឹង​ហេតុផល​ដែល​យើង​បាន​ពិភាក្សា​ជាមួយ​គាត់​កន្លងមក និង​យោងទៅតាម​អ្វីដែល​បានកើត​ឡើង​ចំពោះ​លទ្ធផល​នៃ​ការប្រកួត គឺ​យើង​បានសម្រេច​បញ្ចប់​កុងត្រា​ជាមួយ​គាត់​»​។ 
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ពេល​ចូលមក​ដឹកនាំ​ក្លិប​ភ្នំពេញ​ក្រោ​ន​លោក Leonardo Vitorino បាន​និយាយថា លោក​មក​ចូលរួម​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន គឺ​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ធនធាន​ថ្នាល និង​ជួយ​ឲ្យ​ក្លិប​ឈ្នះ​ជើងឯក​នៅ​ឆ្នាំនេះ​។ ហើយ​លោក​បាន​អះអាងថា បើ​ក្លិប​ទទួលបាន​លទ្ធផល​មិនល្អ​លោក​នឹង​ដើរ​ពី​ក្លិប​ដោយ​ខ្លួន​។ 
 
​គ្រូបង្វឹក​ប្រេ​ស៊ី​ល​រូបនេះ​មិនបាន​ចាត់ទុក​កិច្ចសន្យា​សំខាន់​សម្រាប់​ខ្លួន​នោះឡើយ អ្វីដែល​សំខាន់​គឺ​ជួយ​ក្លិប​រីកចម្រើន​។ «​បើសិន​លទ្ធផល​មិនបាន​ល្អ គ្រូបង្វឹក​ត្រូវតែ​ចាកចេញ គឺ​គ្មាន​អ្វីដែល​សំខាន់​នោះទេ ហើយ​ខ្ញុំ​មក​ទីនេះ គឺ​ដើម្បី​ធ្វើ​អ្វី​ឲ្យ​អស់ពី​ចិត្ត និង​ឲ្យ​មានការ​រីកចម្រើន​»​។ នេះ​ការលើកឡើង​របស់លោក Leonardo ពេល​បង្ហាញខ្លួន​ចូលមក​ដឹកនាំ​ក្លិប​ភ្នំពេញ​ក្រោ​ន​កន្លងមក​។ 
 
​ក្រោម​ការដឹកនាំ​៦​ប្រកួត​កន្លងមក​រប​ស់លោក Leonardo Vitorino ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ក្រុម​ភ្នំពេញ​ក្រោ​ន​ទទួលបាន​ជ័យជម្នះ​២ និង​ចាញ់​៤​លើក​។ បច្ចុប្បន្ន​ក្រុម​ជើងឯក​៦​សម័យកាល​មួយ​នេះ ស្ថិតនៅ​លេខ​រៀង​ទី​១០​មាន​៦​ពិន្ទុ​។​
 
​មុន​ក្លាយជា​គ្រូ​ជំនួយ​ភ្នំពេញ​ក្រោ​ន លោក វណ្ណា ធ្លាប់មាន​ប្រវត្តិ​ដឹកនាំ​ក្លិប​ស៊ីម៉ាក់​យូ​ណាយ​ធី​ត វេ​ស្ទើ​ន​ភ្នំពេញ និង​គ្រូ​ជំនួយ​ក្លិប​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត​។ សម្រាប់​ក្លិប​ក្រៅ​លី​គ លោក​ធ្លាប់​នាំ​ក្រុម​ធី​អិន​កណ្តាល បាន​លេខ​ពីរ​នៃ​ពានរង្វាន់​សម្តេច ហេង សំរិន ឆ្នាំ​២០១៨៕ 

Tag:
 បាល់ទាត់​
  ស៊ុំ វណ្ណា​
  ភ្នំពេញ​ក្រោ​ន
© រក្សាសិទ្ធិដោយ thmeythmey.com