ជាតិ
រដ្ឋមន្ត្រី​ទេសចរណ៍ ហាម​ផ្ដល់​លុយ​ក្រៅផ្លូវការ​ទៅ​មន្ត្រី​បោះត្រា​នៅ​ច្រកទ្វារ​អន្តរជាតិ​
09, May 2019 , 9:39 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងទេសចរណ៍
រូបពីហ្វេសប៊ុកក្រសួងទេសចរណ៍
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន ហាម​អ្នកដឹកនាំ​ក្រុម​ទេសចរ​ទាំងឡាយ ផ្ដល់​ថវិកា​ក្រៅផ្លូវការ​ទៅ​មន្ត្រីនគរបាល នៅពេល​បោះត្រា​លើ​លិខិតឆ្លងដែន នៅតាម​ច្រកទ្វារព្រំដែន​អន្តរជាតិ និង​ព្រលានយន្តហោះ​អន្តជាតិ ដើម្បី​ជា​ថ្នូរ​នឹង​ការងាយស្រួល​ចេញ​-​ចូល តាមរយៈ​ការបោះ​ត្រា​ឡើយ​។ ការហាម​ប្រាម​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ ទទួលបាន​ព័ត៌មាន​ផ្តល់​ថវិកា​ក្រៅផ្លូវការ​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍​។​


 
​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ យក​ព័ត៌មាន​សូក​ប្រាក់​នេះ ទៅប្រាប់​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​ថា មាន​ករណី​ភ្ញៀវទេសចរ​ចិន បានផ្ដល់​ប្រាក់​ក្រៅផ្លូវការ​ទៅ​មន្ត្រីនគរបាល​បោះត្រា​លើ​លិខិតឆ្លងដែន​របស់​ពួកគេ ។ ទឹកប្រាក់​នោះ មាន​ចំនួន​ពី ២០០០​រៀល ទៅ​៥០០០​រៀល ឬ ៥​យ័ន តែប៉ុណ្ណោះ​។​
 
​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ដែល​ទទួលបាន​របាយ​ការណ៍​ជុំវិញ​បញ្ហា​នេះ បាន​និយាយ​ដូច្នេះ​ថា​៖« ចិន នៅ​ខេត្តសៀមរាប ពិសេស Tour Leaders ហ្នឹង​ហ្មង គាត់​ហៀបនឹង​ឡើង​ឡាន​ចេញ​ហើយ គាត់​ថា​ដាក់​លុយ​ឱ្យគេ​ក្នុង Passport ទៅ ដើម្បី​គេ​វ៉ៃ​ត្រា​ឱ្យ​ស្រួល​ខ្លះ​។ ខ្ញុំ​បាន​តាមដាន​មើលឃើញ​ដាក់​លុយ​ខ្មែរ ២០០០, ៥០០០ (​រៀល​) បើ​មិន​អ៊ីចឹង​ទេ ៥​យ័ន​»​។​
 
​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​រូបនេះ បាន​អះអាងថា ខ្លួន​បាន​ព្យាយាម​ហាម​មន្ត្រីនគរបាល​ពាក់ព័ន្ធ​ទាំងនោះ ទទួល​ប្រាក់​ឬ​ប្រព្រឹត្ត​ទង្វើ​បែបនេះ​ឡើយ ព្រោះ​វា​ជា​អំពើ​ខុសច្បាប់​។​
​ភ្លាមៗ​ក្រោយ​ឭ​ការលើកឡើង​របស់លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ នេះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏បាន​ប្រកាស​ដាច់​ណាត់​ហាម​អ្នកដឹកនាំ​ក្រុម​ទេសចរ​ទាំងឡាយ ផ្ដល់ប្រាក់​ក្រៅផ្លូវការ​បែបនេះ​ទៀត​។ លោក ថោង ខុន បញ្ជា​ឲ្យ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ទាំងអស់ ប្រជុំ​ផ្សព្វផ្សាយ​អំពី​បញ្ហា​ខុស​នេះ ទៅដល់​ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍ ដោយ​ហាម​ពួកគេ​ប្រព្រឹត្ត​ទង្វើ​មិនគួរ​គប្បី​នេះ​។​
 
​ថ្លែង​ក្នុង​កិច្ចប្រជុំពេញអង្គ​លើក​ទី​១ អាណត្តិ​ទី​៦ របស់​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សម្របសម្រួល​ការធ្វើដំណើ​រ និង​ដឹកជញ្ជូន​ភ្ញៀវទេសចរ និង​អ្នកដំណើរ​នៅ​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ និង​ច្រកទ្វារ​អន្តរជាតិ​ទូទាំងប្រទេស កាលពី​ថ្ងៃទី​៨ ខែឧសភា រដ្ឋមន្ត្រី​ទេសចរណ៍ បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ទោះបី​មាន​បញ្ហា​នេះ​កើតឡើង​ក៏ដោយ លោក​នៅតែ​ព្យាយាម​ឱ្យ​មន្ត្រីនគរបាល​ពាក់ព័ន្ធ ដាច់ខាត​មិនត្រូវ​ធ្វើ​យ៉ាង​ដូច្នោះ​ទេ ព្រោះ​មិនមែនជា​ចំណុច​ល្អ ហើយ​ជា​អំពើ​ខុសច្បាប់​»​។​
 
​នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ ក្រសួងមហាផ្ទៃ នឹង​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​នូវ​សា​លាកប​ត្រ​ចេញចូល​ថ្មី ដែលមាន​ភាពងាយស្រួល​ក្នុងការ​បំពេញបែបបទ​សុំ​ទិដ្ឋាការ​ពេល​ភ្ញៀវទេសចរ​មកដល់​កម្ពុ​ជា​។ ការប្រើប្រាស់​សាលា​កប​ត្រ​ថ្មី​នេះ ក្នុង​គោលបំណង​កាត់បន្ថយ​នូវ​របាំង​មិនចាំបាច់​នៅតាម​ច្រកទ្វារ​អន្តរជាតិ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ទស​ចរណ៍ ដែល​បាន​ស្រង់​សម្តី​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​៕
 

Tag:
 ថោង ខុន​
  ទេសចរណ៍​
  អន្តរជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com