ជាតិ
សង្គមជាតិ
​សម្តេច ស ខេង ប្រាប់​លោកស្រី ស្មី​ត ពី​ការខិតខំ​របស់រដ្ឋាភិបាល លើការលើកកម្ពស់​សង្គម​ស៊ីវិល
09, May 2019 , 4:07 pm        
រូបភាព
ជំនួបរវាងសម្តេច ស ខេង និង លោកស្រី ស្មីត
ជំនួបរវាងសម្តេច ស ខេង និង លោកស្រី ស្មីត
​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង បានបញ្ជាក់​ប្រាប់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ លោកស្រី រ៉ូ​ណា ស្មី​ត ថា​សង្គម​ស៊ីវិល​ដែលមាន​វត្តមាន​ក្នុងប្រទេស​កម្ពុ​ជាមាន​សិទ្ធិសេរីភាព​ពេញលេញ​លើ​ការ​ប្រតិបត្តិការ​ការងា​រ​របស់ខ្លួន  ហើយ​ករណី​មួយចំនួន​ដែល​បាន​កើតឡើង មិនមែនជា​គោល​ការ​របស់​ក្រសួង​នោះទេ​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ថ្លែងប្រាប់​អ្នកកាសែត ក្រោយ​ជំនួប​រវាង​សម្តេច ស ខេង និង​លោកស្រី រ៉ូ​ណា ស្មី​ត កាលពី​ថ្ងៃទី​៨ ខែឧសភា​។​

 
​នា​ជំនួប​អ្នកស្រី រ៉ូ​ណា ស្មី​ត បានលើកឡើង​ពី​កង្វល់​ទាក់ទង​នឹង​ការ​រឹតត្បិត​សេរីភាព​លើ​អង្គការ​សង្គម​ស៊ីវិល ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ជាពិសេស​តាមរយៈ​ច្បាប់​អង្គការ​សង្គម​ស៊ីវិល​។ លើសពីនេះ​អ្នកស្រី​ក៏បាន​លើកឡើង​ពី​ការ ធ្វើ​វិសោធនកម្ម​លើ​មាត្រ​មួយចំនួន​នៃ​ច្បាប់សង្គម​ស៊ីវិល​នេះ​ផងដែរ​។ 
 
​បើតាម លោក ផាត សុ​ផានិត អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ សម្តេច ស ខេង បាន​ឆ្លើយតប​ថា ក្រសួង​បានដាក់​ចេញ​នូវ​យន្តការ​ឲ្យ​មានការ​ជួបគ្នា​រវាងរ​ដ្ឋា​ភិ​បាល និង​សង្គម​ស៊ីវិល ចំនួន​ពីរដង​ក្នុង​មួយឆ្នាំ (​ខែមករា និង​ខែកក្កដា​) ដែល​បើកឱកាស​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ពី​បញ្ហា​ប្រឈម និង​ក្តីកង្វល់​ផ្សេងៗ របស់ខ្លួន​ដើម្បី​យកមក​ពិភាក្សា​រក​ដំណោះស្រាយ​រួមគ្នា ដើម្បី​ជា​ប្រយោជន៍​ទាំងអស់គ្នា​ក្នុងការ​បំពេញភារកិច្ច​ប្រកបដោយ​ប្រសិទ្ធិភាព ព្រមទាំង​ជាការ​បង្កើន​ទំនុកចិត្ត​រវាង​អង្គការ​សង្គម​ស៊ីវិល និង​រដ្នា​ភិ​បាល​ផងដែរ​។ 
 
​ចំពោះ​វិសោធនកម្ម​ច្បាប់​អង្គការ​សង្គម​ស៊ីវិល​វិញ សម្តេច​បាន​លើកឡើងថា ប្រសិនបើ​អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​យល់ថា​នៅមាន​ចំនុច​ខ្វះខាត​ណាមួយ​នៃ​ច្បាប់​នេះ ដែល​ត្រូវ​កែ​ល​ម្រ​ឲ្យ​កាន់តែ​ប្រសើ​នោះ រាជរដ្ឋាភិបាល​ស្វាគមន៍​ជានិច្ច រាល់​គំនិតល្អៗ ដើម្បី​ជា​ប្រយោជន៍​រួម​។ ប៉ុន្តែ​សម្តេច​បាន​សង្កត់ធ្ងន់ថា​ការកែលម្អ​ត្រូវតែ​ធ្វើការ​សិក្សារ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ព្រមទាំង​ស្របទៅតាម​ច្បាប់រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​។ 
 
«​សម្ដេច​ក្រឡាហោម​បានបញ្ជាក់​លោកស្រី​ស្មី​ត​ថា ករណី​មួយចំនួន​មិនមែនជា​គោលការណ៍​រប​ស់រាជ​រដ្ឋាភិបាល ក៏​មិនមែនជា​សេចក្តីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ​នោះទេ ប្រសិនបើ​មាន​ករណី​មិន​ប្រក្រតី​ណាមួយ សម្ដេច​សុំ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល លើកយក​បញ្ហា​ទាំងនោះ​មកជួប​ពិភាក្សាគ្នា​៦​ខែម្ដង ដើម្បី​ដោះស្រាយ​រួមគ្នា​»​។ នេះ​បើតាម​សម្តី​រដ្ឋមន្ត្រី​មហាផ្ទៃ ដែល​អ្នកនាំពាក្យ​រៀបរាប់​ប្រាប់​អ្នកកាសែត ដោយ​បន្ថែមថា វា​អាចមាន​បញ្ហា​ខ្វះចន្លោះ​ដោយ​ប្រការ​ណាមួយ​នៅតាម​មូលដ្ឋាន ឬ​ទីតាំង​ណាមួយ ប៉ុន្តែ​ត្រូវមាន​ការជជែក​គ្នា​ដោយ​ត្រង់​ទៅ​ត្រង់​មក​តាម​យន្ត​ការណ៍​ដែលមាន​ស្រាប់​។​
 
​អ្នកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ក្រោយ​ជំនួប​ថា អ្នកស្រី​បាន​ពិភាក្សា​លើ​បញ្ហា​មួយចំនួន ដូចជា​ភាព​ចង្អៀត​ណែន​នៃ​ពន្ធនាគារ យុទ្ធនាកា​រណ៍ប​ង្រា​ប​គ្រឿងញៀន ច្រកចេញចូល​តែមួយ និង​ការ​រឹតត្បិត​សិទ្ធិសេរីភាព​លើ​សង្គម​ស៊ីវិល​។ 
 
​អ្នកស្រី​បានបញ្ជាក់​ថា​៖ «​យើង​បាន​ជជែក​គ្នា​លើ​បញ្ហា​សិទ្ធិសេរីភាព​នៃ​ការជួបជុំ និង​ការប្រើប្រាស់​អំណាច​របស់ មន្ត្រីប៉ូលិស និង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ការងារ​របស់​ក្រសួង​ដើម្បី​កសាង​ទំនាក់ទំនង​ល្អ​រវាង​រា​ដ្ឋា​ភិ​បាល និង​សង្គម​ស៊ីវិល ទាំង​ថ្នាក់ជាតិ ក្រោម​ជាតិ និង​ការពង្រឹង​ការផ្តល់សេវា​សាធារណៈ​ដ​ល់​ប្រជាពលរដ្ឋ​តាមរយៈ​ច្រកចេញចូល​តែមួយ​»៕
 

Tag:
 សង្គម​ស៊ីវិល​
  សម្តេច ស ខេង​
  រ៉ូ​ណា ស្មី​ត​
© រក្សាសិទ្ធិដោយ thmeythmey.com