កីឡាករ ឃីម ឌីម៉ា ជាសមាសភាពមួយរូបក្នុងចំណោម៨រូប ដែលត្រូវប្រជែងជាមួយកីឡាករថៃ ដើម្បីដណ្តើមថវិកា១ម៉ឺនដុល្លារក្នុងកម្មវិធីប្រដាល់របស់ស្ថានីយទូរទស្សន៍ភីអិនអិន ដែលត្រូវចាប់ផ្តើមនៅថ្ងៃទី១២ ខែឧសភានេះ។ សម្រាប់ការប្រកួតនេះដែរ ឌីម៉ា ត្រូវសម្រកទម្ងន់៣គីឡូក្រាម តែរូបគេអះអាងថា មិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់រូបគេនោះទេ។ ទោះជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម តែរូបគេហាក់មិនហ៊ានមើលស្រាលសមត្ថភាពដៃគូនោះទេ ហើយប្តេជ្ញានឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។ លោក និន ភីរម្យ ជំរុញឲ្យមន្ត្រីអាជ្ញាកណ្តាលចៅក្រមកាត់ក្តីឲ្យបានត្រឹមត្រូវ ដោយឈរលើគោលការណ៍យុត្តិធម៌។
ម្ចាស់មេដាយមាសកីឡាស៊ីហ្គេមឆ្នាំ២០១៧ ឃីម ឌីម៉ា អះអាងថា ការសម្រកទម្ងន់៣គីឡូក្រាម គឺមិនប៉ះពាល់ដល់ការប្រជែងដណ្តើមខ្សែក្រវាត់មាស និងថវិកា១ម៉ឺនដុល្លារក្នុងកម្មវិធីប្រដាល់ថ្មីអធិរាជគុនខ្មែរ ISI Palm របស់ស្ថានីយទូរទស្សន៍ភីអិនអិននោះទេ។ ប៉ុន្តែ ឌីម៉ា និយាយថា ការសម្រកទម្ងន់នេះ វាអាចធ្វើឲ្យកម្លាំងរបស់គេថមថយជាងប្រកួតក្នុងទម្ងន់ធម្មតា។
មានតែការខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាពប៉ុណ្ណោះ ដែលជាក្តីរំពឹង សម្រាប់អ្នកប្រដាល់មកពីខេត្តបន្ទាយមានជ័យរូបនេះ ក្នុងការឈានទៅប្រជែងដណ្តើមខ្សែក្រវាត់មាស។ តែបើឲ្យដាក់គោលដៅត្រូវតែយកឈ្នះគ្រប់ការប្រកួត ឌីម៉ា បដិសេធថា មិនអាចទៅរួចនោះទេ ព្រោះរូបគេមិនទាន់បានសិក្សាពីសមត្ថភាពរបស់គូប្រកួតនៅឡើយទេ។ ហើយកីឡាកររូបនេះ ជឿជាក់ថា កីឡាករថៃទាំង៨រូប ដែលគេដាក់ឲ្យប្រកួតប្រជែងជាមួយកីឡាករកម្ពុជា អាចនឹងមានសមត្ថភាពខ្ពស់។
«សម្រាប់ខ្ញុំការសម្រកទម្ងន់ វាអាចធ្វើឲ្យខ្ញុំមិនមានកម្លាំងពេញដូចប្រកួតទម្ងន់ធម្មតា។ ការរំពឹងរបស់ខ្ញុំ មានតែការខិតខំប្រកួតដើម្បីយកឈ្នះគូប្រកួត បើថាឲ្យខ្ញុំត្រូវតែយកឈ្នះពួកគាត់ ខ្ញុំមិនអាចនិយាយបាននោះទេ ព្រោះពួកគាត់សុទ្ធតែជាកីឡាករល្អៗ ដូច្នេះសម្រាប់ខ្ញុំមានតែការព្យាយាម»។ ការលើកឡើងបែបនេះរបស់កីឡាករ ឃីម ឌីម៉ា ធ្វើឡើងក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានក្រោយសន្និសីទមុនបើកការប្រកួតកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅស្ថានីយទូរទស្សន៍ភីអិនអិន។
នៅចំពោះមុខមន្ត្រីអាជ្ញាកណ្តាលចៅក្រម លោក និន ភីរម្យ អគ្គលេខាធិការរងសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានក្រើនរំលឹកពីប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជំរុញឲ្យសហព័ន្ធរៀបចំវគ្គបណ្តុះបណ្តាលដល់អាជ្ញាកណ្តាលចៅក្រុមពីសីលធម៌ក្នុងការកាត់ក្តី និងដាក់ពិន្ទុ។ ឆ្លើយតបនឹងបញ្ហានេះអគ្គលេខាធិករងរូបនេះ បានជំរុញឲ្យមន្ត្រីអាជ្ញាកណ្តាលចៅក្រមត្រូវកាត់ក្តីឲ្យបានត្រឹមត្រូវ មិនលម្អៀងទៅរកភាគម្ខាងៗ ពិសេសត្រូវឈរលើស្មារតីយុត្តិធម៌ និងសុក្រិតភាព។
«មន្ត្រីយើងទាំងអស់ត្រូវប្រឹងប្រែងរៀនសូត្រពីបទបញ្ជាប្រកួត និងបទបញ្ជានៃការដាក់ពិន្ទុ ហើយត្រូវម៉ឺងម៉ាត់ធ្វើយ៉ាងណាឲ្យការដាក់ពិន្ទុមានភាពត្រឹមត្រូវនិងយុត្តិធម៌។ សំខាន់ធ្វើយ៉ាងណាឲ្យកីឡាករមានការជឿជាក់លើពិន្ទុ ដែលយើងបានដាក់ឲ្យពួកគេ»។ លោក និន ភីរម្យ ក្រើនរំលឹកអាជ្ញាកណ្តាលចៅក្រមបែបនេះ ហើយជំរុញឲ្យកីឡាករត្រូវគោរពបញ្ជាការប្រកួត ស្តាប់ការណែនាំរបស់គ្រូបង្វឹក គោរពវិន័យហ្វឹកហាត់និងប្រកួត និងប្រកួតឲ្យអស់ពីសមត្ថភាព។
ប្រធានផ្នែកព័ត៌មានកីឡារបស់ភីអិនអិនលោក ស្រ៊ឺ ស្រេង ហៅសំណព្វ បានអះអាងថា កីឡាករថៃទាំង៨រូប ដែលលោកដាក់ឲ្យប្រកួតប្រជែងជាមួយកីឡាករកម្ពុជាសុទ្ធសឹងជាកីឡាករមានសមត្ថភាពខ្ពស់ ដែលអាចធ្វើឲ្យការប្រកួតមានការជក់ចិត្តតាំងពីទឹកទី១ដល់ទឹកទី៥។ លោកបានបន្តថា កីឡាករថៃភាគច្រើនមិនសូវដែលមកប្រកួតនៅកម្ពុជានោះទេ។
សម្រាប់ការបើកសង្វៀនប្រដាល់ឡើងវិញនេះ ភីអិនអិនបានផ្លាស់ប្តូរពេលវេលា និងរូបមន្តប្រកួតមួយចំនួន ដែលលោក សំណព្វ អះអាងថា ការផ្លាស់ប្តូរនេះ នឹងធ្វើឲ្យការប្រកួតមានលក្ខណៈប្លែក ទាក់ទាញ និងស្វិតស្វាញជាងមុន ពិសេសជំរុញឲ្យកីឡាករត្រូវឲ្យអស់ពីសមត្ថភាពតែម្តង។
ពាក់ព័ន្ធនឹងរូបមន្តប្រកួតលោក ស្រ៊ឺ ស្រេង បានពន្យល់ថា ការប្រកួតប្រើរូបមន្តចាញ់ធ្លាក់តាំងពីដើមរហូតដល់ចប់ការប្រកួត។ កីឡាករកម្ពុជាទាំង៨រូបត្រូវប្រកួតជាមួយកីឡាករថៃរៀងៗខ្លួន ហើយអ្នកឈ្នះនឹងឡើងទៅវគ្គបន្ត ឯអ្នកចាញ់គឺធ្លាក់តែម្តង។ មុនឈានដល់ប្រកួតដណ្តើយកខ្សែក្រវាត់មាស និងថវិកា១ម៉ឺនដុល្លារ គឺកីឡាករទាំងនេះត្រូវប្រជែងគ្នាដណ្តើមយកខ្សែក្រវាត់ប្រាក់ប្រចាំខែជាមុនសិន។ ម្ចាស់ខ្សែក្រវាត់ប្រាក់ប្រចាំខែ៤ នឹងឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។
សម្រាប់ការប្រកួតកីឡាប្រដាល់អធិរាជគុនខ្មែរ ISI Palm ទម្ងន់៦០គីឡូក្រាមអមជាមួយថវិកា១ម៉ឺនដុល្លាររបស់ភីអិនអិន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ដោយក្នុងមួយសប្តាហ៍មានការប្រកួតចំនួន៤គូ គឺប្រកួតមិត្តភាពអន្តរជាតិ៣ និងគូដណ្តើមខ្សែក្រវាត់១គូ។
កីឡាករកម្ពុជាចំនួន៨រូបរួមមាន ឃីម ឌីម៉ា, ឡៅ ចិត្រា, កូយ ឡាយ, លន បញ្ញា, សុខ សាវិន, សារឿន ចន្ទ, ឡុង ជិន, និង ធន មករា ខណៈកីឡាករថៃរួមមាន Yuthakan Petch Por Tor Or, Pakalek Tor Laksong, Prajanban Sor Jor Vichitpadriv, Jaroenlaph Sitwirachat, Sentanong Sor Yingjaroeunkanchang, Chamuakpetch Pran26, Phanrit Kesagym និង Kongsiam Mor Rithpitak៕