កីឡាអន្តរជាតិ
អន្តរជាតិ
Brexit? សម្រាប់​បាល់ទាត់ គឺ ទេ​! Premier League ៤​ក្រុម​បង្ហាញ​ភាពខ្លាំង​នៅ​អឺរ៉ុប​
10, May 2019 , 8:19 pm        
រូបភាព
​ការព្យាយាម​ចាកចេញ​ពី​អឺរ៉ុប​របស់​អង់គ្លេស ឬ Brexit មិន​ប៉ះពាល់​ដល់​បាល់ទាត់​នោះឡើយ​។ នៅ​រដូវ​កាល​នេះ ក្រុម Premier League អង់គ្លេស បាន​ចារ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​ដំបូងបង្អស់ តាមរយៈ​ការឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​អឺរ៉ុប​ទាំងអស់​។ Arsenal ត្រូវ​ជួប Chelsea នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​លំដាប់​ទី​ពីរ Europa League រីឯ Liverpool ត្រូវ​ប្រជែង​ជាមួយ Tottenham Hotspur ដើម្បី​ដណ្តើមពាន Champions League​។​


 
​ប្រវត្តិសាស្ត្រ​ធ្លាប់មាន​ពី​រលើ​កន្លងមក ដោយ Tottenham Hotspur ប៉ះ Wolverhampton នៅ​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Cup ឆ្នាំ​១៩៧២ និង Manchester United តទល់​ជាមួយ Chelsea នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ឆ្នាំ​២០០៨ ប៉ុន្តែ​នេះ​ជា​លើកដំបូង​បំផុត​ដែល​ក្រុម Premier League ណាត់គ្នា​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​សម្រាប់​ក្របខណ្ឌ​អឺរ៉ុប​ទាំងពីរ​កម្រិត​ក្នុង​រដូវ​កាល​តែមួយ​។​
 
Arsenal និង Chelsea បាន​កៅអី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​ទម្លាក់​គូប្រជែង​រៀងៗ​ខ្លួន​នៅ​វគ្គ​ពាក់កណ្តាល់​ផ្តាច់ព្រ័ត្រ​។ កាំភ្លើង​ធំ​បានទទួល​ជ័យជម្នះ​លើ Valencia ដោយ​លទ្ធផល​ទាំងពីរ​ជើង ៧-៣ ក្រោយ​ឈ្នះ​នៅ​ជើង​ទី​ពីរ ៤-២ បន្ថែមទៀត​។​
 
​តោ​ខៀវ Chelsea ទទួលបាន​កៅអី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយសារ​ឈ្នះ Eintracht Frankfurt តាមរយៈ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​កាត់ក្តី​ឈ្នះ​-​ចាញ់ ដោយ​លទ្ធផល ៤-៣ បន្ទាប់ពី​ក្រុម​ទាំងពីរ​ប្រកួត​ស្មើគ្នា​ទាំងពីរ​ជើង​ដោយ​លទ្ធផល ២-២ (​ជើង​ទីមួយ ១-១)​។​
 
​មុនពេល Arsenal និង Chelsea ឡើងទៅ​ដណ្តើមពាន Europa League នេះ Liverpool និង Spurs ដែល​វាយបក​ឈ្នះ​នៅ​វគ្គ​១/២ បាន​ត្រៀមខ្លួន​រួចហើយ​ដើម្បី​តតាំង​គ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ពាន​កំពូល​អឺរ៉ុប​រដូវ​កាល​នេះ​។​
 
​តាមរយៈ​សមិទ្ធផល​ដែល​សម្រេចបាន​ខាងលើ នាំ​ឲ្យ​អង់គ្លេស​ទទួលបាន​កំណត់​ត្រា​ថ្មី និង​ក្លាយជា​ប្រទេស​ទី​១​ដែលមាន​ក្រុម​ដល់​ទៅ ៤ ឡើងទៅ​ប្រជែង​ពាន​អឺរ៉ុប​ទាំងពីរ​។​
 
​បើទោះជា​ក្រុម​នៅ​អង់គ្លេស​បានបង្ហាញ​ភាពខ្លាំង​ក្នុងចំណោម​ក្រុម​នៅ​អឺរ៉ុប​ផ្សេងទៀត​ក្តី តែ​មិនមែន​មានន័យថា​កីឡាករ​អង់គ្លេស​សុទ្ធតែ​ល្អ​ក្នុង​ការជួយ​ក្រុម​របស់​ពួ​គេ​នោះទេ​។ តួយ៉ាង​សមាជិក​ក្រុម​ទាំង​៤​នេះ​មិនសូវមាន​ជម្រើស​កីឡាករ​ជា​ជនជាតិ​អង់គ្លេស​ឡើយ គឺ​សម្បូរ​តែ​កីឡាករ​មានគុណ​ភាព​ពី​បរទេស​។​
 
Liverpool ក្រោម​ការដឹកនាំ​របស់​លោក Jurken Klopp មាន​ជម្រើស​កីឡាករ​អង់គ្លេស​៣​រូប​ប៉ុណ្ណោះ​សម្រាប់​១១​នាក់​ដំបូង រួមមាន ខ្សែការពារ Trent Alexander-Arnold, ខ្សែបម្រើ James Milner និង Jordan Henderson​។​
 
Spurs ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​សញ្ជាតិ​អា​ហ្ស​ង់​ទីន Mauricio Pochettino ក៏មាន​តែ​៣​រូប​ដែរ​ក្នុងចំណោម​១១​នាក់​ដំបូង ដែល​រួមមាន​ខ្សែការពារ​ស្លាប Danny Rose, Kieran Trippier និង ខ្សែបម្រើ Dele Alli​។​
 
​ដោយឡែក Arsenal និង Chelsea វិញ​គឺ​ស្ទើរតែ​គ្មាន​កីឡាករ​អង់គ្លេស​ទាល់តែសោះ​។ ជម្រើស​១១​នាក់​ដំបូង​របស់លោក Unai Emery មាន​មានតែ​កីឡាករ​ក្នុងស្រុក​១​រូប​ប៉ុណ្ណោះ​គឺ​ខ្សែបម្រើ Ainsley Maitland-Nile ដែល​ទើប​ដំឡើង​ពី​យុវជន ក្រៅពីនោះ​ជា​កីឡាករ​បរទេស​សុទ្ធ​។​
 
​ខ្សែបម្រើ​វ័យក្មេង Ruben Loftus-Cheek ជា​ជម្រើស​កីឡាករ​អង់គ្លេស​ម្នាក់​គត់​សម្រាប់ ១១​នាក់​ដំបូង​របស់លោក Maurizio Sarri ដែល​ជួយ​ឲ្យ​តោ​ខៀវ​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​៕
 

Tag:
 បាល់ទាត់​
  UEFA Champions League
  UEFA Europa League
© រក្សាសិទ្ធិដោយ thmeythmey.com