សៀមរាប៖ លោក ហង្ស វណ្ណៈ ជានាយកចាត់ការទូទៅស្តីទី នៅសណ្ឋាគារដ៏ល្បីល្បាញមួយនៅសៀមរាប។ មុននឹងមានតួនាទីខ្ពស់ដូច្នេះ លោកបានឆ្លងបទពិសោធន៍ការងារក្នុងសណ្ឋាគារ២០ឆ្នាំមកហើយ និងធ្វើការនៅស្ទើរគ្រប់ផ្នែក ហើយការងារដំបូង លោក វណ្ណៈ គឺចាប់ផ្តើមពីអ្នកទទួលភ្ញៀវនៅច្រកចូលសណ្ឋាគារ។ ដ្បិតតែបច្ចុប្បន្ន ហាក់ជោគជ័យលើការងារក្នុងផ្នែកសណ្ឋាគារនេះក៏ដោយ ប៉ុន្តែវាមិនមែនជាការងារក្នុងក្តីស្រមៃរបស់ខ្លួនឡើយ។ បើតាម លោក វណ្ណៈ កាលពីតូច លោកស្រមៃចង់ក្លាយជាបុរាណវិទូដ៏ល្បីឈ្មោះមួយរូប។
សូមស្ដាប់ការរាយការណ៍របស់អ្នកស្រី អ៊ីសា រ៉ហានី ដូចតទៅ៖
វិស័យទេសចរណ៍ ជាឧស្សាហកម្មគ្មានផ្សែង ដែលបានជំរុញកំណើនសេដ្ឋកិច្ចជាតិកម្ពុជាបានមួយផ្នែកធំ។ ពីមួយឆ្នាំទៅមួយឆ្នាំ កំណើនទេសចរមកកាន់កម្ពុជា បានកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះវិស័យសណ្ឋាគារក៏មានការរីកលូតលាស់លឿនដែរ។
កន្លងមក គេតែងសង្កេតឃើញអ្នកគ្រប់គ្រងធំៗក្នុងវិស័យសណ្ឋាគារ ភាគច្រើនជាជនបរទេស ដ្បិតពួកគេមានបទពិសោធន៍ច្រើនក្នុងវិស័យមួយនេះ។ បច្ចុប្បន្ន តំណែងនេះត្រូវបានជំនួសជាបណ្ដើរៗដោយយុវជនដែលជាធនធានថ្មីរបស់កម្ពុជា។
មានបទពិសោធន៍ក្នុងវិស័យសណ្ឋាគាររយៈពេល២០ឆ្នាំ លោក ហង្ស វណ្ណៈ ជាយុវជនខ្មែរមួយរូប ដែលស្រឡាញ់ជីវិតការងារលើវិស័យសណ្ឋាគារ។ ឈានជើងក្នុងវិស័យនេះដំបូង លោកមានឱកាសរៀនសូត្រ និងទទួលការបណ្ដុះបណ្ដាលជាច្រើនពីកន្លែងការងារដំបូងរបស់លោក។ មានអាយុ៣៩ឆ្នាំ បច្ចុប្បន្ន លោក ហង្ស វណ្ណៈ ជានាយកចាត់ការទូទៅស្តីទីនៃសណ្ឋាគារ សុខា ដែលមាន៣ទីតាំង នៅទីក្រុងសៀមរាប។
លោក វណ្ណៈ មានឱកាសចូលធ្វើការដំបូងក្នុងសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ ពេលលោកចូលរៀនថ្នាក់បរិញ្ញាបត្រនៅរាជធានីភ្នំពេញនៅឆ្នាំ ១៩៩៩។ ជាបុគ្គលិកសាមញ្ញមួយរូប តែលោកតែងតែស្វែងរកឱកាសចូលរៀនវគ្គបណ្ដុះបណ្ដាលជាច្រើនដែលខាងសណ្ឋាគារផ្តល់ឱ្យ។ ដោយស្រឡាញ់ការសិក្សា និងស្វះស្វែងរៀនសូត្រមិនចេះឈប់ ធ្វើឱ្យលោក វណ្ណៈ បានអភិវឌ្ឍន៍ខ្លួនបានយ៉ាងលឿនក្នុងវិស័យទេសចរណ៍ និងសណ្ឋាគារ។ «ចូលធ្វើការដំបូងជាបុគ្គលិកធម្មតា កាលណោះខ្ញុំមានអាយុ១៩ឆ្នាំ ធ្វើការនៅកន្លែងទទួលភ្ញៀវខាងមុខទ្វារចូលសណ្ឋាគារ ហើយមិនសូវចេះភាសាអង់គ្លេសទៅទៀត ព្រោះសម័យនោះខ្ញុំរៀនតែភាសាបារាំង ក្រោយទទួលការបណ្ដុះបណ្ដាលជាបន្តបន្ទាប់ គួបផ្សំប្រធានផ្នែក ក៏ដូចជាគណៈគ្រប់គ្រងសណ្ឋាគារផ្តល់ឱកាសឱ្យរៀនបន្ថែមផង ខ្ញុំមានឱកាសអាចអភិវឌ្ឍន៍ខ្លួនបានលឿន ពង្រីកចំណេះដឹងបានបន្ថែម»។ នេះជាការលើកឡើងរបស់លោក វណ្ណៈ។
ធ្វើការនៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ បានរយៈពេលជាង៣ឆ្នាំ លោក វណ្ណៈ បានរៀនសូត្រច្រើនផ្នែកដូចជាការគ្រប់គ្រងការកក់បន្ទប់ រដ្ឋបាលផ្នែកអាហារនិងភេសជ្ជៈ ក៏ដូចជាចាត់ចែងសាលប្រជុំ និងផ្នែកដទៃៗទៀត មុននឹងលោកផ្លាស់ប្ដូរការងារមកធ្វើការនៅខេត្តសៀមរាប។ លោកត្រូវបានអតីតប្រធានផ្នែករបស់ខ្លួន ណែនាំឱ្យមកធ្វើការនៅសណ្ឋាគារថ្មីដែលបានបើកនៅខេត្តសៀមរាប ហើយចៃដន្យពេលនោះលោក វណ្ណៈក៏រៀនថ្នាក់បរិញ្ញាបត្រចប់ផង លោកក៏សម្រេចចិត្តវិលមកស្រុកកំណើតវិញនៅឆ្នាំ ២០០៣។ លោក វណ្ណៈ បន្ត៖ «កាលធ្វើការនៅ សណ្ឋាគារ ឡឺ រ៉ូយ៉ាល់ មានប្រធានផ្នែកម្ហូបអាហារជនជាតិម៉ាឡេ ចៃដន្យគាត់ចប់កុងត្រានៅទីនោះ ហើយមានឱកាសបានការងារមួយនៅសៀមរាប គាត់ក៏បានហៅខ្ញុំមក ខ្ញុំក៏សម្រេចចាកចេញទាំងសោកស្ដាយ ព្រោះពេលនោះខ្ញុំកំពុងតែពេញចិត្តនៅទីនោះ។ ខ្ញុំក៏បានមកចូលរួមធ្វើការនៅសណ្ឋាគារ អង្គរផាឡេស រីហ្សត ខេត្តសៀមរាបនាឆ្នាំ២០០៣ ដែលកាលណោះដំបូងបំផុត ខ្ញុំទទួលការងារនៅផ្នែកទីផ្សារ និងផ្នែករដ្ឋបាលម្ហូបអាហារ និងតាមផ្នែកបន្តបន្ទាប់ រយៈពេល១០ឆ្នាំ»។
ដោយសារចង់ផ្លាស់ប្ដូរបទពិសោធន៍ការងារក្នុងវិស័យសណ្ឋាគារនេះឱ្យបានច្រើន លោក វណ្ណៈ ក៏បានចាកចេញពីសណ្ឋាគារទី២នេះទៀត។ នៅឆ្នាំ ២០១៣ លោក វណ្ណៈ បានចូលធ្វើការនៅសណ្ឋាគារ សុខា អង្គរ ក្នុងតួនាទីជាប្រធានគ្រប់គ្រងបន្ទប់។ នៅ សណ្ឋាគារនេះបានមួយរយៈ ក្រុមហ៊ុនបានតម្រូវឱ្យលោក ទៅជួយមើលការខុសត្រូវនៅ សណ្ឋាគារសុខាភ្នំពេញ ដែលត្រៀមបើកដំណើរការ នៅអំឡុងឆ្នាំ២០១៤។ នៅទីនោះ លោកជួយការងារទូទៅទាក់ទងនឹងការងាររៀបចំបើកដំណើរការសណ្ឋាគារថ្មី និងធ្វើការជាមួយក្រុមវិស្វករ រហូតដល់មានអ្នកគ្រប់គ្រងត្រឹមត្រូវ។
ធ្វើការនៅសណ្ឋាគារ សុខាភ្នំពេញ បានមួយរយៈ លោក វណ្ណៈ ក៏មានឱកាសមកកាន់ការងារនៅសៀមរាបម្ដងទៀត គឺមកបំពេញការងារនៅសណ្ឋាគារសុខាសៀមរាបរហូតដល់បច្ចុប្បន្ន។
ទាក់ទងនឹងការសិក្សា នៅថ្នាក់បឋមសិក្សាលោក វណ្ណៈ រៀននៅសាលាវត្តពោធិ៍លង្ការ បន្តទៅអនុវិទ្យាល័យអង្គរ និងវិទ្យាល័យ១០មករា។ លោកចប់បាក់ឌុបនៅឆ្នាំ១៩៩៨ និងបន្តថ្នាក់មហាវិទ្យាល័យនៅវិទ្យាស្ថានជាតិគ្រប់គ្រងឆ្នាំ ១៩៩៨ ដោយចាប់ជំនាញផ្នែកទេសចរណ៍។ មុននឹងចូលរៀនផ្នែកនេះ លោក វណ្ណៈ ស្រឡាញ់ និងចូលប្រឡងនៅមហាវិទ្យាល័យបុរាណវិទ្យា តែឱកាសមិនផ្តល់ឱ្យលោក។ យ៉ាងណាលោក វណ្ណៈ ថាជឿជាក់លើសមត្ថភាពខ្លួនឯង នៅពេលនោះ តែមិនដឹងហេតុអ្វីទើបប្រឡងមិនជាប់ទៅវិញ។ «កាលនៅរៀន ខ្ញុំចូលចិត្តផ្នែកបុរាណវិទ្យា ខ្ញុំស្រឡាញ់បុរាណវិទ្យាខ្លាំងណាស់ ហើយខ្ញុំតែងគិតថា ថ្ងៃអនាគតខ្ញុំនឹងក្លាយជាបុរាណវិទូដ៏ល្បីម្នាក់នៅស្រុកខ្មែរ»។ លោក វណ្ណៈ បន្ថែម។
បន្ទាប់ពីពុំអាចចាប់យកនូវមុខវិជ្ជាដែលខ្លួនស្រឡាញ់ និងដោយសារមានការណែនាំពីបងប្អូនផង លោក វណ្ណៈ ក៏សម្រេចចូលរៀនផ្នែកទេសចរណ៍ ទាំងអារម្មណ៍នៅនឹកស្ដាយជំនាញដែលខ្លួនតែងប្រាថ្នានោះ។ រៀនផ្នែកទេសចរណ៍ដោយពុំមានគោលដៅច្បាស់លាស់ តែយុវជនអ្នកសៀមរាបរូបនេះយល់ថា អាចក្លាយជាមគ្គុទ្ទេសក៍ទេសចរណ៍មួយរូបក្រោយរៀនចប់។ ជាឱកាសល្អនៅពេលកំពុងរៀននោះ លោក វណ្ណៈបានចូលរួមធ្វើនៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ ដែលមានទីតាំងនៅទល់មុខសាលារៀន ហើយបន្តពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យលោកយល់ពីវិស័យមួយនេះ និងបានចាប់ជំនាញសណ្ឋាគារ ពេលចូលរៀនឆ្នាំទី២តែម្ដង។
ជាកូនកំព្រាឪពុកតាំងពីតូច លោក វណ្ណៈ មានបងប្អូនពីរនាក់ លោកជាកូនច្បងក្នុងគ្រួសារ ដែលមានម្ដាយជាអ្នកដេរសម្លៀកបំពាក់ដើម្បីចិញ្ចឹមគ្រួសារតូចមួយនេះ។ ពេលនិយាយអំពីអតីតកាល លោក វណ្ណៈ តែងតែស្រគត់ស្រគំ និងនឹកអាណិតដល់ម្តាយជាស្ត្រីមេម៉ាយ ខំប្រឹងរកលុយដើម្បីឧបត្ថម្ភកូនទាំងទ្វេ តែលោកតែងមានអារម្មណ៍មានៈប្រឆាំងនឹងភាពក្រីក្រ និងមានទស្សនវិជ្ជមាន ពីអនាគតជានិច្ច។ គួបផ្សំមានការជ្រោមជ្រែង ផ្តល់គំនិតពីសាច់ញាតិ ការបន្តសិក្សាស្វែងយល់បន្ថែមរបស់លោក និងការផ្តល់ឱកាសពីម្ចាស់សណ្ឋាគារ បានធ្វើឱ្យលោកក្លាយជាមនុស្សម្នាក់ ដែលទទួលបានជោគជ័យក្នុងវិស័យនេះ។
ជាអ្នកគ្រប់គ្រងក្នុងសណ្ឋាគារដ៏ធំ ការងារពិតជាមមាញឹកខ្លាំង និងតែងតែជួបនូវឧបសគ្គ ចំណុចនេះលោក វណ្ណៈ ព្យាយាមពន្យល់ថា៖« ខ្ញុំគិតថាការគ្រប់គ្រងសណ្ឋាគារតូច ឬធំ មិនខុសគ្នាទេ និយាយរួមយើងមានរចនាសម្ព័ន្ធដូចគ្នា តែអ្វីដែលសំខាន់ហើយជាកម្លាំងចលករដ៏ធំបំផុតនោះ គឺបុគ្គលិកទាំងអស់តែម្តង ដែលជាអ្នកបំពេញការងារ យើងចាំបាច់ត្រូវផ្តល់គោលដៅច្បាស់លាស់ ហើយយើងត្រូវចូលរួមធ្វើទាំងអស់គ្នា នោះគឺយើងអាចធ្វើទៅបាន។ ការពិត ការគ្រប់គ្រងសណ្ឋាគារតែងជួបបញ្ហាមិនអាចជៀសបាន ដោយសារវិស័យនេះត្រូវប្រតិបត្តិការ២៤ម៉ោង ហើយជាពិសេសការធ្វើជាមួយភ្ញៀវចំណុះជាតិសាសន៍ទៀត អ៊ីចឹងការចង់បានរបស់ភ្ញៀវគឺតែងតែខុសៗគ្នា»៕