កីឡាអន្តរជាតិ
អន្តរជាតិ
Pochettino អាចលាពីតំណែងប្រសិន Spurs ឈ្នះពាន Champions League? លោក Mauricio Pochettino អបអរជ័យជម្នះរបស់ Spurs ក្រោយឈ្នះ Ajax ឡើងទៅវគ្គផ្តាច់ព្រ័ត្រ UCL
× លោក Mauricio Pochettino ធ្លាប់បានអះអាងថាលោកអាចនឹងចាកចេញពីតំណែងអ្នកចាត់ការទូទៅប្រសិនបើ Tottenham Hotspur ឈ្នះពានរង្វាន់ UEFA Champions League រដូវកាលនេះ។ អ្នកចាត់ការ Spurs និយាយពាក្យដ៏ភ្ញាក់ផ្អើលនេះតាំងពីមុនជំនួបជើងទី២វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់ Ajax ម្លេះ។
ជារឿងមិននឹកស្មានដល់ Tottenham Hotspur ពិតជាឡើងទៅកាន់វគ្គផ្តាច់តាមរយៈការវាយបកតាមឈ្នះដ៏អស្ចារ្យបំផុតមិនធ្លាប់មានលើគូប្រជែងនៅទឹកដី Ajax ដោយលទ្ធផលទាំងពីរជើង ៣-៣ តែឈ្នះតាមរូបមន្តគ្រាប់ស៊ុតបញ្ចូលទីក្រៅដី។ ក្នុងជំនួបជើងទី២នៅកីឡដ្ឋាន Johan Cruyff Arena ខ្សែបម្រើ Lucas Moura អាចស៊ុតបាល់បញ្ចូលទី៣គ្រាប់ម្នាក់ឯងឲ្យក្រុមមាន់ខ្នាយមាសនៅតង់ទី២ បន្ទាប់ពី Ajax នាំមុខមុនដល់ទៅ២គ្រាប់នៅតង់ទី១ក្តី។
នៅមុនជ័យជម្នះនេះ អ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនបានឆ្លើយតបទៅកាន់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតតាមរយៈកាយវិការខុសពីធម្មតាក្រោយត្រូវបានសួរថា តើ Spurs អាចឈានដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១ ខែមិថុនបានទេ? ហើយលោកមានអារម្មណ៍យ៉ាងណាបើក្រុមឈ្នះជើងឯកពានកំពូលអឺរ៉ុបនេះជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំក្រោមការដឹកនាំរបស់លោក?
Pochettino បានឆ្លើយតបថា៖«វាគួរតែអស្ចារ្យបើសិនយើងឈ្នះពាន។ បញ្ចប់រយៈ៥ឆ្នាំហើយខ្ញុំត្រឡប់ទៅផ្ទះវិញ»។ Pochettino ក៏ត្រូវបានសួរបញ្ជាក់ពីការលើកឡើងរបស់លោក តើលោកនិយាយលេងមែនទេ? លោកឆ្លើយថា វាមិនមែនជារឿងកំប្លែងនោះទេ។ លោកបញ្ជាក់ថា៖«ឈ្នះពានរង្វាន់ Champions League នៅក្នុងកាលៈទេសៈនេះ សម្រាប់រដូវកាលនេះប្រហែលជាខ្ញុំត្រូវគិតបន្តិចដើម្បីធ្វើអ្វីមួយថ្មីទៀតនៅថ្ងៃអនាគត។ បើសិនជាវាអាចកើតឡើងមែន ជាការពិតខ្ញុំទៅផ្ទះវិញ»។
យ៉ាងណាក៏ដោយសម្តីរបស់លោក Pochettino នៅមិនទាន់ច្បាស់សម្រាប់អ្នកសារព័ត៌មាននោះទេ ព្រោះមិនប្រាកដថាលោកចង់និយាយពីការត្រឡប់ពី Amsterdam ទៅអង់គ្លេសក្រោយការប្រកួតជើងទី២វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះទេ។ រឿងរ៉ាវយ៉ាងណានោះគឺត្រូវរង់ចាំក្រោយការប្រកួតដណ្តើមពាន Champions League នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ៕
Tag:
(Mauricio Pochettino
UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com