ជាតិ
អាជ្ញាធរ​អប្សរា និង​ស្ថាប័ន Dunhuang Academy របស់​ចិន ចុះ​អនុស្សរណៈ ដើម្បី​ផ្សព្វផ្សាយ​ពី​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​
11, May 2019 , 10:59 pm        
រូបភាព
រូបភាពពីAKP
រូបភាពពីAKP
​ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​អប្សរា និង​ស្ថាប័ន Dunhuang Academy នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជា​មិត្តភាព និង​ផ្សព្វផ្សាយ​ពី​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​រវាង​ស្ថាប័ន​នៃ​ប្រទេស​ទាំងពីរ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP​។


 
​នៅ​ថ្ងៃទី ១០ ឧសភា​ម្សិលមិញ​នេះ នាទី​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ក្រុង​សៀមរាប បានរៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​រវាង​ភាគី​កម្ពុជា និង​ចិន​។ ការចុះ​អនុស្សរណៈ​យោគយល់​នេះ ភាគី​កម្ពុជា​ត្រូវបាន​ចុះហត្ថលេខា​ដោយ លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​ភាគី​ចិន​លោក Zhao Shengliang នាយក​ប្រតិបត្តិ​នៃ​ស្ថាប័ន Dunhuang Academy​។ 
 
​អនុស្សរណៈ​ខាងលើនេះ មាន​សុពលភាព​រយៈពេល​៣​ឆ្នាំ ដែលមាន​ខ្លឹមសារ​សំខាន់ៗ​ផ្តោតលើ​ការសិក្សា​ប្រៀបធៀប ស្តីពី​សិល្បៈ​ព្រះពុទ្ធសាសនា​, ការផ្លាស់ប្តូរ​ការសិក្សា​ស្តីពី​ការអភិរក្ស និង​គ្រប់គ្រង​រមណីយដ្ឋាន​បេតិកភណ្ឌ​វប្បធម៌​។ ក្រៅពីនេះ ភាគី​ទាំងពីរ នឹង​ផ្លាស់ប្តូរ​គ្នា​អំពី​ការប្រើប្រាស់​ឯកសារ​ស្រាវជ្រាវ និង​បង្កើត​គម្រោង​ស្រាវជ្រាវ​រួមគ្នា ដោយ​ផលិត​វីដេអូ និង​រៀបចំ​ពិព័រណ៍​ផ្សព្វផ្សាយ​រមណីយដ្ឋាន​អង្គរ និង​រមណីយដ្ឋាន​រូង​ភ្នំ Mangao​។​
 
​អាជ្ញាធរ​ជាតិ​អប្សរា រំពឹងថា តាមរយៈ​កិច្ចសហការ​នេះ កម្ពុជា​នឹង​ទទួលបាន​ការរីកចម្រើន​ទាំង​ផ្នែក​ធនធានមនុស្ស​ក្នុង​កិច្ច​អភិរក្ស​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ រួមទាំង​ការផ្សព្វផ្សាយ​ទូលំទូលាយ​ទៅកាន់​ពិភពលោក​អំពី​រមណីយ​ដ្ឋា​ន​អង្គរ​។ សូមបញ្ជាក់ថា Dunhuang Academy គឺជា​ស្ថាប័ន​ចម្រុះ និង​ជា​វិទ្យាស្ថាន​បណ្ឌិត្យសភា ដែល​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​ចិន​នៅ​ឆ្នាំ​១៩៩៤ ដើម្បី​ទទួលបន្ទុក​ការងារ​ផ្នែក​អភិរក្ស ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក និង​ជា​ស្ថាប័ន​ជាតិ​អភិរក្ស​បុរាណវត្ថុ​ល្បីៗ​នៅក្នុង​ប្រទេស​ចិន​។ នេះ​បើតាម​ការចុះផ្សាយ​របស់ AKP ដដែល​៕

Tag:
 អាជ្ញាធរ​អប្សរា​
  ចិន​
  អនុស្សរណៈ​
  ប្រវត្តិសាស្ត្រ​
  រមណីយដ្ឋាន​
© រក្សាសិទ្ធិដោយ thmeythmey.com