ជាតិ
«ស្ករត្នោតកំពង់ស្ពឺ» ទទួលវិញ្ញាបនបត្រផលិតផលសម្គាល់ភូមិសាស្ត្រពីEU ជាផ្លូវការ រូបភាពពីសហភាពអឺរ៉ុប
× ភ្នំពេញ៖ «ស្ករត្នោតកំពង់ស្ពឺ» បានទទួលវិញ្ញាបនបត្រផលិតផលសម្គាល់ទីតាំងភូមិសាស្ត្រ (GI) ពីសហភាពអឺរ៉ុបជាផ្លូវការ កាលពីថ្ងៃទី ៩ ឧសភានេះ ដែលទទួលបានការការពារពី EU។ វិញ្ញាបនបត្រនេះ ត្រូវបានផ្ដល់ជូនលោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ។
ស្ករត្នោតកំពង់ស្ពឺ បានទទួលជោគជ័យក្នុងការចុះបញ្ជីជាផលិតផលសម្គាល់ទីតាំងភូមិសាស្ត្រ (GI) ដែលទទួលបានការការពារពីសហភាពអឺរ៉ុប កាលពីថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៩នេះ។ ការចុះបញ្ជីសម្គាល់ទីតាំងភូមិសាស្ត្រនេះ សំដៅលើស្ករត្នោតដែលមានសញ្ញាសម្គាល់ពីសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺប៉ុណ្ណោះ ដែលអាចដាក់លក់ដោយប្រើឈ្មោះបែបនេះនៅទីផ្សារអឺរ៉ុប។ តាមរយៈការទទួលស្គាល់ពីសហភាពអឺរ៉ុប គឺជួយផ្សព្វផ្សាយផលិតផលស្ករត្នោតកំពង់ស្ពឺ ជាផលិតផលដែលមានគុណភាពខ្ពស់ និងមានតម្លៃខ្ពស់។
ក្នុងទិវាអឺរ៉ុបកាលពីថ្ងៃទី ៩ ឧសភា លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប, លោក លី ធុជ ទេសរដ្ឋមន្ត្រី និងលោក កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម បានប្រគល់វិញ្ញាបនបត្រចុះបញ្ជីផលិតផលសម្គាល់ទីតាំងភូមិសាស្ត្រនៅសហភាពអឺរ៉ុបជាផ្លូវការសម្រាប់ផលិតផលស្ករត្នោតកំពង់ស្ពឺ ជូនលោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ។
លោក George Edgar លើកឡើងថា៖ «សហភាពអឺរ៉ុប សូមអបអរសាទរចំពោះផលិតផលស្ករត្នោតកំពង់ស្ពឺរបស់កម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការចុះបញ្ជីជាផលិតផលសម្គាល់ទីតាំងភូមិសាស្ត្រ (GI) ដែលទទួលបានការការពារពីសហភាពអឺរ៉ុប ហើយរីករាយក្នុងការបន្តគាំទ្រដល់កម្ពុជា ក្នុងការចុះបញ្ជីផលិតផលសម្គាល់ទីតាំងភូមិសាស្ត្រថ្មីៗបន្ថែមទៀត»។ បើតាមលោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ការចុះបញ្ជីផលិតផលសម្គាល់ទីតាំងភូមិសាស្ត្រនេះ ដើម្បីទទួលបានការការពារ និងជួយធានាឲ្យមានការផ្តល់អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវដល់អ្នកផលិត និងការពារតំបន់ជនបទ។
លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះថា៖ «ក្រោយទទួលបានវិញ្ញាបនបត្រនេះ ខ្ញុំមានអារម្មណ៍សប្បាយចិត្តបំផុត ព្រោះផលិតផលរបស់យើង ជាផលិតផលមួយដែលមិនធ្លាប់មានការការពារនៅសហភាពអឺរ៉ុបនោះទេ។ ហើយតាមរយៈការទទួលស្គាល់នេះ ធ្វើឲ្យចំណេញ៣ចំណុចដូចជា ចំណេញដល់អ្នកផលិត, ចំណេញដល់ប្រទេសជាតិ និងចំណេញដល់ក្រុមហ៊ុននាំចេញផងដែរ»។
បច្ចុប្បន្នសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺមានអ្នកឡើងត្នោតចំនួន ១៦៨ នាក់ ហើយមានក្រុមហ៊ុនចំនួន ១០ក្រុមហ៊ុន ដែលបានចុះកិច្ចព្រមព្រៀងជាមួយសហគមក្នុងការទិញស្ករត្នោត។ ក្នុងត្រីមាស ដើមឆ្នាំ២០១៩នេះ សហគមន៍អាចផលិតបាន ១០០តោន។សូមបញ្ជាក់ថា ការចុះបញ្ជីផលិតផលស្ករត្នោតកំពង់ស្ពឺនេះ ធ្វើឡើងបន្ទាប់ពីការចុះបញ្ជីផលិតផលសម្គាល់ទីតាំងភូមិសាស្ត្រដែលទទួលបានការការពារសម្រាប់ម្រេចកំពត កាលពីឆ្នាំ ២០១៦៕
Tag:
ស្ករត្នោតកំពង់ស្ពឺ
សំ សារឿន
សហភាពអឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com