សុខភាព
អន្តរជាតិ
ការសិក្សានៅស្វីស៖ ទំហំខួរក្បាលតូច ឬធំ មិនអាចវាស់ភាពឆ្លាតវៃបានឡើយ លោក Albert Einstein មានទំហំខួរក្បាលតិច ប៉ុន្តែរហ័សរហួនផ្នែកសតិបញ្ញា
× ទំហំនៃខួរក្បាលមិនជះឥទ្ធិពលដល់ភាពវៃឆ្លាតរបស់មនុស្សនោះទេ។ នេះបើតាមការសិក្សាមួយរបស់សាកលវិទ្យាល័យនៅអូទ្រីសដែលត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ Neuroscience & Biobehavioral Reviews ។
ទំហំនៃខួរក្បាលមិនសំខាន់ទេ។ ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Vienna បានធ្វើការសង្កេតទៅលើខួរក្បាលចំនួន៨ពាន់ខុសៗគ្នា ដោយវិភាគទាំងលើខួរក្បាលមនុស្ស និងខួរក្បាលថនិកសត្វធំៗ។ ជាដំបូង ក្រុមអ្នកវិទ្យាសាស្ត្របានប្រៀបធៀបទំហំនៃខួរក្បាលរបស់មនុស្ស និងពពួកថនិកសត្វធំៗដូចជា សត្វដំរី និងពូជត្រីបាឡែនម្យ៉ាង។ សត្វដំរីមានខួរក្បាលទម្ងន់ប្រមាណ ៥ គីឡូក្រាម ឯមនុស្សមានតែ ១,៣៥ គីឡូក្រាមប៉ុណ្ណោះ។ ឯប្រភេទត្រីបាឡែនម្យ៉ាងវិញ មានខួរក្បាលទម្ងន់រហូតដល់ ៩ គីឡូក្រាម។ ទោះជាសត្វទាំងនេះមានខួរក្បាលច្រើន ប៉ុន្តែនៅតែមានកម្រិតបញ្ញាចាញ់មនុស្ស។
បន្ទាប់មកទៀត អ្នកវិទ្យាសាស្ត្របានតម្រូវឲ្យអ្នកស្ម័គ្រចិត្តចូលរួមក្នុងការសិក្សានេះឆ្លងកាត់ការធ្វើតេស្តបញ្ញា។ ទីបំផុត លទ្ធផលបង្ហាញថា អ្នកដែលមានទំហំខួរក្បាលធំមានភាពវ័យឆ្លាតតិចជាងអ្នកមានទំហំខួរក្បាលមធ្យម។
ម្យ៉ាងទៀត ជាមធ្យម ពិតមែនតែមនុស្សប្រុសមានខួរក្បាលធំជាងស្ត្រី តែភាពវៃឆ្លាតរបស់បុរសមិនបានខ្ពស់ជាងស្ត្រីទេ។ តាមពិតទៅ កត្តានៃភាពវៃឆ្លាតស្ថិតនៅលើរចនាសម្ព័ន្ធនៃខួរក្បាល នេះបើតាមលោកវេជ្ជបណ្ឌិត Jakob Pietschnig អ្នកដឹកនាំការស្រាវជ្រាវ។
កាលពីពេលកន្លងមក ក្រុមគ្រូពេទ្យធ្លាប់បានវះកាត់ និងសិក្សារួចមកហើយលើខួរក្បាលរបស់អ្នកប្រាជ្ញផ្នែករូបវិទ្យា និងគណិតវិទ្យាមួយរូបគឺលោក Albert Einstein ដែលមានសញ្ជាតិអាមេរិកាំង ដើមកំណើតអាល្លឺមង់ និងបានបាត់បង់ជីវិតនៅឆ្នាំ ១៩៥៥ ។
ក្រុមគូពេទ្យបានសង្កេតឃើញថា អ្នកប្រាជ្ញរូបនេះមានខួរក្បាលតូចជាងកម្រិតធម្មតា តែមានលក្ខណៈសាំញ៉ាំ ជាពិសេសគឺនៅត្រង់ផ្នែកសម្រាប់ធ្វើការវិភាគ និងពិចារណា។ រចនាសម្ព័ន្ធនេះហើយ ទើបធ្វើឲ្យលោកមានភាពរហ័សរហួនខាងផ្នែកបញ្ញា៕
© រក្សាសិទ្ធិដោយ thmeythmey.com