ជាតិ
សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ស្វែងរក​កិច្ចសហប្រតិបត្តិការ ជាមួយ​អប្សរា​លើ​ការគ្រប់គ្រង​សំណល់​រឹង​និង​ទឹក​កខ្វក់​
12, May 2019 , 8:59 pm        
រូបភាព
​សៀមរាប​៖ សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ដឹកនាំ​ដោយ​លោក ហ្គី​យ៉ូ​ម ម៉ា​ឡ​តា​វ៉ែន (Guillaume MALTAVARNE) មន្ត្រី​ផ្នែក​ទាក់ទាញ​វិនិយោគ បាន​ជួប​ជាមួយ​លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ស្វែងយល់​កិច្ចការ​គ្រប់គ្រង​សំណល់​រឹង និង​គ្រប់គ្រង​ទឹក​កខ្វក់ ក្នុង​រមណីយដ្ឋាន​អង្គរ​។ កិច្ចប្រជុំ​ដើម្បី​ស្វែងយល់​ពី​ការគ្រប់គ្រង​សំណល់​រឹង និង​ទឹក​កខ្វក់​ក្នុង​តំបន់​អង្គរ ក៏ដូចជា​លទ្ធភាព​ក្នុង​ការជួយ​ការងារ​នេះ ពី​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​។​

 
​ក្នុង​កិច្ចប្រជុំ​នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​នា​ថ្ងៃទី​៣ ឧសភា លោក ហង់ ពៅ បានបង្ហាញ​ពី​ការងារ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ធ្វើ លើ​ការគ្រប់គ្រង​សំណល់​រឹង និង​ការគ្រប់គ្រង​ទឹក​កខ្វក់​នេះ​។ ក្នុងនោះ​ក៏មាន​ការ​ទាំង​ការប្រមូល​សំរាម​កាកសំណល់​ផ្ទះ និង​ស្លឹកឈើ​យកទៅ​ធ្វើ​ជីកំប៉ុស និង​ការគ្រប់គ្រង​ទឹក​កខ្វក់​នៅតាម​ផ្ទះ​របស់​ប្រជាជន​រស់នៅ​តំបន់​អង្គរ​ដែល​ការងារ​នេះ​កំពុង​សហការ​ធ្វើ​ជាមួយ​ប្រទេស​បារាំង តាមរយៈ​គម្រោង  PAAJERA​។ 


 
​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ការបំពុល​បរិស្ថាន​តា​មរយៈ​សំរាម និង​ទឹក​កខ្វក់​ផ្សេងៗ​ក្នុង​តំបន់​អង្គរ គឺ​កើតឡើង​ដោយសារ​កំណើន​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ដែល​មិនទាន់មាន​ការគ្រប់គ្រង​ត្រឹមត្រូវ​។ លោក​បន្ថែមថា យ៉ាងណា​ក្រុមការងារ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា បានធ្វើការ​ជាច្រើន​លើ​ការងារ​នេះ ដូចជា​ចុះ​អប់រំ​កុំឱ្យ​បោះ និង​ដុត​សំរាម​ផ្ដេសផ្ដាស ក៏ដូចជា​ជួយ​សង់​បង្គន់​អនាម័យ​ដល់​ពលរដ្ឋ  ដើម្បីឱ្យ​បរិស្ថាន​ក្នុង​តំបន់​អង្គរ​បានល្អ​ប្រសើរ​។​
 
​គួរ​បញ្ជាក់ថា នេះ​គ្រាន់តែ​ជា​កិច្ចពិភាក្សា​ការងារ ដើម្បី​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក​តែប៉ុណ្ណោះ ដោយ​ភាគី​ទាំង​២ មិនទាន់មាន​ការឯកភាព​គ្នា ក្នុង​ការធ្វើការងារ​នេះ នៅពេលណា​នៅឡើយ​។ សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ក៏បាន​បង្ហាញ​បំណង​ស្វែងយល់​លទ្ធភាព ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជា​លក្ខណៈ​ស្ថាប័ន និង​ស្ថាប័ន ឬ​វិស័យ​ឯកជន​ណាមួយ ដើម្បី​ធ្វើ​ការងារ​រួមគ្នា​លើ​វិស័យ​គ្រប់គ្រង​សំណល់​រឹង និង​គ្រប់គ្រង​ទឹក​កខ្វក់ នៅ​រមណីយដ្ឋាន​អង្គរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com