ជាតិ
សេដ្ឋកិច្ច
ពន្ធដារ ប្រាប់​ជម្រើស ៣​ចំណុច​ពី​ការស្នើសុំ​ធ្វើ​បច្ចុប្បន្នភាព​សហគ្រាស ដើម្បី​ប្រើប្រាស់​ប្រព័ន្ធ VAT-Online
12, May 2019 , 5:59 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុក​អគ្គនាយកដ្ឋាន​ពន្ធដារ
រូបភាពពីទំព័រហ្វេសប៊ុក​អគ្គនាយកដ្ឋាន​ពន្ធដារ
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី​និ​តី​វិធី​នៃ​ការស្នើសុំ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​សហគ្រាស ដើម្បី​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ សម្រាប់​គ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​។ ក្នុង​សេចក្ដីជូនដំណឹង​ដែល​ចេញផ្សាយ​ថ្ងៃទី ១០ ឧសភា អគ្គនាយកដ្ឋាន​ពន្ធដា​រ បានផ្ដល់​ជម្រើស​ចំនួន ៣ ដល់​អ្នក​ជាប់ពន្ធ​អាច​ស្នើសុំ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​សហគ្រាស ដើម្បី​ប្រើប្រាស់​ប្រព័ន្ធ VAT-Online​។ 


 
​បើតាម​អគ្គនាយកដ្ឋាន​ពន្ធដារ កន្លងមក​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ បានដាក់​ឲ្យ​អនុវត្ត​ការស្នើសុំ​បង្វិល​សង និង​ការប្រើប្រាស់​ឥណទាន​អាករ​លើ​តម្លៃបន្ថែម តាម​ប្រព័ន្ធ Online សម្រាប់​គ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម (Online-VAT Refund and Online-VAT Credit)​។ ទោះបីជា​ដាក់​អនុវត្ត​ការស្នើសុំ​ខាងលើ​ក៏ដោយ អគ្គនាយកដ្ឋាន​ពន្ធដា​រ សង្កេតឃើញថា នៅមាន​សហគ្រាស​មួយចំនួន​មិនទាន់​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន ដោយ​មិនបាន​ផ្ដល់​លេខ​ទូរ​សព្ទ​ឲ្យ​បាន​ត្រឹមត្រូវ​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ ចាត់ទុក​ចំណុច​នេះ ជាហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ Online សម្រាប់​គ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម​។ 
 
​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានផ្ដល់​ជម្រើស ៣​ចំណុច ដល់​អ្នក​ជាប់ពន្ធ ទី​១ ត្រូវ​ស្នើសុំ​តាមរយៈ GDT Live Chat​។ ទី​២ បំពេញ​ពាក្យស្នើសុំ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​សហគ្រាស ដើម្បី​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ សម្រាប់​គ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម នៅ​អង្គភាព​គ្រប់គ្រង​ដែល​អ្នក​ជាប់ពន្ធ​ស្ថិតនៅ ដើម្បី​បញ្ជូនបន្ត​មក​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​។ ទី​៣ បំពេញ​ពាក្យស្នើសុំ ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​សហគ្រាស ដើម្បី​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ សម្រាប់​គ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម និង​បញ្ជូន​ជា​មក អគ្គនាយកដ្ឋាន​ពន្ធដា​រ តាមរយៈ​សារ​អេឡិចត្រូនិក​៖ .kh​។​
 
​សេចក្ដីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក គង់ វិបុល បញ្ជាក់ទៀតថា អ្នក​ជាប់ពន្ធ ក៏​អាច​ទាញយក​ពាក្យស្នើសុំ ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​សហគ្រាស តាមរយៈ​គេហទំព័រ www.tax.gov.kh ។ ក្រោយ​ទទួលបាន​សំណើសុំ​របស់​អ្នក​ជាប់ពន្ធ ក្រុមការងារ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ នឹងធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន ជូន​សហគ្រាស​ភ្លាម​ក្នុង​ថ្ងៃ​ដដែល ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​អ្នក​ជាប់ពន្ធ​អាច​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ សម្រាប់​គ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម​បាន​៕

Tag:
 អគ្គនាយកដ្ឋាន​ពន្ធដា​រ​
  អាករ​
  អ្នក​ជាប់ពន្ធ​
  អន​ឡាញ​
© រក្សាសិទ្ធិដោយ thmeythmey.com