ជាតិ
«​បាក់​មៃ​»​ដំរីព្រៃ​ដែល​កំពុង​រស់នៅ​យ៉ាង​ស្និទ្ធស្នាល​ដូច​បងប្អូន ជាមួយ​ហ្ម​ជនជាតិដើម​ភាព​តិច ក្នុង​ខេត្តមណ្ឌលគិរី​
12, May 2019 , 10:59 pm        
រូបភាព
​មណ្ឌលគិរី​៖ «​បាក់​មៃ​» គឺជា​ដំរីព្រៃ​មួយ​ក្បាល ដែល​ត្រូវបាន​គេ​ទា​ក់មក​ចិញ្ចឹម​តាំងតែ​ពី​វា​នៅ​តូច​ម្ល៉េះ​។ បច្ចុប្បន្ន​លោក ក្លែង ថឹ​ក គឺជា​ជនជាតិដើម​ភាគតិច ដែល​ត្រូវជា​ម្ចាស់ និង​ជា​ហ្ម​របស់ បាក់​មៃ​។  ហ្ម​វ័យ​៣៨​ឆ្នាំ​រូបនេះ អះអាងថា លោក​ស្រឡាញ់ ស្និទ្ធស្នាល និង​មើលថែ​ដំរី​របស់ខ្លួន ប្រៀបដូចជា​បង​ប្អ​ន​បង្កើត​អ៊ីចឹង​ដែរ​។

 
«​បាក់​មៃ​» គឺជា​ដំរីព្រៃ ដែលមាន​វ័យ​ចំណាស់​ជាង​ដំរី​ឯទៀត នៅក្នុង​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។  នេះ​បើតាម លោក ក្លែង ថឹ​ក ជនជាតិដើម​ភាគតិច​ព្នង វ័យ​៣៨​ឆ្នាំ ដែលជា​ម្ចាស់​ផង ជា​ហ្ម​របស់ «​បាក់​មៃ​»​ផង​។ លោក ថឹ​ក មិនបាន​ដឹង​ពី​អាយុ​ពិតប្រាកដ របស់ បាក់​មៃ ច្បាស់​ឡើយ គ្រាន់តែ​ដឹងថា វា​មាន​អាយុ​ច្រើនជាង​ខ្លួន ហើយ​ត្រូវបាន ទាក់​តាំងពី​វា​នៅមាន​មាឌតូច​ម្ល៉េះ​។  


 
«​បាក់​មៃ​» មាន​មាឌធំ ខ្ពស់​សង្ហារ និង​មើលទៅ​ម៉ឹង​មាត់​។ សម្រាប់ លោក ក្លែង ថឹ​ក បាក់​មៃ  ប្រៀបដូចជា​បងប្អូនរ​បស់​គាត់​អីចឹង ហើយ​គាត់​អះអាងថា បាន​យកចិត្តទុកដាក់ មើលថែ​ដំរីព្រៃ​មួយ​នេះ​យ៉ាងខ្លាំង​។ លោក ក្លែង ថឹ​ក បញ្ជាក់​ដូច្នេះ​៖ «​ខ្ញុំ​ត្រូវ​មើលថែ បាក់​មៃ ឲ្យ​បានល្អ​ជាង​កូនខ្ចី​ពីរ​នាក់​ទៅទៀត ដោយសារ​ខ្លា​ចវា​ឈឺ​ចាស់​ទៅ​មាន​បញ្ហា ហើយ​វា​ជា​ទ្រព្យសម្បត្តិ​របស់ខ្ញុំ​។ ខ្ញុំ​មិន​គិតពី​រឿង​លុយ​ប៉ុន្មាន​ទេ សំខាន់​គឺ​ត្រូវ​មើលថែ បាក់​មៃ ឲ្យ​មាន​សុខភាព​ល្អ​។ ខ្ញុំ​ត្រូវយក បាក់​មៃ ទៅ​ងូតទឹក​២​ដង​ក្នុង​មួយថ្ងៃ​។ បាក់​មៃ ដូច​បងប្អូន​បង្កើតរ​បស់​ខ្ញុំ​»​។​


 
​លោក ក្លែង ថឹ​ក បាន​ឲ្យ​ដឹងថា តាំងតែ​ពី​លោក បន្ត​មើលថែ​វា​បន្ត​ពី​ដូនតា​«​បាក់​មៃ​» ធ្លាប់ធ្វើ​ឲ្យ​លោក ធ្លាក់​ពីលើ​ខ្នង​វា ចំនួន​ពីរដង​ដែរ​។ ប៉ុន្តែ​ឥឡូវនេះ បាក់​មៃ និង​ហ្ម​ជនជាតិដើម​ភាគតិច​ព្នង​រូបនេះ មើលទៅ​ហាក់​ស្រឡាញ់​ស្និទ្ធស្នាល​នឹង​គ្នា​ខ្លាំងណាស់​។ បើតាម​លោក ថឹ​ក បាក់​មៃ ឥឡូវនេះ មាន​ភាពចាស់ទុំ ជាង​មុន​កាលពី​វា​ទើប​ពេញវ័យ​ឆ្ងាយ​ណាស់ ហើយក៏​ងាយ​គ្រប់គ្រង​ដែរ​។​


 
​ជា​រៀងរាល់ថ្ងៃ «​បាក់​មៃ​» និង​ដំរី​មួយ​ក្បាល​ទៀត ឈ្មោះ «Princess» ត្រូវ​ចូល​ព្រៃ​ចម្ងាយ​ប្រមាណ​១០ គីឡូម៉ែត្រ ពី​ក្រុង​សែន​មនោ​រម្យ ដើម្បី​រង់ចាំ​ទទួលភ្ញៀវ​ទេសចរ ដែល​មក​កម្សាន្ត​នៅ​តំបន់​ឋាន​ទឹកជ្រោះ​អូរ​តេ​លេង​ទ្រុត​។ ក្នុង​មួយថ្ងៃ បាក់​មៃ អាច​រកចំណូលបាន​ប្រមាណ ២០​ដុល្លារ ជា​មធ្យម ពី​ការដឹក​ភ្ញៀវទេសចរ ដែល​មក​ទស្សនា​ទឹកជ្រោះ​អូរ​តេ​លែង​ទ្រុត​។ ប៉ុន្តែ​ថ្ងៃ​ខ្លះ ក៏​ក្សត់​ភ្ញៀវ ហើយ​ចំណូល​ក៏​មិនសូវ​បាន​ច្រើន​ដែរ​។ នេះ​បើតាម​លោក ក្លែង ថឹ​ក​៕





Tag:
 មណ្ឌលគិរី​
  ជនជាតិដើម​ព្នង​
  ដំរី​
  បាក់​មៃ
© រក្សាសិទ្ធិដោយ thmeythmey.com