កីឡាអន្តរជាតិ
អន្តរជាតិ
Man City បន្តឈ្នះពាន Premier League ដោយលើស Liverpool តែ១ពិន្ទុប៉ុណ្ណោះ
× Manchester City ការពារតំណែងជើងឯក Premier League របស់ខ្លួនបានសម្រេច ក្រោយទទួលជ័យជម្នះ ៤-១ លើម្ចាស់ផ្ទះ Brighton & Hove Albion នាជំនួបសប្តាហ៍ចុងក្រោយ ស្របពេលដែល Liverpool ក៏បានយកឈ្នះភ្ញៀវ Wolverhampton Wanderers ២-០ ផងដែរ។ ក្រុមមេឃខៀវ មានពិន្ទុសរុប៩៨ ដោយលើសហង្សក្រហមតែមួយពិន្ទុប៉ុណ្ណោះ។
នាម៉ោងប្រកួតដំណាលគ្នា សម្ពាធបានចាប់ផ្តើមដាក់ទៅលើ Man City បន្ទាប់ Sadio Mane ស៊ុតបាល់បញ្ចូលទីលើ Wolverhampton នៅនាទី១៧។ កាន់តែធ្ងន់ថែមទៀតនោះ Brighton បាននាំមុខ Man City នៅនាទី២៧ ដែលរកបានដោយ Glenn Murray។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមេឃខៀវ បានកែប្រែស្ថានការណ៍ ដោយវាយបកបាន២គ្រាប់មុនបញ្ចប់តង់មួយ ដែលសម្រេចបានដោយ Sergio Aguero និង Aymeric Laporte។
ឈានដល់តង់ទីពីរ ខណៈ Liverpool នៅតែបន្តនាំមុខ Wolves ១-០ ក្រុម Man City កាន់តែធ្ងន់ខ្លួន ដោយ Riyad Mahrez និង Ilkay Gundogan បន្ថែមម្នាក់មួយគ្រាប់ទៀត ដើម្បីបង្កើនការនាំមុខ ៤-១ ត្រឹមនាទី៧២។ រីឯនៅ Anfield ឯណោះវិញ Sadio Mane រកបានមួយគ្រាប់ទៀតឲ្យហង្សក្រហម ប៉ុន្តែឱកាសលើកពានមិនមាននោះឡើយ។
ខណៈ Liverpool ខកឱកាសលើកពានដោយចាញ់ Manchester City តែ១ពិន្ទុ Arsenal ក៏ស្ថិតនៅក្រៅតំបន់ Top 4 តែមួយពិន្ទុផងដែរ។ Chelsea បញ្ចប់ការប្រកួតដោយគ្មានការស៊ុតបាល់បញ្ចូលទីនៅទឹកដីរបស់ Leicester ដោយរក្សាតំណែងលេខបី ជាមួយ៧២ពិន្ទុ។ Tottenham Hotspur រក្សាចំណាត់ថ្នាក់លេខបួន ដោយមាន៧១ពិន្ទុ ក្រោយស្មើ Everton ២-២។ Eric Dier និង Christian Eriksen ជាអ្នកស៊ុតចូលទីឲ្យ Spurs រីឯ Theo Walcott និង Cenk Tosun ជាអ្នកសម្រេចទីឲ្យភ្ញៀវ Everton។
Arsenal រកបាន៣ពិន្ទុនៅទឹកដី Burnley ជាមួយនឹងលទ្ធផល ៣-១។ Pierre-Emerick Aubameyang រកបាន២គ្រាប់ និង Eddie Nketiah បន្ថែមបាន១គ្រាប់សម្រាប់កាំភ្លើងធំ ខណៈ១គ្រាប់របស់ម្ចាស់ផ្ទះ Burnley សម្រេចបានដោយ Ashley Barnes។ ជ័យជម្នះនាំឲ្យ Arsenal រក្សាចំណាត់ថ្នាក់លេខ៥ប៉ុណ្ណោះ ដោយមាន៧០ពិន្ទុ។ Arsenal នៅមានឱកាសលេងក្របខណ្ឌ Champions League នារដូវក្រោយ ប្រសិនបើពួកគេអាចយកឈ្នះ Chelsea នៅវគ្គផ្តាច់ព្រ័ត្រ Europa League។
Manchester United ដែលមានកៅអី Europa League ក្នុងនាមជាក្រុមលេខ៦ នោះ បានខកចិត្តនាការប្រកួតចុងក្រោយ ដោយចាញ់ក្រុមភ្ញៀវ Cardiff City ដែលធ្លាក់ចេញទៅក្របខណ្ឌ Championship។ Nathanie Mendez-Laing រកបាន២គ្រាប់ក្នុងការប្រកួតចុងក្រោយនេះ។
ទោះបីចាញ់ Liverpool ក៏ដោយ Wolves នៅរក្សាចំណាត់ថ្នាក់លេខ៧ ដោយពួកគេនៅមានឱកាសលេងវគ្គជម្រុះ Europa League ក្នុងករណី Manchester City ឈ្នះ Watford នៅវគ្គផ្តាច់ព្រ័ត្រ FA Cup។
Everton, Leicester City, West Ham, Watford, Crystal Palace, Newcastle, Bournemouth, Burnley, Southampton និង Brighton រក្សាវត្តមានរបស់ខ្លួននៅ Premier League ខណៈ Cardiff City, Fulham, Huddersfield Town ត្រូវជំនួសដោយ Norwich City, Sheffied United និងក្រុមមួយទៀតដែលឈ្នះវគ្គ Playoff នៅ Championship។
Aubameyang, Mane និង Salah ដែលស៊ុតបាល់បញ្ចូលទី២២គ្រាប់រៀងៗខ្លួន ទទួលបានស្បែកជើងមាស (ស្ទួន)។
ដោយឡែក ពានរង្វាន់ស្រោមដៃមាស បានទៅលើ អ្នកចាំទី Liverpool, Alisson Becker។ © រក្សាសិទ្ធិដោយ thmeythmey.com