កីឡាអន្តរជាតិ
អន្តរជាតិ
កំណត់ត្រា​៖ កីឡាករ​អាហ្វ្រិក Aubameyang, Salah, Mane ឈ្នះ​ស្បែកជើង​មាស​នៅ EPL ព្រម​គ្នា​
13, May 2019 , 11:13 am        
រូបភាព
​ម្ចាស់​ស្បែកជើង​មាស Golden Boot ក្នុង​ក្របខណ្ឌ Premier League រដូវ​កាល ២០១៨-១៩ មិនមែន​មានតែ​មួយរូប ឬ​ពីររូប​ទេ ប៉ុន្តែ​មាន​កីឡាករ​អាហ្វ្រិក​ដល់​ទៅ​៣​រូប​បានឈ្នះ​ពាន​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​។ អ្នក​ទាំងបី​រួមមាន Mohamed Salah, Sadio Mane និង Pierre-Emerick Aubameyang ដែល​ស៊ុត​បញ្ចូល​ទី​ម្នាក់​២២​គ្រាប់​។

 
Manchester City បាន​ក្លាយជា​ម្ចាស់​ពានរង្វាន់ Premier League រដូវ​កាល ២០១៨-១៩ ដោយ​នាំមុខ​គូប្រជែង Liverpool ចំនួន​មួយ​ពិន្ទុ​ប៉ុណ្ណោះ បន្ទាប់ពី​បញ្ចប់​ការប្រកួត​កាត់សេចក្តី​សប្តាហ៍​ចុងក្រោយ​។ បើទោះបី​មិនអាច​ឈ្នះ​ពាន​លី​គ​កំពូល​អង់គ្លេស​ក្តី ប៉ុន្តែ​កីឡាករ​របស់​ហង្ស​ក្រហម​ពីររូប​ដូចជា​ខ្សែប្រយុទ្ធ Salah និង Mane ទទួលបាន​ពាន​ស្បែកជើង​មាស​ម្នា​ក់មួយ​។​
 
​ក្នុងជំនួប​បិទ​រដូវ​កាល ខ្សែប្រយុទ្ធ​សញ្ជាតិ​សេ​ណេ​ហ្គា​ល់ Mane អាច​រកបាន​ដល់​ទៅ​២​គ្រាប់​ម្នាក់ឯង​នៅ Anfield ដើម្បី​ជួយ Liverpool ឈ្នះ Wolverhampton ២-០ និង​នាំ​ឲ្យ​រូបគេ​កើន​ដល់​២២​គ្រាប់​។ Salah កីឡាករ​អន្តរជាតិ​អេ​ហ្ស៊ី​ប​ដែលជា​មិត្ត​រួម​ក្រុម​របស់ Mane មិនអាច​រក​គ្រាប់​បាល់​បន្ថែម​ឡើយ​សម្រាប់​ជំនួប​សប្តាហ៍​ចុងក្រោយ​នេះ ខណៈ​រូបគេ​មាន​២២​គ្រាប់​ក្នុង​ដៃ​រួចស្រេច​។​
 


​ដោយឡែក​ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ក៏​អាច​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ផងដែរ​សម្រាប់​ជំនួប​ចុងក្រោយ​ក្នុង​ជ័យជម្នះ​របស់ Arsenal លើ Burnley ដោយ​លទ្ធផល​៣-១​។ ២​គ្រាប់​នេះ​បាន​ជួយ​ឲ្យ​កីឡាករ​សញ្ជាតិ​ហ្គា​បុ​ង វ័យ​២៩​ឆ្នាំ​ទទួលបាន​ស្បែកជើង​មាស​មួយ​ដែរ​នៅ​រដូវ​កាល​នេះ​។ នេះ​ជា​រដូវ​កាល​ដ៏​អស្ចារ្យ និង​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អស់​គ្លេ​ស​ដែលមាន​កីឡាករ​ពី​តំបន់​អាហ្វ្រិក​អាច​ឈ្នះ Golden Boot ដល់​ទៅ​៣​រូប​ព្រម​គ្នា​។​
 


​តាមច្បាប់​ក្នុង​ក្របខណ្ឌ Premier League រង្វាន់​ស្បែកជើង​មាស គឺ​គិតតែ​លើ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ប៉ុណ្ណោះ ដោយ​មិន​រាប់បញ្ចូល​ការបញ្ជូន​បាល់​ឲ្យ​ដៃគូ (assists) សម្រេច​ទីនោះ​ទេ​។ ដូច្នេះ​អ្នក​ស៊ុត​បញ្ចូល​ទី​ស្មើគ្នា នឹង​ទទួលបាន​រង្វាន់​ស្ទួន​។​

សូមបញ្ជាក់ថា កាល​រដូវ​កាល ១៩៩៨-៩៩ ក៏មាន​អ្នកឈ្នះ​ស្បែកជើង​មាស​ចំនួន​៣​រូប​ផងដែរ​រួមមាន  Jimmy Floyd Hasselbaink (Chelsea), Michael Owen (Liverpool)  និង Dwight Yorke (Man Utd)៕
 
​ខាងក្រោមជាកីឡាករដែលស៊ុតបញ្ចូលទីក្នុងរដូវកាលនេះ



Tag:
 ​ទេព ពិទូរ្យ កីឡា​​បាល់ទាត់​
  Golden Boot
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com