កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ ជើងឯកអូទ្រីស Salzburg ចូលវគ្គ Group Stage ព្រោះ Liverpool និង Spurs ស្ថិតក្នុង Top 4 អ្នកគាំទ្រក្លិប Salzburg
× Liverpool និង Tottenham Hotspur នៃក្របខណ្ឌ Premier League ត្រូវប៉ះគ្នាដណ្តើមជើងឯក Champions League នារដូវកាលនេះ។ ដោយសារតែក្រុមទាំងពីរសុទ្ធតែមានកៅអី Top 4 ដូច្នេះ ជើងឯកអូទ្រីស Red Bull Salzburg ជាអ្នកទាញបានឱកាសទៅលេងវគ្គ Group Stage នៃពានរង្វាន់ Champions League នារដូវកាលក្រោយ។ នេះបើតាមច្បាប់ដែលកំណត់ដោយសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប ដែលត្រូវបានបកស្រាយដោយសារព័ត៌មានកីឡាធំៗ ដូចជា BBC និង ESPN ជាដើម។
ជាទូទៅ ក្រុមដែលឈ្នះពាន Champions League នឹងបានកៅអីសម្រាប់ក្របខណ្ឌកំពូលអឺរ៉ុបមួយនេះ ទៀតនារដូវកាលក្រោយ ប៉ុន្តែទាំង Liverpool និង Tottenham Hotspur សុទ្ធតែមានកៅអីរួចជាស្រេចក្នុងនាមជាក្រុម Top 4 នៅ Premier League ដោយហង្សក្រហមស្ថិតនៅលេខ២ រីឯមាន់ខ្នាយមាសឈរនៅលេខ៤។
ក្នុងចំណោមក្រុមទាំងពីរ ក្រុមមួយណាក៏ត្រូវមានកៅអីលេង Champions League នារដូវកាលដដែល ទោះវគ្គផ្តាច់ព្រ័ត្រ មានលទ្ធផលបែបណាក៏ដោយ។ តាមច្បាប់របស់ UEFA ករណីក្រុមនៅ Top 4 Premier League ឈ្នះពាន Champions League ជោគវាសនាទៅលេងវគ្គ Group Stage នារដូវកាលក្រោយ មិនមែនជាក្រុមលេខ៥នោះឡើយ តែជាក្រុមដែលលើកពាននៅក្របខណ្ឌកំពូលអូទ្រីស Austrian Bundesliga ដែលជាលីគលំដាប់ទី១១នៅអឺរ៉ុប។
Red Bull Salzburg ដែលជាធម្មតាត្រូវឡើងនៅវគ្គជម្រុះនោះ នឹងត្រូវលេងវគ្គ Group Stage វិញ។ ជាមួយគ្នានេះ ក្រុមផ្សេងទៀត ក៏ត្រូវឡើងកម្រិតជម្រុះរបស់ខ្លួនផងដែរ ដោយក្រុមជើងឯកនៅសាធារណរដ្ឋឆែក ត្រូវលេងវគ្គ Play-off ក្រុមជើងឯកក្រិក PAOK ត្រូវលេងវគ្គជម្រុះជុំទីបី ខណៈជើងឯកអ៊ីស្រាអែល Maccabi Tel Aviv និងជើងឯកស៊ីប APOEL ត្រូវឡើងទៅលេងវគ្គជម្រុះជុំទីពីរ សម្រាប់ព្រឹត្តិការណ៍ Champions League រដូវកាល២០១៩-២០២០។
Premier League អាចមាន៥ក្រុមដែលត្រូវលេង Champions League នារដូវកាលក្រោយ ប្រសិនបើ Arsenal ឈ្នះពាន Europa League ប៉ុន្តែបើ Chelsea ឈ្នះ វត្តមានក្រុមនឹងត្រូវប្រែប្រួលព្រោះ តោខៀវ មានឈ្មោះរួចជាស្រេចនៅរដូវកាលក្រោយក្នុងនាមជាក្រុមលេខបី។ បើតោខៀវបានពាន Europa League ក្រុមលេខបីនៅក្របខណ្ឌ Ligue 1 របស់បារាំង នឹងទៅលេងវគ្គ Group Stage ខណៈជើងឯករងអូទ្រីស LASK Linz និងជើងឯករងនៅតួកគី ត្រូវលេងវគ្គជម្រុះជុំទីបី៕
© រក្សាសិទ្ធិដោយ thmeythmey.com