រថយន្ត
អន្តរជាតិ
ក្រុង Shenzhen របស់​ចិន នាំមុខគេ​លើ​ការប្រើប្រាស់​សេវា​រថយន្តក្រុង​អគ្គិសនី​
13, May 2019 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​បណ្តា​ទីក្រុង​នៅ​សហរដ្ឋអាមេរិក ដូចជា ញូវយ៉ក ឡូ​ស​អេ​ន​ជឺ​ឡេស ក៏ដោយ​ជា​ក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស និង​ក្រុងប៉ារីស ប្រទេស​បារាំង បានដាក់​គោលដៅ​កាត់បន្ថយ​ការ​បំ​ភាព​ឧស្ម័ន ត្រឹម​ឆ្នាំ​២០២៥ ឬ​ឆ្នាំ​២០៣០​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុង Shenzhen របស់​ចិន បាន​ដើរ​ទៅមុខ​មួយចំនួន តាមរយៈ​ការដាក់​ដំណើរការ​រថយន្តក្រុង​ដែល​ប្រតិបត្តិការ​ដោយ​ប្រព័ន្ធ​អគ្គិសនី រហូតដល់​ទៅជា​ង​១៦០០០​គ្រឿង ចាប់តាំងពី​ចុងឆ្នាំ​២០១៧​មក​។​

 
​ក្រោម​ការផ្តល់​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល ក្រុង Shenzhen របស់​ចិន ដែលមាន​ប្រជាជន​ជាង​១២.៥​លាន​នាក់ មាន​រថយន្ត​អគ្គិសនី​រហូតដល់​ទៅ​ជាង​១៦០០០​គ្រឿង ពោលគឺ​ច្រើនជាង​ចំនួន​បញ្ចូល​គ្នា​នៅ​ក្រុង​ញូវយ៉ក​, ឡួស​អេ​ន​ជឺ​ឡេស​, Toronto, New Jersey និង Chicago ជាដើម​។​
 
​យោងតាម​ការផ្សាយ​រប​ស់ South China Morning Post ក្រៅពី​រថយន្តក្រុង​អគ្គិសនី​ជាង​១៦០០០​គ្រឿង ក្រុង​សេដ្ឋកិច្ច​របស់​ចិន​មួយ​នេះ ក៏មាន​រថយន្ត​តាក់ស៊ី ប្រភេទ​អគ្គិសនី (EV) មិនតិចជាង​១៣០០០​គ្រឿង​នោះដែរ​។​


 
​រដ្ឋាភិបាល​ចិន ផ្តល់​ថវិកា​យ៉ាងហោចណាស់​៥០​ម៉ឺន​យន់ (​ជាង​៧២ ១៥០​ដុល្លារ​អាមេរិក​) ក្នុង​រថយន្តក្រុង​មួយគ្រឿងៗ រួមទាំង​ការលើកទឹកចិត្ត​បន្ថែមទៀត​ពី​អាជ្ញាធរ Shenzhen និង​រដ្ឋាភិបាល​ថ្នាក់កណ្តាល​។ ជារួម ចិន​ចំណាយ​ជាង​១,២​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ​ដើម្បី​ទ្រទ្រង់​ដំណើរការ​រថយន្តក្រុង រីឯ​រថយន្ត​តាក់ស៊ី ក៏​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ផងដែរ​។​
 
​ក្រោម​ទស្សនវិស័យ «Made in China 2025» ចិន​ចង់​នាំមុខគេ​លើ​សម្រាប់​ទីផ្សារ​ផលិត​រថយន្ត​អគ្គិសនី ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្រេង និង​ពង្រឹង​ការការពារ​បរិស្ថាន​។ បច្ចុប្បន្ន រថយន្តក្រុង​អគ្គិសនី​ប្រមាណ​៤០​ម៉ឺន​គ្រឿង​កំពុង​ប្រតិបត្តិការ​ដោយ​៩៩​ភាគរយ​នៅ​ប្រទេស​ចិន​។​


 
​ក្នុងចំណោម​រថយន្តក្រុង​ប្រមាណ​១៦០០០​គ្រឿង​នៅ Shenzhen រថយន្ត​៨០​ភាគរយ ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន BYD ដែលមាន​មូលដ្ឋាន​នៅ​ទីនោះ​ផ្ទាល់​។ បន្ថែម​ពីលើ​នេះ ទីតាំង​បញ្ចូល​អគ្គិសនី មាន​ប្រមាណ​៤០០០០​កន្លែង​ផងដែរ​។​
 
​ក្រៅពី Shenzhen ទីក្រុង​ជាង​៣០​ទៀត​នៅ​ចិន ក៏​ដាក់​ផែនការ​ប្រើប្រាស់​រថយន្ត​ក្រុង​អគ្គិសនី​សាធារណៈ​ឲ្យ​បាន​១០០​ភាគរយ​ផងដែរ ដោយ​គិត​ត្រឹម​ឆ្នាំ​២០២០ ស្រប​ពេលដែល​បណ្តា​ក្រុង​ធំៗ​នៅ​អាមេរិក និង​អឺរ៉ុប ហាក់ដូចជា​បោះជំហាន​ទៅមុខ​យឺតៗ​៕

© រក្សាសិទ្ធិដោយ thmeythmey.com