ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ស្ថាបនិក​កម្មវិធី​ពេទ្យ​យើង​៖ «​ទោះ​ខ្ញុំ​មិនអាច​ធ្វើជា​វេជ្ជបណ្ឌិត ប៉ុន្តែ​ខ្ញុំ​អាចបង្កើត​កម្មវិធី​ជួយ​ដល់​វេជ្ជបណ្ឌិត​»
13, May 2019 , 11:19 pm        
រូបភាព
រូបពីហ្វេសប៊ុកអ្នកស្រី លីមសាន ដែលទទួលបានពានរង្វាន់សហគ្រិនស្រ្តីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាប្រចាំឆ្នាំ ២០១៩
រូបពីហ្វេសប៊ុកអ្នកស្រី លីមសាន ដែលទទួលបានពានរង្វាន់សហគ្រិនស្រ្តីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាប្រចាំឆ្នាំ ២០១៩
«​ពេទ្យ​យើង​» ជា​កម្មវិធី​សម្រាប់​គ្រប់គ្រង​ទិន្នន័យ​មន្ទី​ពេទ្យ​តាមបែប​ឌីជីថល ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​សហគ្រិន​ស្ត្រី​កម្ពុជា គឺ​អ្នកស្រី ប៉ុង លីម​សាន ។ កម្មវិធី​នេះ ដើម្បី​ជួយ​លើកកម្ពស់​សេវាកម្ម​ផ្នែក​សុខ​ភិ​បាល​ក្នុងប្រទេស​កម្ពុជា​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់​។

 
​មូល​ហេតុដែល​អ្នកស្រី លីម​សាន បង្កើត​កម្មវិធី​គ្រប់គ្រង​ទិន្នន័យ​នេះ​ឡើង ដោយសារ​អ្នកស្រី បាន​មើលឃើញថា ការគ្រប់គ្រង​ព័ត៌មាន​របស់​អ្នកជំងឺ និង​ទិ​ន្ធ​ន័យ​ផ្សេងៗ​ទៀត​នៅតាម​បណ្ដា​មន្ទី​ពេទ្យ​នានា​ក្នុងប្រទេស​កម្ពុជា នៅមាន​ភាពខ្វះ​ចន្លោះ ក្រោយ​ពេលដែល​អ្នកស្រី បាន​ប្រឡូក​ការងារ​ជា​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ទិន្នន័យ​ក្នុង​វិស័យ​សុខាភិបាល អស់​រយៈពេល​ជាង​៦​ឆ្នាំ​មក​។​

​ដើម្បី​ជ្រាប​ច្បាស់ សូម​លោក​-​អ្នកនាង​ស្ដាប់​បទ​សម្ភាស​រវាង លោក ភួង វ៉ាន់​ថា អ្នកសារព័ត៌មាន​ថ្មីៗ និង អ្នកស្រី ប៉ុង លីម​សាន សហគ្រិន​ស្ត្រី​កម្ពុជា ដូចតទៅ​៖



 
​តាមពិតទៅ​អ្នកស្រី ប៉ុង លីម​សាន មិនមាន​ជំនាញ​ឯកទេស​ផ្នែក​សុខាភិបាល​នោះទេ ។ ជំនាញ​របស់​អ្នកស្រី ពិតប្រាកដ​នោះ គឺ​ផ្នែក​ព័ត៌មានវិទ្យា (Information Technology)​។ ប៉ុន្តែ​ដោយសារតែ​មានឱកាស​បាន​ប្រឡូក​ការងារ​ជា​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ទិន្នន័យ​ក្នុង​វិស័យ​សុខាភិបាល កាលពី​ឆ្នាំ​២០១២​នោះ ទើប​ធ្វើ​ឲ្យ​អ្នកស្រី លីម​សាន មានការ​ចាប់អារម្មណ៍ និង​ចង់​ដោះស្រាយ​លើ​បញ្ហា​គ្រប់គ្រង​ទិន្នន័យ​អ្នកជំងឺ​នេះ តាមរយៈ​ការយក​ជំនាញ​របស់ខ្លួន មក​បង្កើតជា​កម្មវិធី​«​ពេទ្យ​យើង​» ដើម្បី​សម្រួល​ដល់​ការគ្រប់គ្រង​ទិន្នន័យ​នៅក្នុង​មន្ទី​ពេទ្យ​។ បើតាម​អ្នកស្រី លីម​សាន បច្ចុប្បន្ន​មាន​មន្ទី​ពេទ្យ​រដ្ឋ និង​ឯកជន​ជាង​១០០ ហើយ ដែល​បាន​ប្រើប្រាស់​កម្មវិធី​នេះ​។​


 
​សហគ្រិន​ស្ត្រី​ដែលមាន​ជំនាញ​ព័ត៌មាន​ជាង​២០​ឆ្នាំ​រូបនេះ​បាន​និយាយថា​៖«​បើទោះបី​ខ្ញុំ​មិន​បានធ្វើ​វេជ្ជបណ្ឌិត ប៉ុន្តែ​ខ្ញុំ​បង្កើត​កម្មវិធី​ជួយ​វេជ្ជបណ្ឌិត ដើម្បី​ឲ្យ​ប្រើប្រាស់​កម្មវិធី​នេះ ជួយ​ទៅដល់​សង្គម​របស់ខ្ញុំ​វិញ​»​។​
 
​អ្នកស្រី លីម​សាន បានទទួល​ពានរង្វាន់​សហគ្រិន​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ប្រចាំឆ្នាំ ២០១៩ ពី​ក្រសួង​ប្រៃសនីយ៍​និង​ទូរគមនាគមន៍​កម្ពុជា​ផងដែរ​។ 
 
​ដើមឡើយ​ម្តាយ​អ្នកស្រី លីម​សាន បាន​ជំរុញ​ឲ្យ​អ្នកស្រី​រៀន​ជំនាញ​ពេទ្យ ខណៈពេលដែល​អ្នកស្រី​កំពុង​រៀន​ថ្នាក់​វិទ្យាល័យ ប៉ុន្តែ​អ្នកស្រី​មិនបាន​ជ្រើសរើស​តាម​ម្ដាយ​នោះទេ  ព្រោះ​អ្នកស្រី​ជា​មនុស្ស​ខ្លាច​ឈាម និង​ម្ជុល ។ ដូច្នេះ​អ្នកស្រី​ក៏​សម្រេចចិត្ត​រៀន​ជំនាញ ព័ត៌មានវិទ្យា ឬ​ហៅថា IT ជំនួស​វិញ​។ 
 
​អ្នកស្រី​ក៏បាន​ចែករំលែក​បទពិសោធន៍​ផ្ទាល់ខ្លួន​ដល់​សហគ្រិន​ស្ត្រី​ជំនាន់​ក្រោយ និង​ស្ត្រី​ដែល​ចង់​សិក្សា​ជំនាញ​ព័ត៌មានវិទ្យា​ថា ស្ត្រី​ទាំងអស់​ត្រូវ​កំណត់​គោលដៅ​របស់ខ្លួន​ឲ្យ​បានច្បាស់លាស់ និង​ត្រូវ​រៀនសូត្រ​ពី​មនុស្ស​ជុំវិញខ្លួន ឬ​អ្នក​ដែលជា​គំរូ​។ ហើយ​នៅពេល​ជួប​ឧបសគ្គ ត្រូវ​គិតថា​ឧបសគ្គ​គឺជា​ឱកាស ដែល​ត្រូវ​ដោះស្រាយ​ដោយ​ផ្ដោតលើ​ការព្យាយាម ភាពស្មោះត្រង់ និង ភាពជា​អ្នកដឹកនាំ (​ម្ចាស់ការ​លើ​ខ្លួនឯង​)៕

Tag:
 សហគ្រិន​ស្ត្រី​
  សុខ​ភិ​បាល​
© រក្សាសិទ្ធិដោយ thmeythmey.com