ជាតិ
លោក មុត ចន្ថា ៖ លោក កឹម សុខា គោរព​គោលការណ៍​មិន​គុំ​កួន​សងសឹក តាម​រាជ​បណ្ដាំ​ព្រះ​បរម​រតន​កោដ្ឋ​
14, May 2019 , 12:18 pm        
រូបភាព
​ភ្នំពេញ​៖ លោក កឹម សុខា ជា​មនុស្ស​គោរព​គោលការណ៍​មិន​គុំ​កួ​ន​សងសឹក និង​មិន​ចាត់ទុក​ខ្មែរ​ណា​ជាស​ត្រូវ តាម​ព្រះរាជ​បណ្ដាំ​របស់​ព្រះ​បរម​រតន​កោដ្ឋ​។ នេះ​ជាការ​លើកឡើង​របស់លោក មុត ចន្ថា ដែលជា​មនុស្ស​ស្និទ្ធ​នឹង​លោក កឹម សុខា​។​


 
​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការខ្លួន លោក មុត ចន្ថា បាន​រំឭក​ពី​គោលជំហរ​របស់លោក កឹម សុខា នៅ​គ្រា​ដែល​ដឹកនាំ​បក្ស​ថា លោក កឹម សុខា បាន​អនុវត្ត​គោលនយោបាយ​បក្ស ក្រោម​ពាក្យស្លោក «​ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​»​។ ក្នុងន័យនេះ​លោក មុត ចន្ថា បាន​ពន្យល់ថា រាល់ ការតស៊ូ​នយោបាយ គឺត្រូវធ្វើ​ឡើង​តាម​យន្តការ​គណបក្សនយោបាយ​ស្របច្បាប់ និង​ការប្រកួតប្រជែង​គ្នា​លើ​កម្មវិធី និង​គោលនយោបាយ ។ ជាពិសេស​ការប្រកួត​នៅក្នុង​ទីលាន​ប្រជាធិបតេយ្យ​ដោយ​ស្មើភាព និង​យុត្តិធម៌ តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។​
 
​និយាយ​ពី​ចំណុច​ខាងលើនេះ លោក មុត ចន្ថា ក៏បាន​អះអាងថា លោក កឹម សុខា គឹជា​មេដឹកនាំ​ម្នាក់ ដែល​អនុវត្តតាម​ព្រះរាជ​បណ្ដាំ​ព្រះ​បរម​រដ្ឋ​ន​កោដ្ឋ ដោយ​ប្រកាន់​ជំហរ​នយោបាយ​អហិង្សា និង​គ្មាន​គំនិត​គុំ​កួន​សងសឹក​លើ​អ្នកណា​ឡើយ​។​
 
​មនុស្ស​ជំនិត​របស់លោក កឹម សុខា រូបនេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដូច្នេះ​ថា​៖«​លោក កឹម សុខា នៅតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អហិង្សា មិន​គុំកួន​សងសឹក មិន​ចាត់ទុក​ខ្មែរ​ណា​ជាស​ត្រូវ ។ ហើយ​លោក​នៅតែ​ដង្ហែ​តាម​ព្រះរាជ​បណ្តាំ​របស់​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ «​ខ្មែរ​រួបរួម​ជា​ធ្លុង​មួយ ខ្មែរ​ខ្លាំង​» និង​ព្រះរាជតួនាទី​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី «​ឯកភាព​ជាតិខ្មែរ និង​និរន្តរភាព​ជាតិ​»​។​
 
​អះអាង​ពី​ជំហរ​របស់លោក កឹម សុខា ហើយ​លោក មុត ចន្ថា ក៏​និយាយ​ការពារ​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​ថា លោក កឹម សុខា គ្មាន​គោលការណ៍​ដឹកនាំ​ឲ្យ​មានការ​បង្កជម្លោះ​នៅក្នុង​សង្គមជាតិ​ឡើយ​។​«​ដូច្នេះ​ការអំពាវនាវ​ឲ្យ​កងទ័ព​បះបោរ ដើម្បី​ទម្លាក់​អ្នកនេះ ឬ​អ្នកនោះ ឬក៏​ការវិល​ចូល​ស្រុក ដើម្បី​មក​ចាប់​អ្នកនេះ ឬ​អ្នកនោះ គឺ «​មិនមែនជា​គោលនយោបាយ និង​គោលការណ៍​ដឹកនាំរ​របស់លោក កឹម សុខា ឡើយ ហើយក៏​វា​មិនមែនជា​គោលនយោបាយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់បាន​ដាក់ចេញ​នោះ​ក៏​ទេ​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក មុត ចន្ថា ដែល​មនុស្ស​ស្និទ្ធ​លោក កឹម សុខា​។​
 
​បច្ចុប្បន្ននេះ លោក កឹម សុខា កំពុង​ជាប់ឃុំ​ខ្លួន​នៅក្នុង​ផ្ទះ ដោយ​ស្ថិតនៅក្នុង​ក្រោម​ការ​ឃ្លាំង​មើល​របស់​តុលាការ ។ បើ​គិត​ទាំង​ការឃុំខ្លួន​នៅ​ពន្ធនាគារ និង​ក្នុងផ្ទះ គឺមាន​រយៈពេល​២០​ខែ​ហើយ​។ ការជាប់​ឃុំខ្លួន​បែបនេះ ត្រូវបាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ចាត់ទុកជា​ការរំលោភ​ច្បាប់​និង​រដ្ឋធម្មនុញ្ញ​។ ព្រោះ​តាម​នីតិវិធី ជន​ត្រូវ​ចោទ មិនអាច​ត្រូវបាន​ឃុំ​ឲ្យ​លើសពី​មួយឆ្នាំ​កន្លះ​ឡើយ​។ 
 
​ប៉ុន្តែ​ចំណុច​នេះ ត្រូវបាន​តុលាការ​និង​ក្រសួងយុត្តិធម៌ បកស្រាយ​វិញ​ថា បច្ចុប្បន្ន​លោក កឹម សុខា មិនមែន​ជាប់ឃុំ​ក្នុងផ្ទះ​នោះទេ ពោលគឺ លោក​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ហើយ ដោយ​គ្រាន់តែ​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ និង​ជាប់​បម្រាម​ខ្លះៗ​ប៉ុណ្ណោះ​។ បម្រាម​ទាំងនោះ រួមមាន មិន​ឲ្យ​ចេញ​ទៅណា​ហួស​ពី​ព្រំដែន​កំណត់ មិន​ឲ្យ​ជួប​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង និង មិន​ឲ្យ​ជួប​ជនបរទេស​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​៕
 

Tag:
 កឹម សុខា​
  នយោបាយ​
  ព្រះ​បរម​រតន​កោដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com