កីឡាអន្តរជាតិ
អន្តរជាតិ
លោក ថាក់ស៊ីន ចរចា​ទិញ​ក្លិប Crystal Palace ក្នុងតម្លៃ​១៩៥​លាន​ដុល្លារ​
14, May 2019 , 4:00 pm        
រូបភាព
​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុង​ចរចា​ជាមួយ Crystal Palace ដើម្បី​ទិញយក​ក្លិប​ក្នុង​ក្របខណ្ឌ Premier League មួយ​នេះ​មកកាន់​កាប់​។ មនុស្ស​ជំនិត​របស់​អតីត​ម្ចាស់​ក្លិប Manchester City កាលពី​១១​ឆ្នាំមុន អះអាង​ដូច្នេះ​នៅ​ថ្ងៃទី​១៣ ខែឧសភា​។​


 
​លោក Miti Tiyapairat អតីត​ប្រធាន​ក្លិប Chiangrai United នៃ​លី​គ​បាល់ទាត់​កំពូល​ថៃ និង​ជាម​នុស្ស​ជំនិត​របស់​ថាក់ស៊ីន​ផង​នោះ បាន​ប្រាប់​បណ្តាញសារព័ត៌មាន ONE 31 ថា​លោក​កំពុង​ចរចា​ពី​តម្លៃ ការគ្រប់គ្រង និង​ពត៌មាន​លំអិត​មួយចំនួន​ដែល​គួរ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​បំផុត​ជាមួយ​ក្លិប​នៅ​អង់គ្លេស​នេះ​។ 
 
​លោក Tiyapairat ក៏បាន​បង្ហើប​ប្រាប់​តម្លៃ​ទិញ​ផ្តាច់​យក​ភាគហ៊ុន​ធំ​របស់​ក្លិប Crystal Palace ដែលមាន​តម្លៃ​ប្រមាណ​១៥០​លាន​ផោន (១៩៥​លាន​ដុល្លារ​អាមេរិក​)​។ ប្រសិន​កិច្ច​ព្រម​ប្រៀង​រវាង​ភាគី​ទាំងពីរ​ទទួលជោគជ័យ​នោះ លោក Tiyapairat នឹង​ក្លាយជា​នាយក​ប្រតិបត្តិ​ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុង​ដ៍​នេះ​។​
 
«​វា​ជា​អាជីព​របស់ខ្ញុំ​ចាប់តាំងពី​ខ្ញុំ​បានធ្វើការ​ផ្នែក​គ្រប់គ្រង​នៅ Chiangrai United ប៉ុន្តែ​ទោះយ៉ាងណា​វា​ពិតជា​តួនាទី​ដ៏​លំបាក​មួយ​។ នេះ​ជា​ក្លិប​មាន​កម្រិតស្តង់ដារ​មួយ​ផ្សេងទៀត ប៉ុន្តែ​វា​នៅតែ​ជាការ​រីករាយ​សម្រាប់​ខ្ញុំ និង​ប្រជាជន​ថៃ​ដែលជា​ម្ចាស់​ក្លិប​បាល់ទាត់​លំដាប់​ពិភពលោក​នេះ​»​។ goal.com ស្រង់​សម្តី​របស់លោក Tiyapairat ដែល​បាន​ប្រាប់​ស្ថានីយ៍ទូរទស្សន៍​មួយ​យ៉ាង​ដូច្នេះ​។​
 
​លោក​ថាក់ស៊ីន​ដែល​រដ្ឋាភិបាល​លោក​ត្រូវបាន​បណ្តេញចេញ​ក្នុង​រដ្ឋប្រហារ​ថៃ​កាលពី​ឆ្នាំ ២០០៦ ធ្លាប់​ទិញយក​ក្លិប Manchester City ក្នុង​ឆ្នាំ ២០០៧ ប៉ុន្តែ​លោក​បានសម្រេច​លក់​ឲ្យ​សេដ្ឋី​ប្រេង​សញ្ជាតិ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​លោក Sheikh Mansour វិញ​នៅ​ឆ្នាំ ២០០៨​។​
 
​មុនពេល​ក្លាយជា​ម្ចាស់​ក្លិប​មេឃ​ខៀវ លោក​ថាក់ស៊ីន​ក៏​ធ្លាប់​ព្យាយាម​ទិញ​ក្លិប Fulham និង Liverpool ផងដែរ​។​
 
​បើតាម goal.com លោក​ថាក់ស៊ីន​សង្ឃឹមថា​លោក​នឹង​ទទួលបាន​ជោគជ័យ​ឆាប់ៗ ដើម្បី​ក្លាយជា​ម្ចាស់​ក្លិប​ដែលមាន​កីឡដ្ឋាន​ឈ្មោះ Selhurst Park នេះ​៕
 

Tag:
 បាល់ទាត់​
  ថាក់ស៊ីន ស៊ីណា​វ៉ា​ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com