ជាតិ
លោក នេ​ត សាវឿន​៖ កម្ពុជា​ទប់ស្កាត់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ដោយ​ប្រសិទ្ធភាព ខណៈមាន​ភេរវកម្ម​លើ​សកលលោក​១៩៧៩​លើក​
16, May 2019 , 11:33 am        
រូបភាព
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថ្លែងនៅក្នុងពិធីរម្លឹកខួបលើកទី៧៤ នៃកំណើតនគរបាលជាតិ នៅថ្ងៃទី១៦ ឧសភា ឆ្នាំ២០១៩
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថ្លែងនៅក្នុងពិធីរម្លឹកខួបលើកទី៧៤ នៃកំណើតនគរបាលជាតិ នៅថ្ងៃទី១៦ ឧសភា ឆ្នាំ២០១៩
​ភ្នំពេញ​៖ អគ្គស្នងការ​នគរបាល​ជាតិ ប្រកាស​ពី​ភាពជោគជ័យ​របស់​មន្ត្រី​នគរបាល​ខ្លួន ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​ក្រុម​ឧទ្ទាម ដែលមាន​បំណង​បង្ក​អសន្តិសុខ ហើយ​ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល ខណៈ​ភេរវកម្ម​កើតឡើង​នៅលើ​សកលលោក​ចំនួន​១៩៧៩​លើក​។ ការប្រកាស​របស់​អគ្គ​ស្នងការ​នគរបាលជាតិ​នេះ ធ្វើឡើង​នៅក្នុង​ពិធី​អបអរ​ខួប​លើក​ទី​៧៤ នៃ​កំណើត​នគរបាលជាតិ នៅ​ព្រឹក​ថ្ងៃទី​១៦ ឧសភា​នេះ​។​

 
​លោក នេ​ត សាវឿន បាន​អាន​របាយការណ៍​ដែល​សម្រេចបាន​នៅ​ឆ្នាំ​២០១៨ ដោយ​អះអាងថា ទោះបីជា​ស្ថានភាព​នៅក្នុង​តំបន់ និង​លើ​សកលលោក​ជួបប្រទះ​បញ្ហា​ភាពវឹកវរ​ដោយ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ក្តី ប៉ុន្តែ​កម្ពុជា​នៅតែ​រក្សា​ស្ថិរភាព សន្តិសុខ និង​សណ្ដាប់ធ្នាប់​បានល្អ ដោយ​គ្មាន​បញ្ហា​អ្វី​មក​រំខាន​ឡើយ​។ ក្នុងន័យនេះ​លោក នេ​ត សាវឿន បាន​សង្កត់ធ្ងន់ថា ការរក្សាបាន​នូវ​ស្ថិរភាព​នេះ ដោយសារតែ​មន្ត្រីនគរបាល បាន​បង្ក្រាប​លើ​ចលនា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ទាន់ពេលវេលា ខណៈដែល​ពិភពលោក​ជួបប្រទះ​បញ្ហា​ភេរវកម្ម​១៩៧៩​លើក នៅ​បណ្ដា​ប្រទេស​៥៤ ក្នុង​តំបន់​អាស៊ី អឺរ៉ុប និង​មជ្ឈិមបូព៌ា នៅ​ឆ្នាំ​២០១៨ ដែល​កើនឡើង​៧៣​លើក បើ​ធៀប​នឹង​ឆ្នាំ​២០១៧ កើតឡើង​១៩០៦​លើក​។​
 
​តែ​យ៉ាងណា​អគ្គស្នងការ​នគរបាល​រូបនេះ មិនបាន​បញ្ជាក់ថា ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ដែល​អាជ្ញាធរ​បង្ក្រាបបាន​ទាំងនោះ ជា​អ្នកណា​ឡើយ ក្រៅពី​លោក​បកស្រាយ​ករណីនេះ ភ្ជាប់​នឹង​ករណី​ធ្វើបាតុកម្ម និង​កូដកម្ម​កន្លងមក​។ 
 
​ថ្លែង​ក្នុង​ពិធី​អបអរ​ខួប​លើក​ទី​៧៤ នៃ​កំណើត​នគរបាលជាតិ អគ្គស្នងការ​នគរបាល​ជាតិ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ក្នុងអំឡុងពេល​(​ពិភពលោក​ជួប​បញ្ហា​ភេរវកម្ម​)​ដូចគ្នានេះដែរ កម្ពុជា​បាន​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព នូវ​រាល់​ឧបាយកល​សកម្មភាព​ពួក​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​ប៉ុនប៉ង​ធ្វើ​ប​ដិ​វដ្ដ​ព័ណ៌ ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​។ បើទោះបីជា​សកម្មភាព​មួយចំនួន ក្នុងចំណោម​ហេតុការណ៍​បាតុកម្ម កូដកម្ម​ប្រមាណ​ជាង​១៥០០​លើក​បាន​កើតឡើង ដោយ​មានការ​ញុះញង់​ពី​សំណាក់​ពួក​អមិត្ត​ក្តី ប៉ុន្តែ​ឧបាយកល​ទាំងនេះ ត្រូវបាន​បរាជ័យ តាមរយៈ​ការខិតខំ​ប្រឹងប្រែង​រប​ស់​កងកម្លាំង​នគរបាលជាតិ ក្នុងការ​រៀបចំ​សម្រួល​សណ្ដាប់ធ្នាប់ និង​សហការ​ដោះស្រាយ​ដោយ​សន្តិវិធី​…»​។​
 
​បន្ថែម​ពីនេះ​លោក នេ​ត សាវឿន បាន​អះអាងថា សមត្ថកិច្ច ក៏បាន​ទប់ស្កាត់ និង​បន្សាប​រាល់​មនោគមវិជ្ជា ទាំង​ក្នុង​និង​ក្រៅប្រទេស ដែលមាន​បំណង​ញុះញង់​ឲ្យ​បំបែកបំបាក់​សាមគ្គី​ជាតិ និង​ប្រើប្រាស់​ទឹកដី​កម្ពុជា​ប្រឆាំង​រដ្ឋាភិបាល​ជិតខាង​ផងដែរ​។​
 
​ទាក់ទង​នឹង​ករណី​បង្ក្រាប​ក្រុម​ឧទ្ទាម​នេះ គេ​សង្កេតឃើញថា មាន​អតីតមន្ត្រី និង​ក្រុម​សកម្មជន អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជាង​២០​រូប កំពុង​ជាប់​ការសង្ស័យ ដោយ​ត្រូវបាន​តុលាការ​កោះហៅ​សាកសួរ​ជា​បន្តបន្ទាប់ នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​។​
 
​លោក គឺ ប៊ុណ្ណា​រ៉ា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង បានចេញ​ដីកា​ជា​បន្តបន្ទាប់ កោះហៅ​អតីត​សកម្មជន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​២០​រូប នៅ​ខេត្តបាត់ដំបង ឱ្យចូល​បំភ្លឺ​នៅ​តំណាង​អយ្យការ​ខេត្តបាត់ដំបង នៅ​ខែឧសភា​នេះ ពាក់ព័ន្ធ​នឹង​ករណី​ប្រឆាំង និង​បំពាន​សាលដីកា​តុលាការ​កំពូល ដែល​ចេញ​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​
 
​ដើមចម​នៃ​រឿងរ៉ាវ​នោះ កើតចេញពី​កន្លែង​ហាង​លក់​នំ​បញ្ចុក​របស់​កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊ិ​ត អតីត​ចៅសង្កាត់​អូរ​ចា នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាជ្ញាធរ​សង្ស័យថា ជា​កន្លែង​សម្រាប់​អ្នក​អ្នក​«​ប្រកាស​គាំទ្រ​ចលនា​ឧទ្ទាម ចេញ​ចូ​ល‍​» បរិភោគ និង​អង្គុយ​ពិភាក្សាគ្នា​លើ​គំនិត​អវិជ្ជមាន​ប្រឆាំង​រដ្ឋាភិបាល​។ ក្រោយ​សង្ស័យ​បែបនេះ អាជ្ញាធរខេត្ត​បាត់ដំបង ក៏បាន​ចុះ​បិទ​ហាង​លក់​នំ​បញ្ចុក​មួយ​របស់​កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊ិ​ត តែម្ដង កាលពី​ចុងខែ​មករា ឆ្នាំ​២០១៨​។ ក្រោយពី​អាជ្ញាធរ​ចុះ​បិទ​ហាង​នោះមក មន្ត្រី និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចេញ​-​ចូល​ហាង​នំ​បញ្ចុក​របស់​កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊ិ​ត ស្ថិតនៅក្រោម​ការសង្ស័យ​របស់​តុលាការ ក្នុងការ​អនុវត្ត​នីតិ​វិធី​ផ្លូវច្បាប់​នេះ​។​
 
​ក្រៅពីនេះ ក៏មាន​មន្ត្រី និង​សកម្មជន​អតីត​បក្សប្រឆាំង​ផ្សេងទៀត ដែល​នៅ​ជុំគ្នា​បរិភោគ​នំ​បញ្ចុក ហើយ​មិន​ព្រមទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ កាលពី​ខែកក្កដា ឆ្នាំ​២០១៨​កន្លងមក កំពុងស្ថិត​នៅក្រោម​ការ​តាមដាន និង​សួរចម្លើយ​ពី​សំណាក់​តុលាការ​ផងដែរ​។ ពួកគេ​ទាំងនោះ ស្ថិតនៅក្រោម​ការសង្ស័យ​ធ្វើ​សកម្មភាព​ឧទ្ទាម និង​ប​ដិ​វដ្ដ​ផ្ដួលរំលំ​រដ្ឋាភិបាល​។​
 
​ទាក់ទង​បញ្ហា​នេះ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ប្រចាំ​ខេត្តបាត់ដំបង ដែល​បាន​តាមដាន​បញ្ហា​នេះ យល់ឃើញថា ការកោះហៅ​របស់​តុលាការ​នេះ មិនមែនជា​អនុវត្ត​ច្បាប់ ប៉ុន្តែ​អាចជា​ការគំរាមកំហែង​ការបញ្ចេញ​ទៅវិញ​។ មូលហេតុ​ដែល​លោក យិន ម៉េង​លី លើកឡើង​បែបនេះ ដោយសារ​លោក​បាន​ចូល​ស្ដាប់​ការសាកសួរ​របស់​តុលាការ ហើយ​កត់សម្គាល់​ឃើញថា តុលាការ​បាន​សាកសួរ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ភាគច្រើន​ពាក់ព័ន្ធ​នឹង​សកម្មភាព​មួយចំនួន ទាក់ទង​នឹង​ការលក់​-​ទិញ​នំ​បញ្ចុក  និង​អង្គុយ​ញាំ​នំ​បញ្ចុក​ជួបគ្នា ដែល​ហាក់ដូចជា​គ្មានអ្វី​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​ឡើយ​។​
 
​ចំណែក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​(Human Right Watch) ស្នើ​ឲ្យ​ឈប់​រំលោភបំពាន​លើ​អតីតមន្ត្រី​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ទម្លាក់ចោល​ការចោទប្រកាន់​លើ​ពួកគេ ៕

Tag:
 នេ​ត សាវឿន​
  នគរបាល់​
  បទឧក្រិដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com