កីឡាអន្តរជាតិ
អន្តរជាតិ
វីរបុរស​តោ​ខៀវ Lampard-Terry ត្រូវ​ប្រជែង​គ្នា​នាំ​ក្រុម​ដណ្តើមយក​កៅអី Premier League
16, May 2019 , 9:19 pm        
រូបភាព
​អតីត​មិត្ត​រួម​ក្រុម Chelsea លោក Frank Lampard និង John Terry នឹង​ប្រឈមមុខគ្នា​ក្នុងនាម​ជា​គ្រូបង្វឹក​ក្នុងជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ play-off រវាង Derby County និង Aston Villa ដើម្បី​ដណ្តើម​កៅអី​ទៅកាន់​ក្របខណ្ឌ Premier League រដូវ​កាល​ក្រោយ​។ Lampard ជា​អ្នកចាត់ការ​ក្រុម Derby រីឯ Terry ជា​ជំនួយការ​លោក Dean Smith អ្នកចាត់ការ Aston Villa​។​


 
Lampard អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស វ័យ​៤០​ឆ្នាំ បាន​ជួយ Derby ទម្លាក់ Leeds United ដោយ​លទ្ធផល​ទាំងពីរ​ជើង ៤-៣ ក្នុងការ​ប្រកួត play-off វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​
 
Aston Villa ដែលមាន​គ្រូ​ជំនួយ​លោក Terry វ័យ​៣៨​ឆ្នាំ​ដែលជា​មិត្ត​រួម​ក្រុម​ជាមួយ Lampard  បាន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​តាមរយៈ​ការ​ឈ្នះ West Bromwich Albion ដោយ​បាល់​កាត់សេចក្តី​១១​ម៉ែត្រ បន្ទាប់ពី​បញ្ចប់​ការប្រកួត​ទាំងពីរ​ជើង​ក្នុង​លទ្ធផល ២-២​។ ដូច្នេះ Derby និង Aston Villa ត្រូវ​តទល់​គ្នា​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​២៧ ខែឧសភា នា​កីឡដ្ឋាន Wembley​។​


 
​នេះ​ជាការ​តតាំង​គ្នា​លើកដំបូង​ហើយ​សម្រាប់ Lampard និង Terry ក្នុងនាម​ជា​អ្នកដឹកនាំ​ក្រុម​រដូវ​កាល​នេះ បន្ទាប់ពី​អ្នក​ទាំងពីរ​ជា​សមាជិក​សំខាន់បំផុត​ក្នុង​ការនាំ Chelsea ឈ្នះ​ពាន Champions League ឆ្នាំ ២០១២ និង Premier League ៣​លើក ពោល​នៅ​រដូវ​កាល ២០០៥-០៦, ២០០៦-០៧ និង ២០១០-១១​។​
 
Aston Villa ដែល​ធ្លាប់ជា​ម្ចាស់​ពាន​កំពូល​អឺរ៉ុប​១​លើក​កំពុង​ស្វែងរក​ការវិលត្រឡប់​ទៅកាន់​លី​គ​កំពូល​អង់គ្លេស​វិញ​ក្រោយ​អវត្តមាន​រយៈពេល​៣​ឆ្នាំ​។ ដោយឡែក Derby បាន​អាក់ខាន​បង្ហាញមុខ​នៅ Premier League តាំងពី​ឆ្នាំ ២០០៨ បន្ទាប់ពី​ពួកគេ​ទទួលបាន​លទ្ធផល​អាក្រក់​បំផុត​មិន​ធ្លាប់មាន ដោយ​រកបាន​ត្រឹមតែ​១១​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​មួយ​រដូវ​កាល​។​
 
Norwich City ជើងឯក Championship និង​ក្រុម​លេខ​២ Sheffield United ឡើងទៅ​លី​គ​កំពូល​ដោយ​ស្វ័យប្រវត្តិ ខណៈ Fulham, Cardiff City និង Huddersfield Town ធ្លាក់​ទៅលេង​លី​គ​ទី​២​វិញ​នៅ​រដូវ​កាល​ក្រោយ​៕​


 

Tag:
 បាល់ទាត់​
  Frank Lampard
  John Terry
© រក្សាសិទ្ធិដោយ thmeythmey.com