ជាតិ
បទវិភាគ
កាតព្វកិច្ច​បង់ពន្ធ​៖ ជួយ​រដ្ឋ ទើប​រដ្ឋ​ជួយ​វិញ​!
17, May 2019 , 9:41 am        
រូបភាព
ដោយ៖ លីម តុលា 

​ភ្នំពេញ​៖ ប្រធានបទ​«​កាតព្វកិច្ច​បង់ពន្ធ​»​ត្រូវបាន​ពលរដ្ឋ​ខ្មែរ​មួយចំនួន​បាន​លើក​យកមក​ជជែក​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ អ្នកខ្លះ​លើកឡើងថា រដ្ឋាភិបាល​ក្រ​គ្មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់ធ្វើ​នេះ ធ្វើ​នោះ ឬ​វិនិយោគ​លើ​នេះ ឬ​លើ​នោះ​។ តែ​អ្នក​ខ្លះទៀត​ឆ្លើយតប​វិញ​ថា ឲ្យ​រដ្ឋាភិបាល​មាន​ប្រាក់​មកពីណា បើ​ពលរដ្ឋ​មួយចំនួន​មិន​ចង់​ចូលរួម​អនុវត្ត​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​ផង​នោះ​។ រដ្ឋ​អាច​គ្មាន ឬ​រដ្ឋ​អាច​ខ្វះ​ថវិកា​វិនិយោគ​សម្រាប់​ប្រជាពលរដ្ឋ​របស់ខ្លួន ប្រសិនបើ​ពលរដ្ឋ​មួយចំនួន​ណាមួយ​នោះ​បន្ត​គេច​ចេញពី​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​។ តែ​សំណួរ​មួយទៀត​ក៏​សួ​របក​មកវិញ​ទៀតថា បើ​ពលរដ្ឋ​បង់ពន្ធ​ត្រឹមត្រូវ​ហើយ តើ​ពួកគេ​ពិតជា​ទទួលបាន​ផលប្រយោជន៍​ត្រឡប់​ពីរ​ដ្ឋ​មកវិញ​ដែរឬទេ​?


 
​នេះ គឺជា​សំណួរ​ចម្រូងចម្រាស​ទៅវិញទៅមក​! តែបើ​ផ្អែកលើ​លក្ខណៈ​ទូទៅ ប្រសិនបើ​ពលរដ្ឋ​គ្រប់រូប​បង់ពន្ធ​គ្រប់​ប្រភេទ​ជូន​រដ្ឋ (​មិន​គេចពន្ធ​) ពេលនោះ រដ្ឋ​អាច​នឹងមាន​ថវិកា​ក្នុង​កម្រិត​ណាមួយ​ដើម្បី​យកទៅ​វិនិយោគ ឬ​ពង្រឹងគុណភាព ឬ​យកទៅ​បម្រើ​លើ​សេវាសាធារណៈ​រដ្ឋ ដូចជា​៖ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន ប្រាក់ខែ​រាជការ​។​ល​។ ហើយ​ជា​លទ្ធផល ពលរដ្ឋ​អាចនឹងទទួល​ត្រឡប់មកវិញ​នូវ​សេវាសាធារណៈ​ប្រកបដោយ​គុណភាព ហើយ​ពេលខ្លះ ថែមទាំង​មិន​បង់ក​ម្រៃ​ទៀតផង​។ តែបើ​ពលរដ្ឋ​មួយចំនួន​ណាមួយ​នោះ នៅតែ​បន្ត​រារែក​នឹង​កាតព្វកិច្ច​បង់ពន្ធ តើ​ឲ្យ​រដ្ឋ​បាន​ថវិកា​មកពីណា​? ឥណទាន​ពី​ប្រទេស​ផ្សេង​? សុំ​ជំនួយ​ពី​គេ​? ចម្លើយ គឺថា រដ្ឋ​ពិតជា​អាច​ត្រូវ​ដើរ​តាមផ្លូវ​មួយណា​ដែល​អាច​ដោះ​«​កុន​»​បាន​។ 
 
​ងាក​មក​និយាយ​ពី​ប្រទេស​កម្ពុជា​វិញ​, ក្រោយ​ការដួលរលំ​នៃ​របប​ប៉ុលពត​នៅ​ឆ្នាំ​១៩៧៩ រហូតមកដល់​ទសវត្ស​រ៍​១៩៩០ វប្បធម៌​បង់ពន្ធ​ជូន​រដ្ឋ ត្រូវបាន​គេ​បំភ្លេចចោល​។ ផ្ទុយទៅវិញ ពលរដ្ឋ​ខ្មែរ​ក៏​ធ្លាប់មាន​ទម្លាប់​បង់ពន្ធ​ជូន​អាណាព្យាបាល​បារាំង​ដែរ ក្នុង​ចន្លោះ​ឆ្នាំ​១៨៦៣​ដល់​ឆ្នាំ​១៩៥៣ នៅពេលដែល​កម្ពុជា​ស្ថិតនៅក្រោម​អាណាព្យាបាល​បារាំង​។ តែ​ក្រោយមក កម្ពុជា​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម​ស៊ីវិល​។ ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ ធនធានមនុស្ស​ក្នុង​គ្រប់​វិស័យ​ត្រូវបាន​កំទេចចោល ក្នុងនោះ រួមទាំង​ប្រព័ន្ធ​ពន្ធដារ​ហិរញ្ញវត្ថុ​ផងដែរ​។ 
 
​ជាក់ស្តែង ទើបតែ​ក្រោយ​ពេលដែល​ប្រទេស​កម្ពុជា​បើកចំហរ​សេដ្ឋកិច្ច​ទីផ្សារសេរី​នៅ​ដើមឆ្នាំ​១៩៩០ ជាពិសេស ចាប់តាំងពី​មានការ​បោះឆ្នោតជាតិ​លើក​ទី​១​នៅ​ឆ្នាំ​១៩៩៣​មក​ប៉ុណ្ណោះ ដែល​ប្រព័ន្ធ​ពន្ធដារ​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ត្រូវបាន​កែលម្អ​បន្តិច​ម្តងៗ​រហូតមកដល់​ពេលនេះ​តែម្តង​។ ប្រព័ន្ធ​ពន្ធដារ​ត្រូវបាន​កែលម្អ ដូច្នេះ ប្រតិបត្តិការ​នៃ​ការប្រមូល​ពន្ធ​គ្រប់​ប្រភេទ​ក៏​កាន់តែ​ត្រូវបាន​កែទម្រង់ ហើយ​ប្រាក់ចំណូល​របស់​រដ្ឋ​ពី​ពន្ធ​គ្រប់​ប្រភេទ​ក៏មាន​ការកើនឡើង​ជា​លំដាប់​។ 
 
​ជាក់ស្តែង កាលពី​ឆ្នាំ​២០១៨ កន្លងមក អគ្គនាយក​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​ប្រមូល​ពន្ធដារ​បាន​ចំនួន ៨,៧៩១.៤០ ប៊ី​លាន​រៀល (​ប្រមាណ ២,១៩៧.៨៥ លាន​ដុល្លារ​អាមេរិក​) ដែល​កើនឡើង​ចំន​នួន​១,០៣៦.៥៩ ប៊ី​លាន​រៀល (​ប្រមាណ ២៥៩,១៥ លាន​ដុល្លារ​) ស្មើនឹង ១៣,៣៧​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៧​។ ទាក់ទង​នឹង​ពន្ធគយ​វិញ រាជរដ្ឋាភិបាល​ធ្លាប់បាន​រាយការណ៍​ថា ប្រមូលបាន​ប្រមាណ​ជា ២ ៥០០​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៨​កន្លងមក​។ កាលពី​ឆ្នាំ​២០១៨​កន្លងមក​ដូចគ្នា រដ្ឋាភិបាល​បានអនុម័ត​ចំណាយ​ថវិកា​ជាតិប្រមាណ​ជា​៦០០០​លាន​ដុល្លារ​។ ថវិកា​ដែល​នៅ​ខ្វះខាត​សម្រាប់​ការចំណាយ​ក្នុង​ថវិកាជាតិ ត្រូវបាន​រដ្ឋាភិបាល​ខ្ចី​ពី​បរទេស​។ 
 
​ពន្ធ​ទាំងពីរ​ប្រភេទ​ខាងលើនេះ គឺ​បានមកពី​ការចូលរួមចំណែក​បង់​របស់​ប្រជាពលរដ្ឋ ដែលជា​អ្នកប្រើប្រាស់ ទោះ​ក្នុង​ទម្រង់​បង់ពន្ធ​ផ្ទាល់ ឬ​បង់ពន្ធ​ដោយ​ប្រយោល​ក្តី​។ ថវិកា​ចំណូល​ពន្ធដារ និង​ពន្ធគយ​ពិតជា​មានការ​កើនឡើង​ជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ក្រោយពី​មានការ​តាំងចិត្ត​កែទម្រង់​ស៊ីជម្រៅ​ដែល​ប្រកាស​ដោយ​រដ្ឋាភិបាល​អាណ​ត្តិ​ទី​៦​កន្លងមកនេះ​។​
 
​ប្រាក់ចំណូល​ពី​ពន្ធដារ និង​ពន្ធគយ​បាន​កើនឡើង​មែន​។ ប៉ុន្តែ អ្នកវិភាគ​សង្គម​-​សេដ្ឋកិច្ច​ឯករាជ្យ​មួយចំនួន​នៅតែ​សង្កេតឃើញថា កិច្ចការ​ប្រមូល​ពន្ធរ​បស់​ក្រសួង​ពាក់ព័ន្ធ​នៅ​ធ្វើឡើង​មិនបាន​គ្រប់​ច្រកល្ហក​នៅឡើយ​ទេ​។ មានន័យថា ការប្រមូល​ពន្ធ​នៅមាន​ចន្លោះប្រហោង​។ «​អ្នក​បង់​នៅតែ​បង់ អ្នក​មិន​បង់ នៅតែ​មិន​បង់​»​។ «​អ្នក​ចុះបញ្ជី​ពាណិជ្ជកម្ម​ត្រឹមត្រូវ នៅតែ​ចុះ អ្នក​មិន​ចុះ នៅតែ​មិន​ចុះ​»​។ 
 
​ត្រង់ចំណុច​នេះ ក្រុមហ៊ុន​ដែល​រកស៊ី​ត្រឹមត្រូវ យុត្តិធម៌ បង់ពន្ធ​ជូន​រដ្ឋ តែងតែ​ត្អូញត្អែរថា ការធ្វើ​ជំនួញ​នៅ​កម្ពុជា «​មិន​ស្មើភាព​» ព្រោះ​មាន​អ្នក​បង់ពន្ធ​ទាំងអស់ មាន​អ្នក​មិន​បង់ពន្ធ និង​មាន​អ្នក​បង់​ផ្នែក​ណាខ្លះ​។ នៅក្នុង​ប្រទេស​អភិវឌ្ឍ​ជឿនលឿន សូម្បីតែ​កូន​ជំនួញ​តូច​មួយ ដូចជា តូប​លក់​បារី ឬ​កូន​ហាង​កាហ្វេ​តូច​មួយ ក៏​ត្រូវតែ​ចុះបញ្ជី និង​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​ដែរ​។

ដោយសារតែ​ប្រព័ន្ធ​ពន្ធដារ​ច្បាស់លាស់​នេះហើយ ទើប​រដ្ឋ​នៃ​ប្រទេស​ទាំងនោះ មាន​ប្រាក់ចំណូល​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​របស់គេ​វិញ​។ ស្ថិតនៅក្នុង​បរិបទ​នៃ​ប្រទេស​កម្ពុជា​វិញ អ្នកប្រើប្រាស់ ឬ​អ្នកជំនួញ​ខ្លះ​នៅ​បង្ហាញ​អារម្មណ៍​បដិសេធ​កាតព្វកិច្ច​បង់ពន្ធ ប៉ុន្តែ​ពួកគេ​ចង់​ឲ្យ​រដ្ឋ​ជួយ​ពួកគេ​។ តើ​ឲ្យ​រដ្ឋ​ជួយ​ប្រជាពលរដ្ឋ​ដូចម្តេច​នឹង​កើត បើ​ប្រជាពលរដ្ឋ​មួយចំនួន​ទាំងនោះ​ព្រងើយ​ក​ន្ថើ​យ​នឹង​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​នោះ​? 
 
​ពលរដ្ឋ ឬ​អ្នកជំនួញ​ដែល​នៅ​ស្ទាក់ស្ទើរ​មិន​ចង់​បង់ពន្ធ ព្រោះ​ពួកគេ​មិនទាន់​ជឿជាក់​ទាំងស្រុង​លើ​និតិ​វិធី​នៃ​ការប្រមូល​ពន្ធ​។ ពួកគេ​តែងតែ​លើក​ជា​សំណួរ​ថា តើ​មន្ត្រី​រដ្ឋ​មួយចំនួន​អាច​«​ពុករលួយ​» ហើយ​គិតតែ​ពី​ប្រមូល​ពន្ធ​យកទៅដាក់​ក្នុង​ហោប៉ៅ​ឬទេ​? តើ​រដ្ឋ​អាចជួយ​អ្វីខ្លះ​ត្រឡប់មក​ឲ្យ​ពលរដ្ឋ​អ្នក​បង់ពន្ធ​វិញ​? នេះ គឺជា​សំណួរ ហើយក៏​ជាការ​ទាមទារ​មួយ​ដ៏​ត្រឹមត្រូវ​ដែរ ព្រោះ ពលរដ្ឋ​បង់ពន្ធ​ជូន​រដ្ឋ ដូច្នេះ រដ្ឋ​ត្រូវតែ​ជួយ​ពលរដ្ឋ​វិញ​។ 
 
​វា​ជាការ​ត្រឹមត្រូវ​បំផុត​ដែល​ពលរដ្ឋ​ជាទូទៅ ឬ​អ្នកជំនួញ អាចដាក់​សម្ពោធ​លើ​រដ្ឋាភិបាល ឬ​លើ​រដ្ឋ​បាន ប្រសិនបើ​ពួកគេ​ស្មោះត្រង់​ក្នុង​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​ដោយ​មិនចាំបាច់​មានការ​បង្ខិតបង្ខំ​ពីរ​ដ្ឋ​។ ប៉ុន្តែ អ្វីៗ​វា​មិនអាច​ប្រព្រឹត្តិទៅបាន​រលូន​ឡើយ ប្រសិនបើ​ពលរដ្ឋ​ខ្លួនឯងបាន​ត្រឹមតែ​ចង់​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ តែ​ពួកគេ​គេច​ចេញពី​កាតព្វកិច្ច​របស់ខ្លួន​នោះ​។ ពលរដ្ឋ ឬ​អ្នកជំនួញ​ត្រូវតែ​បង់ពន្ធ​ឲ្យ​គ្រប់​ចំនួន​សិន មុននឹង​តវ៉ា​ប្រឆាំងនឹង​ភាពកំសោយ​របស់​រដ្ឋាភិបាល​។ 
 
​សរុបសេចក្តី​មកវិញ​, ដំបូង​បំផុត​, ពលរដ្ឋ​ត្រូវតែ​មានគំនិត​ថា ការបង់ពន្ធ​ជូន​រដ្ឋ គឺជា​កាតព្វកិច្ច​របស់​ពួកគេ​។ ហើយ​មានតែ​ថវិកា​ពី​ពន្ធ​ទេ​ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​អាច​«​ចិញ្ចឹម​»​កូនចៅ​ខ្លួនឯង​ឲ្យ​បាន​ប្រសើរ តាមរយៈ​ការពង្រឹង​សេវាសាធារណៈ ដូចជា វិស័យ​សុខាភិបាល អប់រំ កសិកម្ម​។​ល​។​
 
​ស្របពេល​ជាមួយគ្នា សមត្ថកិច្ច​ប្រមូល​ពន្ធ​ដែល​ពាក់ព័ន្ធ ត្រូវតែ​ធ្វើការ​ងា​របស់ខ្លួន​ដោយ​«​ឈរ​»​នៅលើ​គោល​ការ​តម្លាភាព យុត្តិធម៌ គ្មាន​អំពើ​«​ពុករលួយ​» និង​ត្រូវ​ចាប់បង្ខំ​ឲ្យ​អ្នក​មិន​បង់ពន្ធ បង់ពន្ធ​ឲ្យ​ស្មើភាព​គ្នា​នៅ​ចំពោះមុខ​ច្បាប់​។ ប្រសិនបើ​ពលរដ្ឋ និង​មន្ត្រី​ព្រមព្រៀងគ្នា​បំពេញ​កាតព្វកិច្ច​រៀងៗ​ខ្លួន​, ធ្វើដំណើរ​លើផ្លូវ​តែមួយ​, ក្នុងទិសដៅ​ស្របគ្នា ជាមួយនឹង​បេស​សកម្ម​រួមគ្នា ពេលនោះ សេដ្ឋកិច្ចកម្ពុជា​នឹង​កាន់តែ​ប្រសើរ ប្រាក់ចំណូល​ជាតិ​កាន់តែ​កើន​។​
 
​ជា​លទ្ធផល មន្ត្រីរាជការ​នឹង​ទទួលបាន​ប្រាក់ខែ​កើនឡើង​ជាង​មុន ហើយ​ពលរដ្ឋ​ទូទៅ​នឹង​ទទួលបាន​សេវាសាធារណៈ​ប្រសើរឡើង ទាំង​គុណភាព និង​បរិមាណ​។ ជួយ​រដ្ឋ​សិន ទើប​រដ្ឋ​អាចជួយ​វិញ​បាន​។ បើ​មិន​បង់ពន្ធ​ជូន​រដ្ឋ​ផង តើ​ឲ្យ​រដ្ឋ​បាន​ថវិកា​មកពីណា​ដើម្បី​ជួយ​ពលរដ្ឋ​វិញ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com