កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ក្លិប Crystal Palace បដិសេធចរចាលក់ក្លិបឲ្យលោក ថាក់ស៊ីន
× យោងតាមកាសែត Evening Standard ក្លិប Crystal Palace មិនទាន់បានពិភាក្សាអ្វីមួយជាមួយអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រ ជុំវិញការចរចាទិញយកក្លិបក្នុងក្របខណ្ឌ Premier League នេះនៅឡើយទេ។ ទោះជាយ៉ាងណាលោក Steve Parish ម្ចាស់ និងប្រធានក្លិបរហស្សនាមឥន្ទ្រីនៅតែបើកទ្វារសម្រាប់ការវិនិយោគពីខាងក្រៅ។
ប្រធានក្លិប Crystal Palace បានចេញមកបញ្ជាក់នៅថ្ងៃទី១៥ ខែឧសភាថា ខ្លួនមិនធ្លាប់មានការចរចាជាមួយអតីតម្ចាស់ក្លិប Manchester City ក្នុងតម្លៃ ១៥០ លានផោន (១៩៥លានដុល្លារអាមេរិក) ដូចការចុះផ្សាយកន្លងមកឡើយ។
កាលពីថ្ងៃទី១៣ ខែឧសភា goal.com បានផ្សាយថា លោក Miti Tiyapairat ដែលជាមនុស្សជំនិត និងជួសមុខឲ្យលោក ថាក់ស៊ីន បានប្រាប់បណ្តាញសារព័ត៌មានថៃ ONE 31 ថាលោកកំពុងចរចាពីតម្លៃ រួមជាមួយពត៌មានលំអិតមួយចំនួនដើម្បីទិញយកក្លិបក្នុងលីគកំពូលអង់គ្លេសនេះមកកាន់កាប់។ លោក Tiyapairat ដែលជាអតីតប្រធានក្លិប Chiangrai United ដែរនោះថែមទាំងអះអាងថាប្រសិនកិច្ចព្រមប្រៀងរវាងភាគីទាំងពីរទទួលជោគជ័យ លោកនឹងក្លាយជានាយកប្រតិបត្តិក្លិបដែលមានមូលដ្ឋានក្នុងក្រុងឡុងដ៍នេះ។
កាសែត Financial Times និង Bloomberg បានរាយការណ៍ថាលោក Josh Harris និង David Blitzer ដែលមានភាគហ៊ុន១៨ភាគរយនៅ Crystal Palace កំពុងពិចារណាលក់ភាគហ៊ុនរបស់ខ្លួន។
លោកថាក់ស៊ីនដែលរដ្ឋាភិបាលលោកត្រូវបានបណ្តេញចេញក្នុងរដ្ឋប្រហារថៃកាលពីឆ្នាំ ២០០៦ ធ្លាប់ទិញយកក្លិប Manchester City ក្នុងឆ្នាំ ២០០៧ បានបង្ហាញការចង់ត្រឡប់ទៅវិនិយោគក្នុងវិស័យបាល់ទាត់ជាមួយក្លិបនៅ Premier League វិញ ចាប់តាំងពីលោកលក់ក្លិបមេឃខៀវឲ្យសេដ្ឋីប្រេងសញ្ជាតិអេមីរ៉ាតអារ៉ាប់រួមលោក Sheikh Mansour កាលពី១១ឆ្នាំមុន។៕
Tag:
បាល់ទាត់
Crystal Palace
ថាក់ស៊ីន ស៊ីណាវ៉ាត្រ
© រក្សាសិទ្ធិដោយ thmeythmey.com