ជាតិ
«​កា​ផា​» ឧបករណ៍​ប្រពៃណី​ជនជាតិដើម ប្រឈម​នឹង​បាត់បង់ ខណៈ​យុវជន​លែង​ចង់​ត្បាញ​
17, May 2019 , 2:13 pm        
រូបភាព
​មណ្ឌលគិរី​៖ លោក ជុច ជែល ជា​ជនជាតិដើម​ភាគតិច​ព្នង​ម្នាក់ ដែល​ចេះ​ត្បាញ​«​កា​ផា​» នៅក្នុង​សហគមន៍​ភូមិ​ពូ​តាំង សង្កាត់​រម្យ​នា ក្រុង​សែន​មនោ​រម្យ​។ ក្រៅពី «​កា​ផា​» បុរស​វ័យ​៥៤​ឆ្នាំ ជុច ដែល ចេះ​ត្បាញ​ចង្អេរ និង​អង្រុត​ជាដើម ដែល​ជំនាញ​ត្បាញ​ទាំងនេះ មានតែ​ចាស់ៗ​ប៉ុណ្ណោះ ចេះ​ត្បាញ​។ លោក ដែល កំពុង​បារម្ភ​ពី​អនាគត «​កា​ផា​» ដែល​ជនជាតិ​ព្នង​ហៅថា «​សាស់​» នោះ ជា​ឧបករណ៍​ប្រពៃណី​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ របស់​ជនជាតិដើម​ភាគតិច ដែល​ប្រឈម​នឹង​បាត់បង់ ដោយ​យុវជន​ជនជាតិដើម​ភាគតិច​ជំនាន់​ក្រោយ​មិន​ចាប់អារម្មណ៍​នឹង​តម្បាញ​នេះ​។​

 
«​ធ្វើកាផា​, ចង្អេរ​, អង្រុត និង​ត្បាល់បុក​អីហ្នឹង អត់​ចាប់អារម្មណ៍​ធ្វើ​ទេ​ក្មេងៗ​ឥឡូវ​»​។ នេះ​ជាស​ម្តី​របស់ ជនជាតិដើម​ភាគតិច​ព្នង ជុច ជែល ដែល​បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​។ បុរស​វ័យ​៥៤​ឆ្នាំ ជុច ដែល ពន្យល់​ពី​មូល​ហេតុដែល​យុវជន​ជនជាតិដើម ជំនាន់​ក្រោយ​មិនមាន​ការចាប់អារម្មណ៍​នឹង​តម្បាញ​នេះ​ថា ដោយសារ​យុវជន​ភាគច្រើន ចេញទៅ​រកស៊ី​ខាងក្រៅ​, ស៊ីឈ្នួល​ធ្វើ​ចម្ការ និង​ខ្លះទៀត រវល់​រៀនសូត្រ​។ ម្យ៉ាងទៀត មកពី​មិនមាន​សហគមន៍​ចុះ​បង្រៀន និង​មិនមាន​អ្នកចេះ​ត្បាញ «​កា​ផា​» ច្រើន​ដូច​កាលពីមុន​នោះឡើយ​។​
 
​សូម​អញ្ជើញ​ទស្សនា​វិ​ដេ​អូ​ខាងក្រោម​នេះ ដូចតទៅ​៖ 

 
 
​លោក ជុច ជែ​ល ដែលមាន​សមាជិកគ្រួសា​រ​៤​នាក់ រស់នៅ​សហគមន៍​ភូមិ​ពូ​តាំង សង្កាត់​រម្យ​នា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី នេះ បញ្ជាក់ថា ប្រសិនបើ មាន​អ្នក​ឧបត្ថម្ភ​ថវិកា​សម្រាប់​បង្រៀន​ពី​របៀប​ធ្វើកា​ផា​នេះ ដល់​យុវជន​ជំនាន់​ក្រោយ លោក​នឹង​ចំណាយពេល​ប្រៀន ដើម្បី​អភិរក្ស​ឧបករណ៍​ប្រពៃណី​ជនជាតិដើម​ភាគតិច​មួយ​នេះ ឲ្យ​បាន​ឋិតថេរ​៕

Tag:
 ជនជាតិភាគតិច​ព្នង​
  កា​ផា​
  ត្បាញ
© រក្សាសិទ្ធិដោយ thmeythmey.com