ជាតិ
បទវិភាគ
២៥ខេត្ត/រាជធានី
ថ្លៃឈ្នួល​ទីតាំង​ជំនួញ​គ្មាន​«​គតិយុត្តិ​»​ពិតប្រាកដ គឺជា​កត្តា​មួយ​រុញ​ឲ្យ​ជំនួញ​ក្ស័យធន​!​
24, Jun 2020 , 11:26 am        
រូបភាព
​ភ្នំពេញ​៖ ការធ្វើ​ជំនួញ គឺជា​សុបិន​របស់​បុគ្គល​ស្ទើរ​គ្រប់រូប​។ អ្នកខ្លះ បង្កើត​ជំនួញ​រួចហើយ​ទទួលបាន​ជោគជ័យ​។ តែ​អ្នក​ខ្លះទៀត បង្កើត​រួចហើយ ក៏​ដួល​បះជើង​ទៅវិញ​។ តើ​មាន​ហេតុផល​អ្វីខ្លះ​នៅ​ពីក្រោយ​ភាពជោគជ័យ ឬ​បរាជ័យ​នោះ​?



​ករណី​នៅក្នុង​ប្រទេស​កម្ពុជា គេ​សង្កេតឃើញ​ជំនួញ​មួយចំនួនធំ​បើកទ្វារ​បាន​មួយរយៈ​ហើយ ក៏​បិទទ្វារ​ទៅវិញ​។ «​បើក​បិទ បើក​បិទ​»​។ អ្នកបើក ចេះតែ​បើក រីឯ អ្នក​បិទ ក៏​ចេះតែ​បិទ​ជា​បន្តបន្ទាប់​។ 
 
​ដោយ​មិន​និយាយ​ពី​កត្តា​ដែល​នាំ​ឲ្យ​ជោគជ័យ​, មាន​ហេតុផល​ជាច្រើន​នៅ​ពីក្រោយ​ភាពបរាជ័យ​ក្នុង​ជំនួញ​។ ជាក់ស្តែង តួលេខ​ខ្លះ​, ជា​លក្ខណៈ​សកលលោក​, បង្ហាញថា​, ក្រោយ​ការបើក​ធ្វើ​អាជីវកម្ម​, ជំនួញ​តែ​១០%​ប៉ុណ្ណោះ​ដែល​ទទួល​ភាពជោគជ័យ រីឯ ៩០%​ផ្សេងទៀត ប្រឈម​នឹង​ការបរាជ័យ​។ 
 
​ការបរាជ័យ​អាច​បណ្តាលមកពី​ចំណុច​ផ្សេងៗ​ជាច្រើន ដូចជា កង្វះខាត​ដើមទុន​, ខ្វះ​ទិន្នន័យទីផ្សារ​, ជម្លោះ​ក្នុងចំណោម​ភាគហ៊ុន​និក​, ចំណុច​ខ្វះខាត​ក្នុងការ​គ្រប់គ្រង​, ខ្វះ​ធនធានមនុស្ស​បម្រើការ​, ការប្រកួតប្រជែង​ស្រួចស្រាលខ្លាំងពេក​, ទីតាំង ឬ​ពេលវេលា​មិន​សមស្រប​សម្រាប់​ជំនួញ​មួយចំនួន​។​ល​។ នេះ គឺជា​អ្វីដែល​កើត​ឡើងជា​លក្ខណៈ​សកល និង​ទូទៅ​។ 
 
​ប៉ុន្តែ ករណី​នៅក្នុង​ប្រទេស​កម្ពុជា ចំណុច​មួយ​ដែល​គេ​មើលរំលង ហើយ​វា​ជំរុញ​ឲ្យ​ជំនួញ​មួយចំនួន​ដួល​បះជើង​ដែរនោះ គឺ​និតិ​វិធី​នៃ​ការជួល​ទីតាំង​ធ្វើ​ជំនួញ​។ 
 
​នៅក្នុង​ប្រទេស​កម្ពុជា ការជួល​ទីតាំង​មិនទាន់មាន​គោលការណ៍​ត្រឹមត្រូវ​ដែល​ចង​ដោយ​ច្បាប់​រឹងមាំ​ឡើយ ពោល គឺ​ភាគច្រើន ការជួល​ទីតាំង​ធ្វើឡើង​រវាង​ម្ចាស់​ទីតាំង និង​អ្នកជំនួញ (​អ្នក​ជួល​) តែប៉ុណ្ណោះ​។ កិច្ចសន្យា​ធ្វើឡើង​ស្របទៅតាម​ការព្រមព្រៀង​រវាង​បុគ្គល​ទាំងពីរ​ខាងលើ​។ ប្រសិនបើ​ការព្រមព្រៀង (​កិច្ចសន្យា​) ធ្វើឡើង​ល្អ សមរម្យ ទាំង​រយៈពេល ទាំង​តម្លៃ បញ្ហា​មិន​ងាយ​នឹង​កើតឡើង​ឡើយ​ចំពោះ​អាជីវកម្ម​។ ប៉ុន្តែ បើ​កិច្ចសន្យា​នោះ​ធ្វើឡើង​ក្នុង​រយៈពេល​ខ្លី តម្លៃ​ជួល​ថ្លៃ ហើយ​ម្ចាស់​ទីតាំង​អាច​ដំឡើងថ្លៃ​បាន​ស្រេច​តែ​នឹង​ចិត្ត​នោះ ពេលនោះ អាជីវកម្ម​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​។ ករណីនេះ កើតឡើង​ច្រើនណាស់​នៅ​កម្ពុជា ហើយ​វា​ជាហេតុ​ផល​មួយ​ក្នុងចំណោម​ហេតុផល​ដ៏ទៃទៀត​ដែល​ជំរុញ​ឲ្យ​អាជីវកម្ម​មួយចំនួន​បរាជ័យ​។ 
 
​ម្ចាស់​ទីតាំង​ខ្លះ គ្រាន់តែ​ឃើញ​អ្នកជំនួញ​រកបាន​ចំណូល​កើនឡើង​បន្តិច ពួកគេ​ចាប់ផ្តើម​ចង់​ដំឡើងថ្លៃ​ស្រេច​តែ​នឹង​ចិត្ត​ភ្លាម​។ បើ​មិន​ឲ្យ​ដំឡើង ពួកគេ​ចង់​ដកយក​ទីតាំង​មកវិញ​ភ្លាម​។

អាជីវកម្ម​មួយចំនួន​ស្ថិតនៅក្នុង​គំនាប​របស់​ម្ចាស់​ទីតាំង​។ ម្ចាស់​ទីតាំង​ខ្លះ ដកយក​ទីតាំង​ពី​អ្នក​ជួល​មកវិញ រួចហើយ​បើក​អាជីវកម្ម​ដូច​ម្ចាស់​មុន​ដែរ​។ ម្ចាស់​ទីតាំង​មួយចំនួន​នៅ​កម្ពុជា​មិន​ចង់​ធ្វើ​កិច្ចសន្យា​រយៈពេល​វែង​ទេ ពួកគេ​ចង់​ធ្វើ​តែ​កិច្ចសន្យា​រយៈពេល​ខ្លី​។ ហេតុផល គឺ​ងាយស្រួល​ក្នុងការ​ដំឡើងថ្លៃ ឬ​ដក​ទីតាំង​យកមក​វិញ​។ 
 
​រីឯ​នៅក្នុង​ប្រទេស​អឺរ៉ុប​មួយចំនួន​វិញ ការជួល​ទីតាំង​ធ្វើ​ជំនួញ​ស្ថិតនៅក្រោម​ច្បាប់ ឬ​កិច្ចសន្យា​ពាណិជ្ជកម្ម​ដ៏​តឹង​រ៉ឺ​ង​មួយ​ដែល​ការពារ​ទាំង​អ្នក​ជួល និង​ម្ចាស់​ទីតាំង​។ ករណី​នៅក្នុង​ប្រទេស​បារាំង ការជួល​ទីតាំង​ជំនួញ​ត្រូវបាន​គេ​កំណត់​រយៈពេល​៩​ឆ្នាំ ហើយ​ក្នុង​រយៈពេល​៣​ឆ្នាំ​ម្តង ម្ចាស់​ទីតាំង​មាន​សិទ្ធិ​ដំឡើងថ្លៃ​ឈ្នួល​ដោយ​ផ្អែកលើ​សកម្មភាព​សេដ្ឋកិច្ច​ទូទៅ ល្អ​ឬ​មិនល្អ​។ ពេលខ្លះ ក្នុង​តំបន់​ខ្លះ ថ្លៃឈ្នួល​មិនអាច​ដំឡើង​បានឡើយ ព្រោះ សកម្មភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​នោះ​មិនល្អ​។ មិនមែន​ម្ចាស់​ទីតាំង​ជា​អ្នក​ដំឡើងថ្លៃ​ស្រេច​តែ​នឹង​ចិត្ត​នោះទេ​។ អ្នកវាយតម្លៃ​ដំឡើងថ្លៃ​ឈ្នួល ឬ​មិន​ដំឡើង គឺ​វិទ្យាស្ថាន​ស្ថិតិ និង​សេដ្ឋកិច្ច​បារាំង​។ បើ​អាច​ដំឡើងថ្លៃ គឺ​ដំឡើង​បានតែ​១០%​ប៉ុណ្ណោះ​ដោយ​ស្របទៅតាម​ស្ថានភាព​សេដ្ឋកិច្ច ហើយ​ការ​ដំ​ឡើ​ថ្លៃ​នេះ ធ្វើឡើង​ក្នុង​រយៈពេល​៣​ឆ្នាំ​ម្តង​។ 
 
​ត្រឡប់មក​និយាយ​ពី​ប្រទេស​កម្ពុជា​វិញ តើ​គេ​គួរ​មាន​«​គតិយុត្តិ​»​ចេញ​ដោយ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ផ្លូវការ​ដើម្បី​ការពារ​ទាំង​អ្នក​ជួល និង​ម្ចាស់​ទីតាំង​ឬទេ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ជំនួញ​រីកចម្រើន​ទៅមុខ​ក្នុងន័យ​លើកតម្កើង​សេដ្ឋកិច្ចជាតិ​ទាំងមូល​? 

Tag:
 ​សេដ្ឋកិច្ច​
  ទស្សនៈ
© រក្សាសិទ្ធិដោយ thmeythmey.com