កីឡាអន្តរជាតិ
អន្តរជាតិ
Man City រិះគន់ប្រធានស៊ើបអង្កេត UEFA ដែលចង់ពិន័យខ្លួនមិនឲ្យលេង UCL
× ក្លិបបាល់ទាត់ Manchester City បង្ហាញជំហរខកចិត្តជុំវិញការស៊ើបអង្កេតហិរញ្ញវត្ថុពីសំណាក់គណៈកម្មការស៊ើបអង្កេតហិរញ្ញវត្ថុឯករាជ្យ (CFCB IC) ដែលដឹកនាំដោយលោក Yves Leterme ប៉ុន្តែពួកគេមិនភ្ញាក់ផ្អើលនឹងដំណើរការនេះឡើយ។ ក្លិបរហស្សនាមមេឃខៀវ ត្រូវចោទពីការបំពានច្បាប់កំណត់ហិរញ្ញវត្ថុលើការចំណាយ Financial Fair Play (FFP) ចាប់តាំងពី UEFA បញ្ជាឲ្យស៊ើបកាលពីខែមីនាមក។
អតីតនាយករដ្ឋមន្ត្រីប៊ែលហ្ស៊ិកលោក Yves Leterme ដែលបច្ចុប្បន្នជាប្រធានក្រុមស៊ើបអង្កេតនៃគណៈកម្មការគ្រប់គ្រងហិរញ្ញវត្ថុឯករាជ្យរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ជាអ្នកពិនិត្យ និងសម្រេចចិត្តចុងក្រោយថាតើត្រូវដាក់ទណ្ឌកម្មលើក្រុម Man City ឬក៏អត់។
បច្ចុប្បន្នសំណុំរឿងនេះក៏ដល់ដំណាក់កាលចុងក្រោយហើយ ស្របពេលក្រុមស៊ើបអង្កេត CFCB IC ចង់ឲ្យមានការដាក់ពិន័យ Man City ដោយមិនឲ្យម្ចាស់ជើងឯក Premier League នេះចូលរួមលេងក្នុងក្របខណ្ឌ Champions League មួយរដូវកាល។
អំឡុងការសម្រេចចិត្តនេះ ភាគី Man City បានដាក់ការទុកចិត្តទាំងស្រុងទៅលើលទ្ធផលវិជ្ជមាននៅពេលសំណុំរឿងនេះត្រូវយកទៅពិចារណាដោយស្ថាប័នតុលាការឯករាជ្យ។
ប៉ុន្តែយ៉ាងណាក័ដោយ តាមរយៈការផ្សាយលើវេបសាយផ្លូវការ ក្លិបមានមូលដ្ឋានក្នុងក្រុង Manchester បានសម្តែងការខកចិត្តយ៉ាងខ្លាំង ដ្បិត ICFCB IC ដែលមានលោក Leterme ជាប្រធានមិនអើពើនឹងភស្តុតាងដែលក្លិបបញ្ជូនទៅកាន់អង្គជំនុំជម្រះនោះទេ។
ក្លិបរហស្សនាមមេឃខៀវ ថែមទាំងនិយាយបែបរិះគន់ដោយសំដៅទៅលោក Leterme ថា៖ «ការសម្រេចចិត្តនេះមានកំហុសឆ្គង ការបកស្រាយមិនត្រឹមត្រូវ និងការយល់ច្រឡំជាច្រើនដែលបង្ហាញពីកង្វះនីតិវិធីត្រឹមត្រូវហើយបញ្ហានៅតែមិនអាចដោះស្រាយបាន»៕
Tag:
បាល់ទាត់
UEFA
Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com