Manchester United ជាក្លិបបាល់ទាត់មានម៉ាកយីហោ (Brand) ថ្លៃជាងគេលំដាប់ទីពីរ ខណៈ Real Madrid ឈរលំដាប់ថ្នាក់ទី១ក្នុងចំណោមក្លិបថ្លៃជាងគេទាំង១០លើលោក។
យោងតាមរបាយការណ៍របស់ Brand Finance ក្លិបយក្សអេស្ប៉ាញដែលមានរហស្សនាមស្តេចសបច្ចុប្បន្នមានតម្លៃម៉ាកយីហោ ១,៤៤ ពាន់លានផោន (១,៨៨ពាន់លានដុល្លារអាមេរិក) ដែលកើន ២៦,៩ភាគរយគិតចាប់ពីឆ្នាំ ២០១៨។ ការកើនឡើងតម្លៃដ៏សន្ធឹកនេះ ដ្បិតពួកគេបានគ្រងជើងឯកពាន Champions League ដល់ទៅ៣រដូវកាលជាប់គ្នា។
ត្រឹមរយៈពេល ១២ ខែចុងក្រោយដូចគ្នា ក្រុមបិសាចក្រហមបានធ្លាក់ថ្ងៃចំនួន ៥,៨ភាគរយ ពោលគឺនៅសល់ត្រឹមតម្លៃ ១,២៩ ពាន់លានផោន (១,៦៥ពាន់លានដុល្លារ)។ ការធ្លាក់តម្លៃនេះស្របពេលដែល Man Utd ធ្លាក់ទម្រង់លេងដ៏គួរឲ្យភ្ញាក់ផ្អើលចាប់តាំងពីការចាកចេញរបស់លោក Sir Alex Ferguson។
ដោយឡែក FC Barcelona បើទោះពួកគេជាក្រុមដែលបង្ហាញភាពលេចធ្លោក្តីប៉ុន្តែស្ថិតនៅលេខរៀងទី៣ប៉ុណ្ណោះ ដោយមានតម្លៃ ១,២២ ពាន់លានផោន (១,៥៦ពាន់លានដុល្លារ) ដោយកើន ១១,៨ភាគរយ។ Bayern Munich នៅលេខរៀងទី៤ តម្លៃ ១,១៥ពាន់លានផោន (១,៤៧ពាន់លានដុល្លារ) ហើយ Manchester City ស្ថិតក្នុងចំណោម Top5 ដែលមានតម្លៃ ១,១០ ពាន់លានផោន (១,៤១ពាន់លានដុល្លារ)។ Paris Saint-Germain ឈរចំណាត់ថ្នាក់ទី៨ មានតម្លៃ (១,០២១ពាន់លានដុល្លារ)។
ក្នុងចំណោមក្លិបទាំង១០ដែលមានម៉ាកយីហោថ្លៃ មាន៦ក្លិបឯណោះដែលស្ថិតក្នុងលីគកំពូលអង់គ្លេស Premier League ក្នុងនោះរួមមាន Manchester City, Liverpool, Cheslsea, Arsenal, Tottenham Hotspur និង Man Utd។
Liverpool នៅចំណាត់ថ្នាក់ទី៦ (១,៣៣ពាន់លានដុល្លារ) តាមពីក្រោយដោយ Cheslsea (១,០៨១ ពាន់លានដុល្លារ) Arsenal (៩៨៧លានដុល្លារ) និង Spurs (៨៤៦លានដុល្លារ)។
Brand Finance ជាក្រុមហ៊ុនប្រឹក្សាវាយតម្លៃម៉ាកយីហោឯករាជ្យឈានមុខគេលើលោកដែលមានមូលដ្ឋានក្នុងប្រទេសអង់គ្លេស៕