ជាតិ
ក្រសួងការងារ ជំរុញឲ្យអ្នកពាក់ព័ន្ធពង្រឹងការបណ្ដុះបណ្ដាលវិស័យ TVET
× សៀមរាប៖ កំណើនឧស្សាហកម្មនៅលើសាកលលោក បានជំរុញឱ្យមានការប្រកួតប្រជែងការងារកាន់តែខ្លាំង។ បច្ចុប្បន្ននេះ នៅពេលមានការប្រកួតប្រជែងការងារកាន់តែខ្លាំង បានជំរុញឱ្យមានការជ្រើសរើសអ្នកជំនាញ និងអ្នកឯកទេសត្រឹមត្រូវ ក៏កាន់តែច្រើនឡើងដែរ។ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ តាមរយៈវិស័យ TVET (Technical and Vocational Education and Training) បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឱ្យវិស័យនេះមានការរីកចម្រើន និងស្មើគ្នានឹងប្រទេសដទៃ។ រដ្ឋលេខាធិការក្រសួងការងារ លោក ពេជ សោភ័ន មើលឃើញពីគុណតម្លៃជាច្រើនលើវិស័យនេះ និងជំរុញឱ្យស្ថាប័នពាក់ព័ន្ធនានាបន្តជួយជ្រោមជ្រែងលើវិស័យនេះឱ្យកាន់តែរឹងមាំ។
បច្ចុប្បន្ន កម្ពុជាមានគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈចំនួន ៣៩។ គ្រឹះស្ថានអប់រំនេះដើរតួក្នុងការអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈសាធារណៈដល់យុវជនឱ្យមានចំណេះជំនាញត្រឹមត្រូវ។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍កម្មវិធីបណ្ដុះបណ្ដាលវិញ្ញាបនបត្រវិជ្ជាជីវៈ និងការដាក់ឱ្យដំណើរការប្រព័ន្ធវាយតម្លៃផ្អែកលើសមត្ថភាព និងការផ្តល់គុណវុឌ្ឍ នៅព្រឹកថ្ងៃទី១៧ ឧសភា នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ពេជ សោភ័ន បានអរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី និងដៃគូអភិវឌ្ឍន៍នានា ដែលតែងតែផ្តល់ការគាំទ្រដល់វិស័យ TVET ចាប់តាំងពីឆ្នាំ១៩៩៦ ដោយចាប់ផ្តើមពីគម្រោងជំនាញមូលដ្ឋាន រហូតមកដល់គម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលកំពុងដំណើររហូតដល់បច្ចុប្បន្ន។ គម្រោងថ្មីដែលធនាគារអភិវឌ្ឍន៍អាស៊ីបន្តការគាំទ្រដែរនោះ គឺគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង ដែលទើបនឹងដាក់អនុវត្តន៍នៅថ្ងៃទី១០ ឧសភា ឆ្នាំ២០១៩។
ក្រៅពីអរគុណដល់ដៃគូអភិវឌ្ឍន៍នានាហើយនោះ លោក ពេជ សោភ័ន ក៏សូមឱ្យដៃគូទាំងអស់បន្តគាំទ្រដល់វិស័យ TVET បន្តទៀត ព្រោះថាវិស័យនេះ ត្រូវប្រើប្រាស់ដើមទុនខ្ពស់ ដើម្បីធ្វើការអប់រំបណ្ដុះបណ្ដាលគ្រូបង្រៀនថ្មីនិងចាស់ សម្ភារបច្ចេកទេសឧបករណ៍ថ្មីៗ សាងសង់គ្រឹះស្ថានសិក្សា និងរោងជាងធានាដល់ការបណ្ដុះបណ្ដាលសិក្ខាកាមសិស្សនិស្សិតមានលក្ខណៈសមស្រប ប្រកបដោយគុណភាព ស្ដង់ដាសមត្ថភាព ដើម្បីបំពេញតម្រូវការជំនាញដែលតែងតែផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស។
ជាមួយគ្នានេះដែរ រដ្ឋលេខាធិការក្រសួងអប់រំ បានសម្ដែងនូវការព្រួយបារម្ភលើវិស័យ TVET នេះដែរ ដោយសារសង្គមមិនទាន់យល់ច្បាស់ពីតម្លៃ និងអត្ថប្រយោជន៍នៃវិស័យនេះ។ លោក ពេជ សោភ័ន ថាមនុស្សមួយចំនួនយល់ថាវិស័យនេះ ជាជំនាញសម្រាប់ជនក្រីក្រ និងអ្នកគ្មានការងារ រៀនចប់ទទួលបានការងារប្រាក់ខែទាបជាដើម។ លោក ពេជ សោភ័ន ចង់ឃើញសង្គមផ្លាស់ប្ដូរទស្សនៈនេះ ដើម្បីបង្កើនការចុះឈ្មោះចូលរៀនរបស់សិក្ខាកាម សិស្សនិស្សិតឱ្យបានច្រើន ជាពិសេសស្ដ្រីឱ្យពួកគេចាប់យកជំនាញ TVET ជាជម្រើសដំបូង មិនមែនជាជម្រើសចុងក្រោយ។ ផ្ទុយទៅវិញ ជំនាញវិជ្ជាជីវៈ ដូចជាផ្នែកគ្រឿងអេឡិចត្រូនិក អគ្គិសនី ។ល។ មានទីផ្សារច្រើន និងមានប្រាក់ចំណូលសមរម្យផងដែរ។ នេះជាការលើកឡើងរបស់លោក ពេជ សោភ័ន មុននឹងលោកបន្ថែមថា៖« យើងត្រូវតែបណ្ដុះបណ្តាលកម្លាំងពលកម្មប្រកបដោយជំនាញ និងគុណវុឌ្ឍគ្រប់គ្រាន់ទាំងបរិមាណ និងគុណភាព ដើម្បីបង្កើនភាពប្រកួតប្រជែងនិងភាពឆ្លើយតបតាមតម្រូវការនៃឧស្សាហកម្មបច្ចុប្បន្ន និងទៅអនាគត»៕
© រក្សាសិទ្ធិដោយ thmeythmey.com