ជាតិ
សង្គមជាតិ
លោក ថោង ខុន បង្ហាញបរទេស ពីជោគជ័យរបស់រដ្ឋាភិបាលខ្មែរ ក្នុងការទាក់ទាញទេសចរចិន
× លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ដោយសារភាពរីកចម្រើនខាងសេដ្ឋកិច្ចនៃប្រទេសចិន និងជីវភាពរស់នៅរបស់ប្រជាជនចិន ដូច្នេះ នាពេលបច្ចុប្បន្ន និងអនាគត ប្រទេសចិន គឺជាទីផ្សារផ្គត់ផ្គង់ទេសចរដ៏ធំរបស់ពិភពលោក។ លោក លើកឡើងបែបនេះ ក្នុងសន្និសីទប្រតិបត្តិករទេសចរណ៍អាស៊ី (Asia Travel Operators Conference) នៅទីក្រុងប៉កាំង កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។
នៅចំពោះអ្នកចូលរួមពីបណ្តាប្រទេសនានាប្រមាណ លោក ថោង ខុន បានលើកឡើងពីបទពិសោធរបស់កម្ពុជា ក្នុងការទាក់ទាញទេសចរចិនថា កម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រទីផ្សារទាក់ទាញទេសចរណ៍ចិន (ឆ្នាំ២០១៦-២០២០) និងសៀវភៅស្ដីពី China Ready ដែលផ្ដោតសំខាន់លើការរៀបចំលក្ខណសម្បត្តិ ដើម្បីឆ្លើយតបនឹងសេចក្ដីត្រូវការរបស់ទេសចរចិន។ យុទ្ធសាស្ត្រសំខាន់ៗទាំងនោះ រួមមាន ការរៀបចំបង្កើតផលិតផលថ្មីៗ, ការបណ្ដុះណ្ដាលភាសាចិនដល់បុគ្គលិកបម្រើការ និងមគ្គុទ្ទេសក៍ទេសចរណ៍, ការវាយតម្លៃស្ដង់ដាគុណភាព តាមប្រព័ន្ធវាយតម្លៃគុណភាព (China Accreditation System) និងការផ្សព្វផ្សាយនានា។
លោករដ្ឋមន្ត្រី បានបន្តថា ជាលទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រនេះ ក្នុងឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរចិនជាង ២លាននាក់ ដែលចំនួននេះលើសពីការរំពឹងទុករបស់ក្រសួង។ ហើយក្រសួង សង្ឃឹមថា ក្នុងឆ្នាំ ២០២០ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិ ជាង៧លាននាក់ ក្នុងនោះទេសចរជនជតិចិន អាចកើនដល់៣លាននាក់។
រដ្ឋមន្ត្រីរូបនេះបាននិយាយថា៖«មូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ក៏ត្រូវបានពង្រីកបន្ថែមទៀត ស្របតាមបរិបទនៃគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងវិថី ក៏ដូចជាស្មារតីនៃសហគមន៍វាសនារួមកម្ពុជា-ចិន ផងដែរ»។
គួររម្លឹកថា ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណជាង ១.៨លាននាក់ កើន៩.៧% ដោយក្នុងនោះ ទេសចរជនជាតិចិនមានប្រមាណជាង ៦៨ម៉ឺននាក់ កើនជាង ៣៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។
អង្គការទេសចរពិភពលោក បានព្យាករថា ក្នុងឆ្នាំ២០២០ ពិភពលោករំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ១៨០០លាននាក់ ក្នុងនោះទេសចរជនជាតិនឹងកើនដល់ ២០០ លាននាក់។ និន្នាការនៃកំណើនទេសចរចិននេះ បានធ្វើឲ្យប្រទេសនានាក្នុងសាកលលោកចាប់ផ្ដើមដាក់ចុះគោលនយោបាយទាក់ទាញទេសចរចិន។ ខណៈឆ្នាំ២០១៨ ពិភពលោកទាំងមូលបានទទួលទេសចរអន្តរជាតិ ចំនួន១៤០០លាននាក់ កើន៦ ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com