កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup៖ Man City ចង់​លើក​ពាន​៣​ក្នុង​១​រដូវ​កាល រីឯ Watford ប្រឹង​យក​កៅអី​អឺរ៉ុប​
18, May 2019 , 11:47 am        
រូបភាព
Manchester City ម្ចាស់​ជើងឯក Premier League នឹងត្រូវ​តតាំង​ជាមួយ Watford ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ឆ្នាំ​២០១៩ នៅ​យប់​ថ្ងៃទី​១៨ ខែឧសភា នា​កីឡដ្ឋាន Wembley វេលា​ម៉ោង ១១:០០​នាទី [​ម៉ោង​នៅ​កម្ពុជា​]​។​



​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ Pep Guardiola មានបំណង​គ្រប់គ្រង​ពាន​នេះ​ជា​លើក​ទី​៦ បន្ទាប់ពី​ឈ្នះ​៥​លើក​រួចហើយ​ក្នុង​ឆ្នាំ ១៩០៤, ១៩៣៤, ១៩៥៦, ១៩៦៩ និង ២០១១​។ ប្រសិនបើ​ពួក​ពិតជា​លើក​ពាន FA Cup នេះ​មែន Man City នឹង​ក្លាយជា​ក្លិប​ទី​១​នៅ​អង់គ្លេស ដែល​អាច​ឈ្នះ​ពាន​៣​ក្នុងស្រុក​នៅ​រដូវ​កាល​តែមួយ​ផងដែរ​។

​រដូវ​កាល ២០១៨-១៩​នេះ ក្រុម​មេឃ​ខៀវ​ឈ្នះ​ពាន​ពីរ​រួចហើយ ពោលគឺ EFL Cup និង Premier League​។ សម្រាប់ Man City នេះ​ការ​បង្ហាញខ្លួន​លើក​ទី​១១​ហើយ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup បន្ទាប់ពី​ចាញ់ Wigan ១-០ នា​ជំនួប​ចុងក្រោយ​ក្នុង​ឆ្នាំ​២០១៣​។​

​ដោយឡែក Watford នេះ​ជាការ​ឈានដល់​វគ្គ​ព្រ័ត្រ​លើក​ទី​២ បន្ទាប់ពី​បង្ហាញខ្លួន​ចុង​ក​ក្រោយ​ក្នុង​ឆ្នាំ ១៩៨៤ ដោយ​ចាញ់ Everton ២-០ នៅ Wembley ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​លោក Graham Taylor​។​

៣៥​ឆ្នាំក្រោយ​លោក Javi Gracia បាន​នាំ Watford ឡើងដល់​វគ្គ​ផ្តាច់ FA Cup ជាថ្មី​ម្តងទៀត​ដោយ​រំពឹងថា​អាច​គ្រង​ពាន​នេះ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​។ ប្រសិនបើ​ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង Watford អាច​លើក​ពាន​នេះ​មែន​នោះ ពួកគេ​នឹង​ទទួលបាន​កៅអី​ទៅកាន់​លេង Europa League ជា​លើក​ទី​២ ចាប់តាំងពីរ​បង្ហាញខ្លួន​ដំបូង​ក្នុង​ក្របខណ្ឌ​ទី​២​អឺរ៉ុប​នេះ (​កាល​នៅមាន​ឈ្មោះ UEFA Cup) ក្នុង​រដូវ​កាល ១៩៨៣-៨៤​។​

​សម្រាប់​ការប្រកួត​នេះ អ្នកគាំទ្រ Wolverhampton និង Manchester United នឹង​ឈរ​ទៅខាង Manchester City​។ ប្រសិនបើ​ក្រុម​មេឃ​ខៀវ​ឈ្នះ​ពាន ក្រុម​ចចក Wolves ក្នុងនាម​ជា​ក្រុម​លេខ​៧ Premier League នឹង​ទទួលបាន​កៅអី​អឺរ៉ុប (Europa League) ជា​លើកដំបូង  បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៨០​មក​។​

​ក្នុងករណី Watford ឈ្នះ​ពាន​ដោយ​ខ្លួនឯង ពួកគេ​ត្រូវ​លេខ​នៅ​វគ្គ​ជម្រុះ Europa League ដែល​រុញច្រាន Manchester United ដែលជា​ក្រុម​លេខ​៦ Premier League ទៅលេង​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ​វិញ​។ ករណីនេះ នឹង​ផ្តល់​ផលវិបាក​សម្រាប់​បិសាច​ក្រហម ដោយសារ​ការប្រកួត​ស្ថិតនៅ​កៀក​កាលវិភាគ​នៃ​ការចាប់ផ្តើម Premier League នា​រដូវ​កាល​ថ្មី​។ ជាទូទៅ Man Utd និង​ក្រុម​ធំៗ​នៅ​អឺរ៉ុប តែងតែមាន​កម្មវិធី​ប្រកួត​មិត្តភាព​ដ៏​មមាញឹក​នៅក្រៅ​ប្រទេស មុន​រដូវ​កាល​ថ្មី​ចាប់ផ្តើម​។​

Liverpool ក៏ចង់ឲ្យ Man City លើកពាន​ផងដែរ ពីព្រោះពួក​គេនឹងមាន​ឱកាស​ប្រជែងពាន​ Community Shield មុនពេលបើករដូវកាលក្រោយ។ ជាធម្មតា ក្រុមលេខ១ Premier League និងម្ចាស់ពាន FA Cup ត្រូវប្រជែងគ្នា តែក្នុងករណី Man City ឈ្នះពានទាំងពីរ មានន័យថា ហង្សក្រហម ដែលបាន​លេខ២ Premier League ត្រូវប្រជែងជាមួយ​ Man City វិញ។

Man City មាន​កៅអី​រួចទៅហើយ​ក្នុង Champions League ប៉ុន្តែ​ក្រុម​ជើងឯក Premier League នេះ កំពុង​ប្រឈម​បញ្ហា ដោយ​គណៈកម្មការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឯករាជ្យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) កំពុង​ស៊ើបអង្កេត​លើ​ករណី​បំពាន​ច្បាប់​កំណត់​ហិរញ្ញវត្ថុ​លើ​ការចំណាយ Financial Fair Play (FFP)​។ សំណុំ​រឿងនេះ​ក៏​ដល់​ដំណាក់កាល​ចុងក្រោយ​ហើយ ស្របពេល​ក្រុម​ស៊ើបអង្កេត CFCB IC ចង់​ឲ្យ​មានការ​ដាក់ពិន័យ Man City ដោយ​មិន​ឲ្យ​ម្ចាស់​ជើងឯក Premier League នេះ​ចូលរួម​លេង​ក្នុង​ក្របខណ្ឌ Champions League មួយ​រដូវ​កាល​៕

អត្ថបទទាក់ទង




Tag:
 បាល់ទាត់​
  FA Cup
  FA Cup
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com